នាព្រឹកថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់ប្រព័ន្ធទិន្នន័យ ការគ្រប់គ្រងសត្វល្អិត និងជំងឺលើដំណាំបែបអេឡិចត្រូនិច និងតាមបណ្តាញអ៊ិនធឺណែតលើទូរស័ព្ទដៃ និងកុំព្យូទ័រ» ដែលរៀបចំឡើង និងសម្របសម្រួល ដោយគម្រោងអភិវឌ្ឍន៍ និងពង្រឹងការដាំដំណាំជាលក្ខណៈអាជីវកម្ម ហៅថាកាត់ «គម្រោងកូដ (CODES)» ក្រោមកិច្ចសហការជាមួយការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដើម្បីបើកវគ្គបណ្តុះបណ្តាល ដល់អាជីវករលក់ដុំ លក់រាយសម្ភារៈកសិកម្ម នៅក្នុងខេត្តសៀមរាបសរុបចំនួន៣១ នាក់ (ស្រី៦នាក់) នៅមន្ទីរកសិកម្មខេត្តសៀមរាប។ គម្រោងនេះ មានគោលបំណងចូលរួមចំណែកអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តចំនួន៣ រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដោយមានយុទ្ធសាស្ត្រធ្វើការបណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំបន្លែថ្មីៗ ជាលក្ខណៈអាជីវកម្ម និងធ្វើឲ្យទិន្នផលប្រសើរឡើង តាមរយៈការពង្រឹងសមត្ថភាពរបស់កសិករដាំបន្លែតាមលក្ខណៈប្រពៃណី ឲ្យក្លាយជាកសិករដាំបន្លែតាមបែបអាជីវកម្ម ដោយផ្តោតលើបច្ចេកទេសថ្មីៗ ដូចជាការប្រើប្រាស់ជីតាមប្រព័ន្ធស្រោចស្រពដោយតំណក់ទឹក ការវិភាគជំងឺដំណាំ ការព្យាបាល និងការគ្រប់គ្រងកត្តាចង្រៃ វិធានការប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់គីមីកសិកម្ម និងការពង្រឹងជំនាញសមត្ថភាពរបស់អាជីវករលក់សម្ភារៈកសិកម្ម លើការប្រើប្រាស់ថ្នាំកសិកម្មក្នុងទិសដៅនិរន្តរភាពកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម