ផ្សព្វផ្សាយសារាចរលេខ ១១៩ សរណន កសក របស់ក្រសួកកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺប៉េស្តជ្រូកអាហ្វ្រិក
ចេញ​ផ្សាយ ០១ មីនា ២០១៩
577

នារសៀលថ្ងៃព្រហស្បតិ៍៩រោច ខែមាឃឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៨ កុម្ភៈ ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រជុំផ្សព្វផ្សាយសារាចរលេខ ១១៩ សរណន កសក របស់ក្រសួកកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺប៉េស្តជ្រូកអាហ្វ្រិក និងផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងរបស់សត្តឃាតដ្ឋាន ក្រោមអធិបតីភាព លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ ក្រោមការចូលរួមលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រី មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាល និងកសិកម្មក្រុង ស្រុក ព្រមទាំងអាជីវករ ពិឃាតសត្វ ខេត្ត ក្រុង ស្រុក អ្នកសារព័ត៍មាន សរុបចំនួន ៥៨នាក់ នៅសាលប្រេជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត។ ក្នុងនោះដែរ មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប អះអាងថា សាច់ជ្រូកដែលនាំចេញពីសត្តឃាតដ្ឋានក្នុងខេត្តសៀមរាបយកទៅដាក់លក់នៅលើទីផ្សារ គឺមានសុវត្ថិភាពទាំងអស់ ហើយ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីមានការផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅប្រទេសវៀតណាម នាប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជា បានសម្តែងការព្រួយបារម្ភក្នុងការបរិភោគសាច់ជ្រូក ដោយអ្នកខ្លះមិនហ៊ានទទួលទានសាច់ជ្រូកផងដែរ។ ប៉ុន្តែសាច់ជ្រូក ដែលនាំចេញពីសត្តឃាតដ្ឋានយកទៅដាក់លក់នៅលើទីផ្សារក្នុងខេត្តសៀមរាប គឺគ្មានមេរោគឆ្លងទេ។ ដូច្នេះប្រជាពលរដ្ឋ អាចបរិភោគបានដោយមានសុវត្ថិភាព ។ លោក ព្រំ វិច បានបញ្ជាក់ទៀតថា រាល់សត្វជ្រូកទាំងអស់ ដែលដឹកចូលសត្តឃាតដ្ឋានមុននឹងពិឃាតយកសាច់ជ្រូកទាំងអស់ ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីមន្រ្តីជំនាញ ដូចជា មុនពិឃាតពេលល្ងាចមន្រ្តីជំនាញត្រួតពិនិត្យទៅលើសុខភាពជ្រូក បើឃើញថា សត្វនោះមានសុខភាពល្អ ទើបអនុញ្ញាតឱ្យពិឃាត បន្ទាប់ពីពិឃាតបានសាច់ហើយ មន្រ្តីជំនាញយកសាច់ជ្រូកនោះ ពិនិត្យមើលមេរោគសិន បើឃើញថា គ្មានមេរោគទេ ទើបបោះត្រានៅលើសាច់ជ្រូកនោះអាចឱ្យនាំទៅលក់នៅលើទីផ្សារបាន ហើយចំពោះការផ្សាយរបស់បណ្តាញទំនាក់ទំនងសង្គមថា នៅខេត្តសៀមរាបមានផ្ទុះជំងឺជ្រូកត្រចៀកខៀវនោះ លោកសូមបដិសេធថា បច្ចុប្បន្ននេះ គ្មានជំងឺនេះកើតឡើងនៅក្នុងខេត្តសៀមរាបឡើយ ប៉ុន្តែចំពោះសាច់ជ្រូកដែលប្រជាពលរដ្ឋចិញ្ចឹមលក្ខណៈគ្រួសារ ហើយពិឃាតយកសាច់ហូបនោះ លោកមិនហ៊ានធានាទេ ព្រោះសត្វនោះមិនបានត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសារតែខេត្តសៀមរាបជាតំបន់ទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា បច្ចុប្បន្ននេះ មន្រ្តីជំនាញបានយកចិត្តទុកដាក់ខ្ពស់ក្នុងត្រួតពិនិត្យគុណភាពសាច់ ដែលដាក់លក់នៅលើទីផ្សារ ព្រោះថា បើមានបញ្ហាណាមួយកើតឡើង វានឹងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកខេត្តសៀមរាបនេះតែម្តង ហើយបើទោះបីជាបច្ចុប្បន្ននេះ នៅក្នុងខេត្តសៀមរាប ឬក្នុងប្រទេសកម្ពុជា មិនមានការឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិកក្តី ប៉ុន្តែមន្រ្តីជំនាញមិនបាននៅស្ងៀមទេ គឺបានតាមដាន ស្រាវជ្រាវយ៉ាងហ្មងចត់ និងជាប្រចាំទៅលើសុខភាពសត្វជ្រូកនៅទូទាំងខេត្ត និងបានណែនាំឱ្យអ្នកចិញ្ចឹមជ្រូក កន្លែងប្រមូលផ្តុំជ្រូក និងទីផ្សារជ្រូក ឱ្យធ្វើអនាម័យឱ្យបានជាប្រចាំ ។ ក្នុងឱកាសនោះ លោក ទា គឹមសុទ្ធ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ឬអ្នកសារព័ត៌មានប្រសិនបើទទួលបានដំណឹងសង្ស័យថា មានសត្វជ្រូក ឬសត្វផ្សេងៗទៀត មានការឆ្លងជំងឺសូមរាយការណ៍មកមន្ទីរ ដើម្បីមន្រ្តីជំនាញរបស់យើងមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា នៅក្នុងមួយថ្ងៃ នៅក្នុងខេត្តសៀមរាបត្រូវការសាច់ជ្រូកប្រមាណជាង១៣តោន សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ហើយសត្វជ្រូកភាគច្រើន គឺជាជ្រូកក្នុងស្រុក និងមានការនាំចូលពីប្រទេសថៃតិចតួច ប៉ុន្តែគ្មានការនាំចូលពីប្រទេសវៀតណាមឡើយ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប
#បសុពេទ្យ

ចំនួនអ្នកចូលទស្សនា
Flag Counter