ថ្ងៃពុធ៩រោចខែជេស្ឋឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ជាថ្ងៃទី២ដែល ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ចើញមកខេត្តសៀមរាប។ ក្រោយពីការសំណេះសំណាលការងារកសិកម្ម ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីកាលពីម្សិលមិញរួចមក លោក មាស ហ្វានី ប្រធានការិយាល័យផែនការ-គណនេយ្យ លោកធិននី សុទ្ធី នាយរងខណ្ឌជលផល លោកហៃ វាសនា ប្រធានការិយាក័យក្សេត្រសាស្ត្រ និងលោកហ៊ុន សុវណ្ណ អនុប្រធានការិយាល័យបសុព្យាបាល និងផលិតកម្មកសិកម្ម តំណាងលោកប្រធានមន្ទីរ អមដំណើរឯកឧត្តមបន្តចុះទៅពិនិត្យមើលស្ថានភាពប្រជាកសិករឈ្មោះ កែវ មាស នៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ មានចំការត្រប់ស្រួយ ខ្នាតមធ្យម ទំហំ២ហិកតា រកចំណូលបានពី៦លានទៅ៨លានរៀលក្នុង១ខែ។ បន្ទាប់មកពិនិត្យកសិករដាំបន្លែម្រះ និងសណ្តែកកួរ នៅភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង អាចរកចំណូលបានពី៥ទៅ៦លានរៀលក្នុង១ខែ និងចុះពិនិត្យកសិករចិញ្ចឹមមាន់យកពងនិងភ្ញាស់យកកូន នៅឃុំចាន់ស ស្រុកសូទ្រនិគម អានរកចំណូលបានពី២,៤លានរៀលទៅ៣លានរៀលក្នុងខែ។ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍សំខាន់ៗជាច្រើនដល់មន្ត្រី ត្រូវបន្តខិតខំបន្ថែមទៀតដើម្បីឲ្យការងារកសិកម្មកាន់តែប្រសើរឡើងថែមទៀត និងដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុករបស់ប្រជាជន។ ជាចុងក្រោយឯកឧត្តមបានថ្លែងអំណរគុណ និងមានការកោតសសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលខិតខំជំរុញការងារកសិកម្មឲ្យទទួលបានលទ្ធផលល្អលើគ្រប់វិស័យក្នុងខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម