ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិ ស័ក ព.ស ២៥២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លោក ស្រ៊ុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម និងជាតំណាងឲ្យអគ្គនាយកដ្ឋានកសិកម្ម និងលោកស្រី សរ រឺណេ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជាតំណាងឲ្យដ៏ខ្ពង់ខ្ពស់របស់លោកប្រធានមន្ទីរ បានអញ្ជើញជាគណៈអធិបតី ក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សហភាពសហគមន៍កសិកម្មសៀមរាបមានជ័យ នៅស្ថានីយ៍ពិសោធន៍កសិកម្មទឹកវិល ក្នុងពិធីមហាសន្និបាតនេះដែរ មានការចូលរួមពីសំណាក់លោក លោកស្រី មន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្តសៀមរាប អង្គការអាដា អង្គការរីដា អភិបាលរងស្រុកប្រាសាទបាគង តំណាងសហព័ន្ធស្រូវ អង្ករ អង្គការដៃគូ ក្រុមហ៊ុនលក់សំភារៈកសិកម្ម ធនាគារជប៉ុន និងលោក លោកស្រី ជាសមាជិកសមាជិកា សរុបចំនួន១៨៦នាក់ (ស្រី១៣២នាក់)។
សហភាពសហគមន៍កសិកម្មសៀមរាបមានជ័យ បានបង្កើតឡើងដោយផ្តុំបញ្ជូលគ្នារវាងសហគមន៍កសិកម្មចំនួន១០ ជាសមាជិក ដែលមានមុខរបរចំនួន៣គឺ ទី១)-ឥណទានកសិកម្ម ទី២)-ផ្គត់ផ្គង់សំភារៈកសិកម្ម និងទី៣)-ទីផ្សារស្រូវ។ សម្រាប់ឆ្នាំ២០១៨ សហភាពសហគមន៍ បានចំណាយដើមទុនសរុបចំនួន ៧០១.៦២៣.២០០រៀល ដោយរកចំណេញបានសរុប បាន៣៦.០០០.០០០រៀល បន្ថែមលើប្រាក់ដើម។ ក្នុងឆ្នាំ២០១៩ សហភាពសហគមន៍កសិកម្មសៀមរាបមានជ័យ មានថវិកាសរុបចំនួន ២.៣៥០.០០០.០០០រៀល ស្មើនឹង ៥៨៧.៥០០ដុល្លារអាមេរិក ដើម្បីបង្កើនលើរបបជំនួញ និងការអភិវឌ្ឍសហភាពសហគមន៍ ឲ្យបានរីកចម្រើនទៅមុខជានិរន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម