នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីបានទទួលការអនុញ្ញាតពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ និងជាតំណាងឲ្យមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចូលជួបសម្ដែងការគួរសម និងជូនពរដល់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គល និងវិបុលសុខ មហាប្រសើរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ខាងមុខនេះ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរកសិកម្មខេត្តសៀមរាប មានកិត្តិយសដ៏ឧត្តុង្គឧត្តម សូមគោរពសម្តែងនូវមនោសញ្ចេតនា គារវភក្តីយ៉ាងស្មោះស័្មគ្របំផុត និងអំណរសាទរ ប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ជូនចំពោះ ព្រមទាំងសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំង ឡាយលើលោក ឬទ្ធិតេជះបារមី ព្រះឥន្ទ ព្រះព្រហ្ម ទេវតាឆ្នាំថ្មីព្រះនាម ទុង្សាទេវី ថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងសូមព្រះអង្គជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ ជូន សូមឯកឧត្តមទាំងពីរ និងក្រុមគ្រួសារ ប្រកបដោយសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ថ្មីៗទៀត ព្រមទាំងពរជ័យសិរីមង្គលដ៏មហាប្រសើរបំផុត ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម