នៅថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិ ស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំមន្រ្តីជំនាញ ចុះសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងប្រជាកសិករ ដែលមានផ្ទៃដីស្រូវប្រាំង ទទួលរងនូវការបំផ្លាញពីសត្វមមាចត្នោត នៅក្នុងឃុំ ស្ពានត្នោត និងឃុំអន្លង់សំណរ ស្រុកជីក្រែង និងតំណាងក្រុមហ៊ុនលក់ជី ថ្នាំកសិកម្ម ចំនួន៤ក្រុមហ៊ុន ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ អន្តរាគមន៍ និងកំចាត់មមាចត្នោត ហើយទទួលបានលទ្ធផលដូចជា បានណែនាំ ផ្សព្វផ្សាយអំពីវិធានការកំចាត់មមាចត្នោត ដោយប្រើប្រាស់ថ្នាំបាញ់តាមបច្ចេកទេស មានកសិករចូលរួមចំនួន១១នាក់ មេឃុំ១នាក់ ដេប៉ូ លក់ថ្នាំថ្នាំជីកសិកម្មចំនួន២នាក់ ក្រុមហ៊ុនចំនួន៤នាក់ មន្រ្តីបច្ចេកទេស ៨នាក់ ។ ក្រុមហ៊ុនលក់ជីថ្នាំកសិកម្មទាំង៤ បានឧបត្ថម្ភថ្នាំកំចាត់មមាចត្នោត ចំនួន១០មុខ (១) ក្រុមហ៊ុនកសិករខ្មែរអង្គរ ផ្តល់នូវថ្នាំ UT Crop Protection មាន Tito ១កេស ដង្កូវពាន់មុខ ១កេស ជំនួយជានិច្ច ១កេស អាចប្រើប្រាស់បានចំនួន២០ហិកតា (២) ក្រុមហ៊ុនថ្នាំកសិកម្ម រូបទន្សាយ បានផ្តល់ថ្នាំ កំចាត់មមាចត្នោត ៧០កញ្ចប់ ជីបំប៉ន K03 ១០ដប អាចប្រើប្រាស់បានចំនួន១០ ហិកតា (៣) ក្រុមហ៊ុនថ្នាំរ៉េនបូ បានផ្តល់ថ្នាំមមាច ១កេស ស្មើនឹង២០កញ្ចប់ អាចប្រើប្រើប្រាស់បានចំនួន២០ ហិកតា និង (៤) ក្រុមហ៊ុន CSC បានផ្តល់ថ្នាំ N Flower ៣ដប ងាចប្រើប្រាស់បានចំនួន១០ហិកតា សរុបបរិមាណថ្នាំ ដែលក្រុមហ៊ុនបានឧបត្ថម្ភ ដល់កសិករយកទៅប្រើប្រាស់តាមលក្ខណៈបច្ចេកទេសលើផ្ទៃដីចំនួន៦០ហិកតា។ ក្រោយពីអ្នកបច្ចេកទេសបានធ្វើការណែនាំ ផ្សព្វផ្សាយ អន្តរាគមន៍ និងវិធានកំចាត់មមាចត្នោតរួចមក កសិករបានចុះអនុវត្តជាក់ស្តែងបាញ់ថ្នាំកំចាត់មមាចត្នោត បាននៅលើផ្ទៃដីចំនួន៥ហិកតា បូកយោងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ សរុបបានចំនួន៨ហិកតា ហើយកសិករបានបន្តអនុវត្តបាញ់លើផ្ទៃដីស្រែរបស់គាត់បានពី ៣០ ទៅ៤០ហិកតា លើផ្ទៃដីដំណាំស្រូវប្រាំង ដែលមានការបំផ្លាញពីមមាចត្នោតចំនួន៦៥ហិកតា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមក។ ក្រោយពីការអនុវត្តសកម្មភាពផ្សព្វផ្សាយ ណែនាំពីវិធានកំចាត់រយៈពេល២ទៅ៣ថ្ងៃនេះ ឃើញថា វត្តមានមមាចត្នោតមានសភាពស្ងប់ស្ងាត់ ពុំមានវត្តមានបំផ្លាញរាលដាលបន្តទៅទៀតនោះទេ ដូច្នេះវត្តមានមមាចត្នោតវានឹងអាចបាត់ទៅវិញក្នុងមួយសប្តាហ៍ខាងមុនេះ។ ទិសដៅបន្តមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តបញ្ចូនមន្រ្តីជំនាញ ដោយមានកិច្ចសហការល្អជា មួយអាជ្ញាធរមូលដ្ឋានភូមិ.ឃុំ ស្រុក បងប្អូនប្រជាកសិករ ក្រុមហ៊ុនជី.ថ្នាំកសិកម្ម ធ្វើការផ្សព្វផ្សាយ និងអន្តរាគមន៍កំចាត់សត្វមមាចត្នោត និងតាមដានជាប្រចាំ។