ពង្រឹងការយាមល្បាត និងប្រចាំការ​កន្លែង​អភិរក្ស​ជលផល
ចេញ​ផ្សាយ ០៥ មីនា ២០១៩
652

រាជរដ្ឋាភិបាល បានលុបឡូត៍នេសាទលេខ៤​ ដែលមានទំហំសរុប២.៣២៥ហ.ត មានទីតាំងស្ថិតនៅក្នុង ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយយោងតាមអនុក្រឹត្យលេខ ៣៧អនក្រ.បក ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ ស្តីពីការលុបឡូត៍នេសាទជុំវិញបឹងទន្លេសាប សម្រាប់ទុកឲ្យប្រជាពលរដ្ឋធ្វើ​នេសាទ ​ជាលក្ខណៈគ្រួសារ និងជាកន្លែងអភិរក្សជលផល។ ចាប់ពីថ្ងៃទី២៦កុម្ភៈ ដល់ថ្ងៃទី០៤ ខែមីនា មន្ត្រីផ្នែករដ្ឋបាលជលផលចុងឃ្នៀស និងសង្កាត់រដ្ឋបាល​ជលផល​ភ្នំក្រោម បានសហការជាមួយប្រជានេសាទ សរុបចំនួន១៦នាក់ ដើម្បីសាងសង់​រោង​​យាម ដែលមានទំហំ ទទឹង៥ម ​​បណ្តោយ៩ម និងកំពងស់២,៥ម សង់ពីឈើ ប្រក់ស្លឹក ដើម្បីផ្តល់ភាពងាយស្រួលដល់កម្លាំងយាមល្បាតប្រចាំការ នៅកន្លែងអភិរក្សជលផលអតីតឡូត៍នេសាទ ចំនួន៤កន្លែង រួមមាន កន្លែងអភិរក្សជលផលអតីត​ឡូត៍​នេសាទលេខ៤ (ទំហំ៩៨៦ហ.ត) កន្លែងអភិរក្សជលផល តាម៉ោកនៃអតីតឡូត៍នេសាទលេខ៦ (ទំហំ៨៧ហ.ត) កន្លែង​អភិរក្សជលផលផ្ទោលស្រោង នៃអតីតឡូត៍ នេសាទលេខ៧ (ទំហំ៩៦២ហ.ត) និងកន្លែងអភិរក្សជលផលដែនបំរុងរដ្ឋ (ទំហំ៦.៤០០ហ.ត)។ ពិសេសទៅទៀត បន្ទាប់ពីសាងសង់រោងយាមរួចហើយ កម្លាំងផ្នែក និងសង្កាត់រដ្ឋបាលជលផល បានបោះបង្គោលឈើ និងចង​ទង់​ព័ណ៌ក្រហម ជាសញ្ញាសម្គាល់តាមព្រំប្រទល់កន្លែងអភិរក្សជលផល ដើម្បីឲ្យប្រជានេសាទស្គាល់ព្រំប្រទល់ច្បាស់លាស់ និងចរាចរណ៍​កាណូត​តាមផ្លូវទឹកកុំឲ្យបើកបរឆ្លងកាត់កន្លែងអភិរក្សនៅរដូវប្រាំង។ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ រោងយាមល្បាតនេះ ត្រូវបានជូនដល់​ក្រុមល្បាត​ចំនួន​៤នាក់ សម្រាប់​​ស្នាក់​​នៅ ​​និងប្រចាំការយាមល្បាត​កន្លែង​អភិរក្ស​ជលផល ក្នុងគោលបំណង គឺដើម្បីពង្រឹងការងារ​អភិរក្សត្រី​មេពូជ​​នៅក្នុងដែននេសាទ ដើម្បីឲ្យមានការបន្តពូជ និងសាយភាយពូជត្រីនៅក្នុងបឹងធម្មជាតិ និងជួយលើកស្ទួយជីវភាព​រស់​​នៅរបស់​ប្រជាពលរដ្ឋ​តាម​រយៈការនេសាទជាលក្ខណៈគ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter