ថ្ងៃច័ន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ លោក-លោកស្រី ដែលជាថ្នាក់ដឹកនាំការិយាល័យកសិកម្ម ក្រុង-ស្រុក ទាំង១២ រួមជាមួយមន្ត្រីថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សរុបចំនួន១៥នាក់ បានអញ្ជើញទៅចូលរួមសិក្ខាសាលា ស្តីពីការប្រមូល និងប្រើប្រាស់ទិន្នន័យស្ថិតិកសិកម្ម ដល់មន្ត្រីថ្នាក់ខេត្ត-ស្រុក ដែលប្រព្រឹត្តទៅនៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង រយៈពេល៥ថ្ងៃ ។ សិក្ខាសាលានេះរៀបចំឡើងដោយ នាយកដ្ឋានផែនការ ស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព លោក ម៉ក់ មូនី ប្រធាននាយកដ្ឋានផែនការ ស្ថិតិ ,លោកស្រី មាស សុទ្ធាវី អនុប្រធាននាយកដ្ឋានផែនការ ស្ថិតិ និងលោក មែន សុទ្ធី ប្រធានការិយាល័យផែនការ ស្ថិតិ ដែលការអញ្ជើញចូលរួមពីសំណាក់លោក- លោកស្រី ជាមន្ត្រីថ្នាក់ខេត្ត ថ្នាក់ស្រុកក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចំនួន៥ ក្នុងនោះរួមមាន ខេត្តសៀមរាប កណ្តាល ព្រះវិហារ ឧត្តរមានជ័យ និងខេត្តកំពង់ធំ សរុបចំនួន៥០នាក់ (ស្រី៧នាក់)។
គោលបំណងសំខាន់ៗរបស់សិក្ខាសាលានេះគឺ៖
១).ការយល់ដឹងពីគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម
២).ការណែនាំពីស្ថិតិកសិកម្ម និងការប្រមូលទិន្នន័យកសិកម្ម
៣).ស្តីពីការរៀបចំទិន្ន័យ និងការប្រើប្រាស់ទិន្នន័យក្នុងវិស័យកសិកម្ម
៤).ការពិភាក្សា ផ្ទៀងផ្ទាត់ទិន្នន័យ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្ត និងប្រើប្រាស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម