ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិកា រតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោក លោកស្រី ប្រតិភូអមដំណើរ តំណាងក្រុមហ៊ុន អង្គការ និងមន្ត្រីនៃមន្ទីរកសិកម្មផងដែរ ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្ត ដែលបានលើកឡើងពីលទ្ធផលសម្រេចបាន និង បញ្ហាប្រឈមនាពេលអនុវត្តកន្លងមក ព្រមទាំងលើកនូវទិសដៅសម្រាប់អនុវត្តឆ្នាំ២០២០រួចមក ។ គណៈធិបតីបានធ្វើការកោតសសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរកសិកម្ម អំពីលទ្ធផលសម្រេច ជោគជ័យក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្នុងឆ្នាំ២០១៩កន្លងទៅ ដោយសារការខិតខំប្រឹងប្រែងក្នុងកិច្ចសហការសម្របសម្រួលនិងបំពេញការងារ ព្រមទាំងការលះបង់កម្លាំងកាយចិត្ត ចុះផ្សព្វផ្សាយ អប់រំ និងទប់ស្កាត់ បង្ក្រាបបទល្មើស លើការងារព្រៃឈើ ជលផល និងការកាប់រានដីព្រៃលិចទឹក ដែលមានការសហការល្អ ជាមួយ សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីផងដែរ។
នាឱកាសនោះឯកឧត្តមបណ្ឌិត ណៅ ធួក ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបអនុវត្តបានក្នុងឆ្នាំ២០១៩មកនេះ ។ ឯកឧត្តមក៏បានលើកឡើងពីផលិតភាពកសិកម្ម ដែលមន្ទីគ្រប់គ្រងបានល្អ ដើមី្បបម្រើនូវតម្រូវការក្នុងប្រទេស និង ការនាំចេញ ព្រមទាំងធានានូវគុណភាព សុវត្ថិភាព តាមរយៈកាលលើកកម្ពស់ការផលិតស្បៀង និង បង្កើនតម្លៃបន្ថែម ក្នុងការពង្រីកការប្រកួតប្រជែងនៅទីផ្សារ ព្រមទាំងរក្សាតុល្យភាពការប្រើប្រាស់ដីកសិកម្ម និង ធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបទៅដោយនិរន្តរភាព ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ជាពិសេសកសិករ ត្រូវផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព ត្រូវចេះផ្លាស់ប្តូរនូវទម្លាប់ក្នុងការបង្កបង្កើនផល ដើមី្បឲ្យទទួលបានទិន្នផលខ្ពស់ ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើអង្គសន្និបាតទាំងមូល ត្រូវលើកយកនូវបញ្ហាដែលមាននៅតាមមូលដ្ឋានបានជួបប្រទះ យកមកធ្វើការ ពិភាក្សា ដើមី្បរឹះរកនិតិវិធី ក្នុងការដោះស្រាយ និង ជាយន្តការមួយសម្រាប់យកទៅអនុវត្តក្នុងឆ្នាំ២០២០នេះឲ្យទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផល។