ស្រុកជីក្រែង ខេត្តសៀមរាប ប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅស្រុកជីក្រែង បានទទួលស្រូវពូជ ចំនួន ៤០តោន ពីរាជរដ្ឋាភិបាលកម្ពុជា
នៅចុងសប្តាហ៍ថ្ងៃសៅរិ៍ ទី១២ ខែតុលា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ស្រូវពូជចំនួន ៤០តោន ដែលជាពូជស្រូវសែនក្រអូប មិនប្រកាន់រដូវ មានរយៈពេល ១១៥ថ្ងៃ ជូនប្រជាកសិកររងគ្រោះដោយគ្រោះរាំងស្ងួតជិត ៥០០គ្រួសារ មក ២ឃុំ ក្នុងស្រុកជីក្រែង រួមមានឃុំជីក្រែង និង ឃុំអន្លង់សំណរ សម្រាប់ស្តារឡើងវិញនូវការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំង ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និង ជាតំណាងឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រតិភូអមដំណើរគណៈអធិបតី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា ក្នុងខេត្ត អាជ្ញាធរស្រុក និង អាជ្ញាធរឃុំទាំងពីរ ក្នុងស្រុកជីក្រែង។
មានមតិស្វាគមន៍ក្នុងឱកាសនោះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងផ្តល់ជូនគ្រាប់ពូជស្រូវនាពេលកន្លងមក និងគ្រាប់ពូជស្រូវនាពេលនេះ បើទោះបីជាការផ្តល់ជូនគ្រាប់ពូជស្រូវនេះ ពុំបានគ្រប់គ្រាន់ តាមតម្រូវការរបស់បងប្អូនប្រជាកសិករក៏ពិតមែន តែនេះជាការចូលរួមចំណែកដល់បងប្អូនប្រជាកសិករបានមួយកម្រិតដែរ ហើយលោកបានសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងយកពូជស្រូវដែលចែកជូននាពេលនេះ ដើម្បីធ្វើការស្តារឡើងវិញ នាពេលទឹកសម្រក ក្នុងការធ្វើ ស្រែបណ្តេញទឹក ស្រែប្រាំង និងបានពូជគ្រាប់ស្រូវសម្រាប់បង្កបង្កើនផលនៅឆ្នាំក្រោយទៀតផង ហេីយលោកបានបន្តទៀតថា ដោយនាពេលបច្ចុប្បន្ននេះមានការបម្រែបម្រួលអាកាសធាតុទូទាំងពិភពលោក និង នៅក្នុងតំបន់បានធ្វើឲ្យប្រទេសនីមួយៗ ជួបប្រទះនឹងគ្រោះមហន្តរាយផ្សេងៗកើតឡើង ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាយើង មានបណ្តាខេត្តមួយចំនួនទៀតបានជួបប្រទះនឹងគ្រោះមហន្តរាយផ្សេងៗពីគ្នា ហើយជាមួយនឹងការបង្កបង្កើនផលនេះ ដោយពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់បានធ្វើឲ្យដំណាំស្រូវរបស់ប្រជាកសិករទទួលរងនូវគ្រោះរាំងស្ងួត លើ ១១ក្រុង-ស្រុក ស្មើនឹង ៧៤ឃុំ និង៥៨៥ភូមិ មានគ្រួសាររងគ្រោះសរុបចំនួន ៤៣ពាន់៨៩៣ គ្រួសារ ក្នុងនោះដំណាំស្រូវខូចខាតចំនួន ៤ពាន់៦៥៧ ហិកតា លើ៦ស្រុក ស្មើ៣២ឃុំ និង២២២ភូមិ ដែលមានគ្រួសាររងការខូចខាតចំនួន ៦ពាន់២៣៩ គ្រួសារ។
មានប្រសាសន៍នោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមកិច្ចយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល ដោយទទួលនូវសំណើររបស់អាជ្ញាធរមូលដ្ឋាន ដើមី្បសំការជួយអន្តរាគមន៍ ក្នុងការជួយដល់បងប្អូនប្រជាកសិកររងគ្រោះរាំងស្ងួត លើផលដំណាំស្រូវវស្សា នៅស្រុកមួយចំនួនក្នុងខេត្តសៀមរាប ។ ឯកឧត្តមបានបន្តទៀតថា នៅពេលដែល សម្តេចបានទទួលដំណឹងទាំងនេះហើយ ក៏បានជម្រុញឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំយកពូជស្រូវមកជាបន្ទាន់ ដើមី្បចែកជូនដល់បងប្អូនគ្រួសារប្រជាកសិកររងគ្រោះទាំងនោះ ដោយមិនទុកឲ្យហួសពេលក្នុងការងារបង្ក បង្កើនផលឡើយ ក្នុងការស្តារឡើងវិញ នូវរាល់ផលប៉ះពាល់ទាំងនោះ ឲ្យបានទាន់ពេលវេលា៕