ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានចូលរួមរៀបចំទិវាមច្ឆជាតិ ០១កក្កដា លើកទី១៦ នៅកសិណប្រាសាទអង្គរវត្ត
នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីរួមមានឯកឧត្តម លោកជំទាវតំណាងស្ថាប័ននីតិប្បញ្ញតិ្ត ឯកឧត្តមទេសរដ្ឋ មន្រ្តី ឯកឧត្តម លោក ជំទាវរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោក ជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អាជ្ញាធរខេត្ត មន្រ្តីរាជការ សហភាពសហព័ន្ធយុវជន យុវជនកាកបាតក្រហម យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស និងបង ប្អូនប្រជាពលរដ្ឋសរុបប្រមាណជាង ៥០០០នាក់ យ៉ាងច្រើនកុះករ ញាំងឲ្យពិធីនេះមានភាពអធិកអធមក្រៃលែង។
គោលបំណងដ៏សំខាន់នៃទិវានេះគឺ
១.បំផុសនិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈ សំខាន់នៃធនធានជលផល ចូលរួមថែរក្សាអភិរក្សពូជត្រីសំខាន់ៗដែលជិតផុតពូជ និងជីវៈចំរុះគ្រប់ប្រភេទឲ្យបានគង់វង្ស
២.បង្កើនធនធានជលផលនៅតាមបឹង ស្ទឹង ទន្លេ ព្រែក ស្រះ សហគមន៍ត្រពាំងដើម្បីធានានិរន្តរភាពនៃការនេសាទបែបធម្មជាតិ ការនេសាទជាលក្ខណៈគ្រួសារសម្រាប់ផ្គត់ផ្គង់ជីវភាព ធានាសន្តិសុខស្បៀង និងបង្កើនកម្រិតជីវភាពប្រជា នេសាទឲ្យកាន់តែប្រសើរឡើង។
ក្នុងទិវាមច្ឆជាតិនាឆ្នាំនេះ ត្រីមេពូជចំរុះចំនួនជាង ១លានក្បាល ក្នុងនោះមានត្រីឆ្ពិន ត្រីព្រលូន ត្រីកាហែ ត្រីប្រា ត្រីកន្ធរ ត្រីគល់រាំង អណ្តើក និងកន្ធាយ។ល។ ត្រូវបានលែងឲ្យលូតលាស់ធំធាត់ និងបន្តពូជក្នុងកសិណប្រាសាទអង្គរវត្ត នាពេលនេះ។