ពិធីសំណេះសំណាល និងចែកគ្រាប់ពូជស្រូវ សែនក្រអូប របស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាកសិកររងគ្រោះដោយរាំងស្ងួត ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប
ចេញ​ផ្សាយ ១៤ តុលា ២០១៩
222

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងចែកគ្រាប់ពូជស្រូវ សែនក្រអូប របស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាកសិកររងគ្រោះដោយរាំងស្ងួត ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប

ព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩ លោក ម៉ក់ ប្រុស អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងចែកគ្រាប់ពូជស្រូវ សែនក្រអូប ចំនួន២០តោន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាកសិកររងគ្រោះដោយរាំងស្ងួត ចំនួន៤០៦គ្រួសារ ក្នុងឃុំដានរុន និងឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមវត្តមានដ៏ឧត្តុងឧត្តមរបស់ ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប នៅបរិវេណវិទ្យាល័យដំដែក។

លោកអភិបាលស្រុក បានអានរបាយការណ៍គ្រោះមហន្តរាយ ក្នុងស្រុកសូទ្រនិគម ជម្រាបជូនគណៈអធិបតី និងអង្គពិធីទាំងមូល ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខប្រជាជនមិនថានៅទីជិតឆ្ងាយក៏ដោយ និងមានអ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងជួយប្រជាជននៅពេលជួបការលំបាកផ្សេងៗ។

ម្យ៉ាងវិញទៀត ឯកឧត្តមអភិបាលរងខេត្ត ក៏បានមានប្រសាសន៍ដែរថា មិនមែនមានតែប្រទេសកម្ពុជាយើងនោះទេដែលជួបប្រទះនូវគ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗ គឺនៅលើពិភពលោក សុទ្ធសឹងតែជួបប្រទះនូវគ្រោះមហន្តរាយបែបនេះ ដូច្នេះយើងត្រូវរួមគ្នា ជួយគ្នាក្នុងគ្រាមានអាសន្ន ស្តារឡើងវិញដើម្បីភាពសុខសាន្តរបស់ប្រជាជន។

ឯកឧត្តមអ្នកតំណាងរាស្រ្ត បានសាកសួរសុខទុក្ខ បងប្អូនប្រជាកសិករ និងបានផ្តាំផ្ញើរបងប្អូនត្រូវខិតខំបន្ថែមទៀត ដើម្បីបង្កបង្កើនផលឡើងវិញ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តជួយគាំទ្រប្រជាកសិករជានិច្ច ដើម្បីភាពរីកចម្រើនរបស់បងប្អូន ហើយឯកឧត្តមបានឧបត្ថម្ភ ១គ្រួសារ១០,០០០រៀល សម្រាប់ការធ្វើដំណើរ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter