ចុះត្រួតពិនិត្យ តាមដាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល បន្ទាប់ពីបានទទួលព័ត៌មានរាយការណ៍របស់ប្រជានេសាទ
ចេញ​ផ្សាយ ១៣ មីនា ២០១៩
432

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  បានចាត់តាំង លោក ចាន់ តុង នាយរងខណ្ឌ ដឹកនាំក្រុមការងាររួមមាន លោកនាយផ្នែក និងលោកនាយសង្កាត់ ក្នុងខណ្ឌចុះត្រួតពិនិត្យ តាមដាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល បន្ទាប់ពីបានទទួលព័ត៌មានរាយការណ៍របស់ប្រជានេសាទ ដែលថាមានជនល្មើសប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅក្នុងដែននេសាទនៃភូមិសាស្រ្ត របស់សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និងឃុំកែវពណ៌ ស្រុកពួក តាមលិខិតបេសកកម្មលេខ ១៩៦មកខ.បក ចុះថ្ងៃច័ន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ។

បេសកកម្មនេះ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ក្នុងនោះដែរ លោក ចាន់ តុង ប្រធានក្រុមការងារកម្លាំងចម្រុះរបស់ខណ្ឌរដ្ឋបាលជលផលសៀមរាប រួមមានផ្នែករដ្ឋបាលជលផលចុងឃ្នៀស ផ្នែករដ្ឋបាលជលផលក្រឡាញ់ សង្កាត់រដ្ឋបាលជលផលភ្នំក្រោម បានសហការជាមួយការិយាល័យប្រើប្រាស់ច្រើនយ៉ាងនៃមន្ទីរបរិស្ថានខេត្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក និងគណៈកម្មការសហគមន៍នេសាទកែវពណ៌ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរកាណូតចំនួន៣គ្រឿង និងកម្លាំងសរុបចំនួន២១នាក់ ចុះប្រត្តិបត្តការ អន្តរាគមន៍ ត្រួតពិនិត្យ តាមការរាយការណ៍របស់ប្រជានេសាទក្នុងតំបន់គោលដៅ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ចាប់ពីចំណុចមាត់ពាមចុងឃ្នៀស ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប រហូតដល់មាត់ពាមស្ទឹងកំបុត ភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក។

ក្រោយពីក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យលើដែននេសាទ និងចំណុចគោលដៅ បានជួបប្រទះនូវឧបករណ៍នេសាទ ដែលជនល្មើសប្រើប្រាស់ ផ្ទុយទៅនឹងមាត្រា៩៨ ត្រង់ចំណុច៦នៃច្បាប់ស្តីជលផល គឺជាឧបករណ៍នេសាទ ប ជាប្រភេទឧបករណ៍នេសាទទំនើប ឬឧបករណ៍នេសាទបង្កើតថ្មី ដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដូចនេះ ក្រុមការងារចម្រុះ បានឯកភាពគ្នាធ្វើការបំផ្លាញចោលឧបករណ៍ល្មើសច្បាប់នូវនឹងកន្លែងរួមមាន៖ ១)-ឧបករណ៍នេសាទប្រភេទ ប ចំនួន១៦គ្រឿង ២)-របាំងស្បៃមុងប្រវែង២.៣០០ម៉ែត្រ ៣)-ចម្រឹងឈើ ចំនួន១.១៥០ដើម ហើយជនល្មើសបានរត់គេចខ្លួនបាត់ និងបានព្រលែងត្រីចម្រុះទម្ងន់២៥គ.ក្រក្នុងដែនេសាទ។ បន្ទាប់មក ក្រុមការងារ ក៏បានកសាងកំណត់ហេតុបទល្មើសជលផលឲ្យស្របតាមនីតិវិធីនៃច្បាប់
ចុងក្រោយ ក្រុមការងារ បានថ្លែងអំណរគុណ ដល់ប្រជានេសាទ ដែលបានរាយការណ៍ដល់សមត្ថកិច្ចទាន់ពេលក្នុងការចុះបង្ក្រាបបទនេសាទ ដែលប្រើឧបករណ៍ខុសច្បាប់។ លោក ចាន់ តុង នាយរងខណ្ឌរដ្ឋបាលជលផល បានជំរុញ និងដាក់ផែនការឲ្យមន្ត្រីជំនាញចុះយាមល្បាតក្នុងកន្លែងអភិរក្សជលផល និងដែននេសាទ ជាប្រចាំ ព្រមទាំងបង្កើតបណ្តាញអ្នកនេសាទ ដើម្បីជួយផ្តល់ព័ត៌មានពីបទល្មើសជលផល និងរាយការណ៍មកមន្រ្តីរបស់ខណ្ឌរដ្ឋបាលជលផលក្នុងការអន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter