លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី បានទទួលជួបពិភាក្សា ជាមួយលោក Pheutsapha Phoummasak នាយកក្រុមហ៊ុនAIDC (ប្រមូលទិញផលិតផលកសិកម្ម ពិសេសដំណាំស្វាយ និងស្វាយចន្ទី) និងសហការី នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត។ លោកប្រធានមន្ទីរ បានជម្រាបជូនភ្ញៀវពីស្ថានភាពដំណាំកសិឧស្សាហកម្ម ពិសេសដំណាំស្វាយ និងស្វាយចន្ទី ដែលជាប្រភេទដំណាំមានសក្តានុពលក្នុងខេត្តសៀមរាប។ ក្នុងគោលបំណងចូលរួមចំណែកក្នុងការជួយអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម ពិសេសកសិករក្នុងប្រទេសកម្ពុជាដែលជាអ្នកផលិត លោកប្រធានក្រុមហ៊ុនAIDCនឹងធ្វើការពិនិត្យពីគុណភាព និងលទ្ធភាពរបស់ផលិតផល ដើម្បីចុះកិច្ចសន្យាក្នុងការប្រមូលទិញយកទៅចូលរោងចក្រសំងួត ធ្វើការផ្គត់ផ្គង់ទីផ្សារ និងការនាំចេញផងដែរ។ មន្ទីរកសិកម្មខេត្តសៀមរាប នឹងខិតខំប្រឹងប្រែងជួយសម្របសម្រួល បង្កលក្ខណៈងាយស្រួលដល់ការងារនេះ ដើម្បីឲ្យវិស័យកសិកម្មក្នុងខេត្តសៀមរាបកាន់តែមានភាពរីកចំរើនមួយកំរិតទៀត។ កិច្ចពិភាក្សាបានបញ្ចប់ដោយជោគជ័យ និងស្និតស្នាលជាទីបំផុត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម