សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មជូនអង្គការមិនមែនរដ្ឋាភិបាល (NGO)
ចេញ​ផ្សាយ ០៦ មីនា ២០១៩
431

           លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មជូនអង្គការមិនមែនរដ្ឋាភិបាល (NGO) ក្នុងក្របខ័ណ្ឌវិស័យកសិកម្មចំនួនជាង៤០ ក្នុងនោះ ២៣ ជាអង្គការ NGO ក្នុងស្រុក និង ១៧ ទៀត ជាអង្គការ NGO ក្រៅប្រទេស។ វិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងតំណាងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលកំពុងបំពេញភារកិច្ចនៅទូទាំងផ្ទៃប្រទេសពាក់ព័ន្ធនឹងវិស័យនេះ។

          សិក្ខាសាលានេះមានគោលបំណងធំៗ ចំនួន៣ គឺទី១. លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការ NGO ដែលកំពុងបំពេញភារកិច្ចពាក់ព័ន្ធនឹងវិស័យកសិកម្ម ទី២. បង្កើតឱកាសឲ្យភាគីទាំងពីរបានជួបប្រាស្រ័យទាក់ទង សន្ទនាគ្នា បង្កើនភាតរភាពស្និទ្ធស្នាល សាមគ្គី គោរព និងយោគយល់គ្នាល្អប្រសើរ រួចរួមគ្នាបន្តបម្រើនិងការពារនូវឧត្តមប្រយោជន៍ជាតិ សង្គម និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ទី៣. រួមគ្នាកំណត់នូវបញ្ហាប្រឈមនានា ពិនិត្យមើលឡើងវិញអំពីចំណុចខ្លាំង ចំណុចខ្សោយ ឧបសគ្គ រួចលើកទិសដៅសម្រាប់ជាចក្ខុវិស័យអនុវត្តបន្តឲ្យកាន់តែមានសកម្មភាពទ្វេឡើង ទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន ផែនការ និងកម្មវិធីអភិវឌ្ឍន៍ជាតិ ពិសេសផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

          ក្នុងអង្គសិក្ខាសាលានោះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងជាមួយអង្គការ NGO ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មរក្សាកំណើនសេដ្ឋកិច្ច កំណើនចំណូលគ្រួសារ ធានាបាននូវសន្តិសុខស្បៀង បង្កើនសមត្ថភាពប្រកួតប្រជែងទីផ្សារ ទទួលយកបច្ចេកវិទ្យាទំនើបមកអនុវត្ត ការប្រែប្រួលអាកាសធាតុ ដើរឲ្យទាន់បរិបទសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងសាកលភាវូបនីយកម្ម ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់នូវគំនិតថ្មីៗ បន្ថែមទៀតជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការ NGO ពាក់ព័ន្ធទាំងអស់សម្រាប់ជាមូលដ្ឋានយកទៅអនុវត្តបន្ត ដែលមានខ្លឹមសារដូចតទៅ៖ ទី១. គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តខិតខំបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីសម្រេចនូវគោលដៅនៃការកែទម្រង់វិស័យកសិកម្ម ពិសេសការធ្វើទំនើបកម្មកសិកម្ម។ ទី២. អង្គការ NGO គួរយកចិត្តទុកដាក់ជួយពង្រឹងសមត្ថភាពសហគមន៍កសិកម្មឲ្យមានលក្ខណៈជាកសិធុរកិច្ច និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឲ្យមានប្រសិទ្ធភាពខ្ពស់។ ទី៣. ត្រូវខិតខំរួមគ្នាដើម្បីជំរុញការធ្វើពិពិធកម្មកសិកម្ម បង្កើនតម្លៃបន្ថែមខ្ពស់ និងមានសក្តានុពលលើផលិតកម្មដំណាំ ការចឹញ្ចឹមសត្វ និងវារីវប្បកម្ម។ ជាមួយគ្នានេះ អង្គការ NGO ត្រូវខិតខំបន្តការបណ្តុះបណ្តាលនិងផ្សព្វផ្សាយបចេ្ចកវិទ្យាដំណាំកសិកម្ម។ ទី៤. ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ប្រកបដោយតម្លាភាព គណនេយ្យភាព សុច្ចរិតភាព និងការទទួលខុសត្រូវខ្ពស់ចំពោះមុខច្បាប់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនប្រសិទ្ធភាពការងារ យោគយល់ សាមគ្គីភាពឲ្យបានល្អប្រសើរ ប្រកបដោយភាពសុខដុម។ ទី៥. សូមឲ្យអង្គការ NGO បន្តសហការអនុវត្តខ្លឹមសារអនុស្សរណៈយោគយល់គ្នាឲ្យបានខ្ជាប់ខ្ជួន ពេលលេញ និងមានប្រសិទ្ធភាព និងសូមជៀសវាងជាដាច់ខាតនូវសកម្មភាពទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធការធ្វើនយោបាយ ការគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្មជាដើម។

          សូមបញ្ជាក់ជូនថាតាមរបៀបវារៈសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញដែលមានប្រធានបទជាច្រើនទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្មដោយមន្រ្តីជំនាញ និងតំណាងអង្គការ NGO និងកិច្ចពិភាក្សា សំណួរ ចំលើយយ៉ាងផុលផុសប្រកបដោយសាមគ្គីភាព ភាពទទួលខុសត្រូវ និងសហប្រតិបត្តិការ។

   

ចំនួនអ្នកចូលទស្សនា
Flag Counter