ថ្ងៃច័ន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិ ស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ លោក ឡៅ ប៉ូលីវេត ប្រធានការិយាល័យ នៃក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ចំនួន៣នាក់ (ស្រី១នាក់) មកត្រួតពិនិត្យ តាមដាន និងវាយតម្លៃលទ្ធផលនៃការអនុវត្តរបស់គម្រោងជំរុញផលិតកម្មស្បៀងថ្នាក់ខេត្តសៀមរាប ជួប និងសហការជាមួយមន្ត្រីអនុវត្តគម្រោង និងតំណាងដៃគូអង្គការរីដា ដែលបានសហការជាមួយគម្រោងជំរុញផលិតកម្មស្បៀង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដឹកនាំដោយ លោក ហៃ វាសនា ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតកម្មកសិកម្ម និងជាប្រធានបច្ចេកទេសផ្នែកបន្លែ និងស្រូវក្នុងគម្រោងជំរុញផលិតកម្មស្បៀង សរុបចំនួន១៨នាក់ (ស្រី២នាក់) ប្រព្រឹត្តនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។ កិច្ចប្រជុំនេះ បានពិភាក្សាគ្នាទៅលើស្ថានភាពទូទៅនៃការរីកចម្រើនរបស់គម្រោងទាំងផ្នែកបន្លែ និងផ្នែកស្រូវ (ស្រូវពូជ និងស្រូវចំណី) តាំងពីចាប់ផ្តើមរបស់គម្រោងរហូត ដល់ចុងឆ្នាំគម្រោងបញ្ចប់ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនានា ដែលមានជួបប្រទះ ក្នុងពេលអនុវត្ត និងការដាក់ទិសដៅ ផែនការអាទិភាពចំបងៗ និងការកែម្រួលផែនការយុទ្ធសាស្ត្រនានា ក្នុងគម្រោង ប្រសិនបើមានការអនុវត្តគម្រោងដំណាក់កាលទី២ នៅឆ្នាំបន្ទាប់។ ជាចុង ក្រុមការងារ បានស្នើសុំនូវសំណូមពរមួយចំនួន ដើម្បីឲ្យប្រតិភូ នៃក្រុមត្រួតពិនិត្យ តាមដាន និងវាតម្លៃគម្រោង ពិនិត្យ ពិភាក្សា និងជួយកែសម្រួល បន្ទាប់មក ក្រុមការងារ បានចុះទៅជួបសម្ភាសន៍ជាមួយកសិករអនុវត្តក្នុងគម្រោងនៅតាមស្រុកគោលដៅដោយផ្ទាល់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម