ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលព្រៃឈើប្រាសាទបាគង សហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា ដាំកូនឈើ ដែលមានការចូលរួមពីអាជ្ញាធរខេត្ត និងបងប្អូនប្រជាពលរដ្ឋចំនួនប្រមាណជាង៣០០នាក់ ក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា បានរៀបចំដាំកូនឈើចំនួន៣៣០០ដើម មានឈើទាល គគីរ បេង និង ធ្នុង ដាំលើផ្ទៃដី៣ហិកតា ស្ថិតនៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
ឯកឧត្តម អ៊ឹង ហឿន បានគូសបញ្ជាក់ថាការប្រារព្ធពិធីបុណ្យរុក្ខទិវានាពេលនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការអភិរក្សធនធានព្រៃឈើ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល ហើយជាគោលដៅយូរអង្វែងរបស់ប្រទេសជាតិយើង គឺការអភិរក្ស និង ការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និង ប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព និង បានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យបានប្រសើរឡើង និង ប្រែក្លាយមូលដ្ឋានក្នុងតំបន់នេះឲ្យមានទេសភាពល្អ ប្រកបដោយគម្របពណ៌បៃតង កាន់តែស្រស់ត្រកាលឡើង ។ ម៉្យាងទៀតថ្ងៃនេះក៏មានអត្ថន័យដ៏ជ្រាលជ្រៅ សម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យចេះស្រឡាញ់ព្រៃឈើ សម្បត្តិធម្មជាតិ និង ចូលរួមដាំដុះ ការពារថែរក្សាព្រៃឈើ ក្នុងការជួយជម្រុញផលប្រយោជន៍ដល់ប្រជារាស្ត្រយើងក្នុងជីវភាពរស់នៅបង្កបង្កើនផលកសិកម្ម និង បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម និង ភពផែនដី ។
ឯកឧត្តម អ៊ឹង ហឿន បានបន្តទៀតថា ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និង ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និង ស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ។ ក្នុងនោះដែរឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានកំពុងកាប់ទន្ទ្រានបំផ្លាញព្រៃឈើដើម្បីយកដីព្រៃ ត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើររបស់ខ្លួន និង ការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ ម្យ៉ាងទៀតធ្វើអោយមានគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើនោះ ជាពិសេសនៅតំបន់ភ្នំគូលែន នាបច្ចុប្បន្នមានការប្រែប្រួលយ៉ាងខ្លាំងពីធម្មជាតិ ដែលកើតចេញពីអំពើនៃមនុស្ស។
ប្រភពៈ https://www.facebook.com/SiemReap.provincial/photos/pcb.2220525211592117/2220523981592240/?type=3&theater