សិក្ខាសាលាស្តីពី៖ពិនិត្យវឌ្ឍនភាពការងារនិងផែនការយុទ្ឋសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០១៩
342

សិក្ខាសាលាស្តីពី៖ពិនិត្យវឌ្ឍនភាពការងារនិងផែនការយុទ្ឋសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣
នៅ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប នាថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩ មានរៀបចំសិក្ខាសាលាស្តីពីពិនិត្យវឌ្ឍនភាពការងារនិងផែនការយុទ្ឋសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ ការិយាល័យចំណុះមន្ទីរ និងថ្នាក់ដឹកនាំមកពីការិយាល័យកសិកម្មតាមបណ្តាស្រុកក្រុងទាំង១២ក្នុងខេត្ត នាយខ័ណ្ឌរដ្ឋបាលជលផល នាយខ័ណ្ឌរដ្ឋបាលព្រៃឈើដើម្បីរាយការណ៍ពីវឌ្ឍនភាពលទ្ឋផលការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តការងាររយៈពេល១ឆ្នាំកន្លងមក ព្រមទាំងពិភាក្សាស្វែងរកដំណោះស្រាយដើម្បីរៀបចំផែនការយុទ្ឋសាស្ត្រអនុវត្តបន្តឆ្នាំ២០១៩-២០២៣។
      ក្នុងបទបង្ហាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្តីពីវឌ្ឍនៈភាពសម្រេចបាន គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩គេឃើញលើកបង្ហាញពីចក្ខុវិស័យ គឺដើម្បីធានា «ភាពមានស្បៀងគ្រប់គ្រាន់ និងប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយជំរុញការរីកលូតលាស់សេដ្ឋកិច្ចកសិកម្ម រួមនឹងការគ្រង់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព» ។
       ជាមួយគ្នានោះ បេសកកម្មរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គឺដើម្បី «ចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់សេវាកម្មមានគុណភាពខ្ពស់ ដែលនាំដល់ការផ្គត់ផ្គង់ស្បៀងប្រកបដោយសុវត្ថិភាព បង្កើនផលិតភាពកសិកម្ម និងតម្លៃបន្ថែម ដោយផ្អែកទៅលើមូលដ្ឋាននិរន្តរភាព និងប្រសិទ្ធភាពតម្លៃចំពោះវិស័យ ដែលពឹងផ្អែកលើផលិតកម្មកសិកម្ម នេសាទ និងរុក្ខាប្រមាញ់»។   
     ដើម្បីឲ្យសម្រេចបាននូវគោលដៅនេះ មន្ទីរកសិកម្ម ខេត្តសៀមរាប បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗ ចំនួន៥ ដូចខាងក្រោមគឺ៖ ទិសដៅគោលនយោបាយទី១៖«ធានាសន្តិសុខស្បៀង បង្កើនផលិតភាព និងពិពិធកម្មកសិកម្ម»ទិសដៅគោលនយោបាយទី២៖«ពង្រីកលទ្ធភាពឈានចូលទីផ្សារ សម្រាប់ផលិតផលកសិកម្ម»ទិសដៅគោលនយោបាយទី៣៖«កំណែរទម្រង់ជលផល និងព្រៃឈើ»ទិសដៅគោលនយោបាយទី៤៖«កំណែរទម្រង់ព្រៃឈើ» ទិសដៅគោលនយោបាយទី៥៖«ក្របខ័ណ្ឌនៃការអភិវឌ្ឍស្ថាប័ន និងបញ្ញាត្តិច្បាប់»។
    ក្រោយពីបានស្តាប់ការលើកឡើងពីវឌ្ឍនៈភាពលទ្ឋផលការងាររបស់មន្ត្រីតាមបណ្តាផ្នែកជំនាញ និងការិយាល័យតាមស្រុកក្រុងរួចមក លោក ទា គឹមសុទ្ឋប្រធានមន្ទីររុក្ខាប្រមាញ់និងនេសាទខេត្តបានបូកសរុបនិងវាយតម្លៃខ្ពស់ពីលទ្ធផលនិងសកម្មភាពការងារ ដែលសម្រេចបានទាំងអស់ខាងលើ តាមបណ្តាផ្នែកតាមបណ្តាជំនាញនានា ថាជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យមើលឃើញកាន់តែច្បាស់ពីចំណុចខ្លាំង ចំណុចខ្វះខាតក្នុងការអនុវត្ត និងការគ្រប់គ្រងដឹកនាំ និងជាឧបករណ៍មួយដែលជាមូលដ្ឋានគ្រឹះក្នុងការវាយតម្លៃអំពីប្រសិទ្ធភាព ការរីកចំរើនក្នុងកិច្ចអភិវឌ្ឍន៍វិស័យកសិកម្មនៅខេត្តសៀមរាប និងជាមេរៀនបទពិសោធន៍ក្នុងការឈានទៅកំណត់បាននូវយុទ្ធសាស្រ្តថ្មីៗ សម្រាប់ការអនុវត្តសមស្របទៅនឹងសភាពការណ៍វិវឌ្ឍន៍នានាក្នុងបរិបទសង្គម។
  លោក ទា គឹមសុទ្ឋ មានប្រសាសន៍ថា៖ផ្អែកលើលទ្ធផលទទួលបានក្នុងរយៈពេល កន្លងមកនេះ យើងអាចវាយតម្លៃជារួមថា បើទោះបីជាខេត្តសៀមរាបបានជួបប្រទះនូវគ្រោះធម្មជាតិ រួមមានគ្រោះរាំងស្ងួតដោយសារកូនរដូវប្រាំងនៅពាក់កណ្តាលរដូវវស្សាក្តី តែក្រោមការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាមន្ទីរកសិកម្មខេត្ត តាមការណែនាំនិងតម្រង់ទិសក៏ដូចជាវិធានការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល និងមានការចូលរួមដ៏សកម្មពីគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ និងប្រជាកសិករ ព្រមទាំងការរួមចំណែកពីដៃគូអភិវឌ្ឍន៍ផងនោះ បានធ្វើឲ្យផលិតកម្មកសិកម្មមានការរីក ចម្រើនគួរឲ្យកត់សម្គាល់និងជាទីមោទនៈ។

ចំនួនអ្នកចូលទស្សនា
Flag Counter