ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាគណៈអធិបតី និងសម្ភោធដាក់ឲ្យប្រើប្រាស់នូវសាលាឆទានមួយខ្នងមានទំហំ៨គុណ១២ម៉ែត្រ ដែលសាងសង់អំពីថ្ម ប្រក់ក្បឿង ស្ថិតនៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំការិយាល័យ ខណ្ឌ និងមន្ត្រីរាជការនៃមន្ទីរ គួរឲ្យបញ្ជាក់ផងដែរ ថា សាលាឆទានមួយខ្នងនេះ ប្រជាជនក្នុងភូមិ បានសាមគ្គីគ្នាកសាងបានប្រហែលជាង៤០% ប៉ុន្តែក៏ត្រូវបានបញ្ឈប់ដោយមិនមានថវិកាគ្រប់គ្រាន់ក្នុងការកសាងបន្ត។
ដោយឃើញថាសាលាឆទាននេះ ជាតម្រូវការចាំបាច់របស់ប្រជាជន សម្រាប់ជាទីជួបជុំគ្នាដើម្បីប្រារព្វពីធីសាសនា និងជួបជុំគ្នាផ្សេងៗ ដូចនេះហើយ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានមូលមតិគ្នាក្នុងជួយជាថវិកា ដើម្បីអោយមានការសាងសង់បន្តរហូតដល់សាលាឆទានមួយខ្នងនេះ សម្រេចបានជាស្ថាពរ។ ក្នុងឱកាសថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់នូវសាលាឆទាននេះដែរ ប្រជាពលរដ្ឋដែររស់នៅក្នុងតំបន់នោះ មានសេចក្តីរីករាយ និងសប្បាយចិត្តយ៉ាងខ្លាំង ចំពោះសមិទ្ធផលមួយនេះ ហើយសន្យាថានឹងធ្វើការថែទាំអោយបានល្អ។
ជាចុងបញ្ចប់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានមតិសំណេះសំណាលផ្តាំផ្ញើ និងចែកអំណោយ(សារ៉ុង)ដល់អ្នកចូលរួម និងរៀបចំប្រគេនចង្ហាន់ ដល់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម