កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២
ចេញ​ផ្សាយ ២១ កុម្ភៈ ២០១៩
618

នៅព្រឹកថ្ងៃទី ២រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២១ ខែ កុម្ភះ ឆ្នាំ២០១៩ លោក ទា គឹមសុទ្ធ ប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប អមដំណើរជាមួយមន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ នៅសាលាខេត្តសៀមរាប ដើមី្បធ្វើការត្រួតពិនិត្យ ទៅលើបញ្ហាដែលនៅ​សេសសល់រាល់ការឆ្លើយតប និងដោះស្រាយនូវរាល់សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកាសាធារណៈ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៨ ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរង​ នៃគណៈអភិបាលខេត្តសៀមរាប និងជាអនុប្រធាន គសប ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល និងជាប្រធាន គសប ខេត្ត។

          បន្ទាប់ពីលោក ង៉ាន់ ភិរុណ ប្រកាសបើកកិច្ចប្រជុំ និងការពិនិត្យកូរ៉ុម ព្រមទាំងពិនិត្យ អនុម័តលើរបៀបវារៈ រួចមក ក្នុងនោះអង្គប្រជុំទាំងមូល ក៏បានធ្វើការត្រួតពិនិត្យ ការធ្វើបច្ចុប្បន្នភាព និង ធ្វើការពិនិត្យ ពិភាក្សាដោះស្រាយលើបញ្ហាបណ្តាស្រុកមួយចំនួន យឺតយ៉ាវក្នុងការធ្វើអាណត្តិបើកប្រាក់បៀវត្សមករតនាគារ និងការផ្តល់យោបល់លើការកសាងផែនការធនធានមនុស្សសម្រាប់ឆ្នាំ២០២០ និងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលកំពុងបម្រើការងារនៅតាមការិយាល័យ​រដ្ឋបាលក្រុង-ស្រុក ។ ក្នុងនោះដែរ ក៏មានការអនុម័ត លើលទ្ធផលនៃការអនុវត្តការងាររបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាខេត្ត និងវិធានការណ៍ទប់ស្កាត់ និងគ្រប់គ្រងការអភិវឌ្ឍន៍ដីក្នុងខេត្តសៀមរាប ព្រមទាំងការធ្វើបច្ចុប្បន្នភាព ការដោះស្រាយលើ សំណួរ និងសំណូមពរ ដែលបានលើកនៅក្នុងវេទិកាសាធារណៈ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៧ និង២០១៨។ ក្នុងនោះឆ្នាំ២០១៧ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស បានដោះស្រាយសំណួរ ​និងសំណូមពរ ដែលបានលើកឡើងក្នុងអង្គវេទិកាបានចំនួន១៣៥ លើចំនួនសរុប២០៤ នៅសល់ចំនួន៦៩សំណួរ អង្គប្រជុំនឹងបន្ត តាមដានការដោះស្រាយនៅឆ្នាំ២០១៩បន្ត ។

          កិច្ចប្រជុំបានពិនិត្យ និងការធ្វើបច្ចុប្បន្នភាពនៃការដោះស្រាយនូវរាល់សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន ហើយសាមីមន្ទីរ ដែលមានការពាក់ព័ន្ធក៏បានធ្វើការបញ្ជាក់ទៅលើគម្រោងរបស់ខ្លួន សំខាន់លើការបើកផ្តល់ប្រាក់បៀវត្ស ការកសាងផែនការធនធានមនុស្ស និងការគ្រប់គ្រងមន្ត្រីរាជការ ការដាក់វិធានការទប់ស្កាត់ និងគ្រប់គ្រងការអភិវឌ្ឍដីក្នុងខេត្តសៀមរាប ។ ឯកឧត្តម​ ង៉ាន់​ភិរុណ​ អភិបាលរងខេត្ត​ ​ក៏បានបន្តទៀតថា រាល់កិច្ចការ ដែលមន្ទីរធ្វើបាន ឬមិនធ្វើបាន ត្រូវធ្វើសេចក្តីរាយការណ៍ជូនមករដ្ឋបាលខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាព និងឲ្យមន្ទីរពាក់ព័ន្ធទាំងនោះ ត្រូវស្វែងរកនូវវិធានការ ក្នុងការសម្របសម្រួល និងដោះស្រាយរបស់ខ្លួនឲ្យអស់លទ្ធភាព ហើយក៏បានដាក់នូវវិធានការមួយចំនួន ឲ្យអាជ្ញាធរក្រុង-ស្រុក ឲ្យមានកិច្ចសហការគ្នាជាមួយឃុំ/សង្កាត់ ធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋ នូវរាល់បញ្ហាដែលបងប្អូនបានលើកឡើងកន្លងមក ត្រូវបានមន្ទីរ ស្ថាប័នពាក់ព័ន្ធ បានធ្វើការដោះស្រាយបានជាបណ្តើរៗ និងបានដាក់នូវវិធានការក្តៅ ចំពោះបញ្ហាមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ និងត្រូវធ្វើការកែប្រែនូវឥរិយាបទរបស់ខ្លួនជាបន្ទាន់ ដើមី្បឲ្យបានជាមន្ត្រីបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រឡើយ៕

ចំនួនអ្នកចូលទស្សនា
Flag Counter