នៅព្រឹកថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវចំណី និងគ្រាប់ពូជស្រូវ រវាងសហគមន៍កសិកម្មក្នុងខេត្តសៀមរាប កំពង់ធំ និងក្រុមហ៊ុនអេមរុរ៉ាយស៍ ក្រោមអធិបតីភាពឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ ក្នុងកម្មវិធីនេះដែរ មានការអញ្ជើញចូលរួមពី លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដឹកនាំដោយលោក ទា គឹមសុទ្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដឹកនាំដោយ លោក ធីវ វណ្ណធី និងមានការចូលរួមពីសហករនៃសហគមន៍អភិវឌ្ឍន៌កសិកម្មចំនួន១៦ ដែលមានចំនួនសរុបចំនួន៨០នាក់។ កិច្ចសន្យាទិញ-លក់នេះ ធ្វើឡើងជាមួយសហគមន៍កសិកម្ម ចំនួន១៦ ក្នុងនោះខេត្តកំពង់ធំ ចំនួន១២សហគមន៌ និងខេត្តសៀមរាបចំនួន ៤សហគមន៌ ជាមួយក្រុមហ៊ុន អេមរុរ៉ាយស៍ ។ ក្នុងពិធីនេះដែរឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត បានលើកឡើងថា នេះជាសមិទ្ឋផលមួយដែលសម្រេច បានជោគជ័យមួយដ៏សំខាន់ក្នុងវិស័យកសិកម្ម ដែលឈានដល់ការចុះកិច្ចសន្យាទិញ-លក់ស្រូវចំណី និងគ្រាប់ស្រូវពូជជាមួយក្រុមហ៊ុន ក្រោមការការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កន្លងមកនេះ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងកិច្ចសហការសម្របសម្រួល និងបំពេញការងារ ព្រមទាំងការលះបង់ កម្លាំង កាយចិត្តនានា ដូចជាបានចុះអប់រំផ្សព្វផ្សាយបច្ចេកទេសដាំដុះ ចងក្រងសហគមន៍កសិកម្ម និងជួយរកទីផ្សារ ដល់សហគមន៍ផងដែរ កត្តាទាំងអស់នេះហើយទើបធ្វើឲ្យយើងសម្រេចបាន សមិទ្ធផលជាច្រើន ក្នុងរយៈពេល កន្លងមក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ពិន ប្រាកដ បានថ្លែងអំណរគុណដល់ វិទ្យាស្ថានស្រាវជ្រាវដំណាំ ស្រូវអន្តរជាតិ (IRRI)ការិយាល័យប្រចាំកម្ពុជា បានធ្វើការ ក្នុងភាពជាដៃគូជាមួយ អគ្គនាយកដ្ឋាន កសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅក្នុងខេត្តគោលដៅគម្រោង“ជំរុញការទទួលយកពូជស្រូវធន់នឹងល័ក្ខខ័ណ្ឌមិនអំណោយផលរបស់កសិករខ្នាតតូច នៅកម្ពុជា” របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិហៅកាត់ថា យូសេធ ដើម្បីសម្របសម្រួលដំណើរការចុះកិច្ចសន្យា នៃការអនុវត្ត កសិកម្មតាមកិច្ចសន្យា៕