ថ្ងៃពុធ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១៨លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ និងសហការី ព្រមទាំងមានការចូលរួមពីអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ សហគមន៏ចំនួន ៤៨នាក់ បានចុះពិនិត្យស្ថានភាពស្រូវដែលទទួលរងការលិចលង់ដោយសារជំនន់ទឹកបឹងទន្លេសាប មានចំនួន ០២ស្រុក គឺស្រុកពួកដែលមានផ្ទៃដីប៉ះពាល់ប្រមាណ ២.៣៩៤ហិកតា របស់កសិករចំនួន១.២២២គ្រួសារ និងផ្ទៃដីស្រូវខូចខាតទាំងស្រុងចំនួន ៩៥៦ហិកតា របស់កសិករចំនួន ៦៣៥គ្រួសារ ចំណែកស្រុកក្រឡាញ់មានផ្ទៃដីប៉ះពាល់ប្រមាណ ៩៨២ហិកតា របស់កសិករ ៧៩៣គ្រួសារ និងផ្ទៃដីស្រូវខូចខាតទាំងស្រុង ៥១៣ហិកតា របស់កសិករ ២៤៥គ្រួសារ។ សរុបទាំង ០២ស្រុក ផ្ទៃដីប៉ះពាល់មានប្រមាណ ៣.៣៧៦ហិកតា របស់កសិករ ២.០១៥គ្រួសារ និងផ្ទៃដីស្រូវខូចខាតទាំងស្រុង ១.៤៦៩ហិកតា របស់កសិករ ៨៨០គ្រួសារ។ ក្នុងនោះដែរ ក្រុមបច្ចេកទេសចុះពិនិត្យគ្រោះធម្មជាតិ បានសន្និដ្ឋានថា ប្រសិនជាស្ថានភាពទឹកបឹងទន្លេសាបនៅតែបន្តឡើងទៀត នឹងអាចធ្វើអោយស្រូវរបស់កសិករមានការខូចខាតកាន់តែច្រើនជាងនេះ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់តុល្យភាពស្បៀងប្រចាំឆ្នាំ និងនាំឲ្យប្រជាកសិករ ខាតបង់ថវិកា និងប្រាក់ចំណូលក្នុងគ្រួសារ។ សូមបញ្ជាក់ផងដែរថា ក្នុងខេត្តសៀមរាប មានក្រុង-ស្រុកចំនួន០៦ ដែលត្រូវបានកំពុងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់បឹងទន្លេសាប ហេតុនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ត្រៀមស្រូវពូជមួយចំនួន ដើម្បីចែកជូនប្រជាកសិករក្នុងការធ្វើស្ដារឡើងវិញនៅពេលទឹកស្រក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម