ព្រឹកថ្ងៃសុក្រ ១០កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដឹកនាំដោយលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំពិធីផ្តល់សម្ភារដល់ប្រជាសហគមន៍ព្រៃឈេីនៅចំការពូជឈេីធ្នង់ចំនួន ៣សហគមន៍ គឺ សហគមន៍ព្រៃខ្លុង សហគមន៍ព្រៃធ្នង់ និងសហគមន៍តាច្រាញ់ ស្ថិតក្នុងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកស្វាយលេី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកស្វាយលេី លោកអភិបាលរងស្រុកប្រាសាទបាគង លោកនាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈេីសៀមរាប កងកម្លាំងប្រដាប់អារុធទាំង៣ តំណាងមន្ទីរបរិស្ថាន មន្រ្តីជំនាញពាក់ព័ន្ធនានា និងតំណាងសហគមន៍ព្រៃឈេីទាំង៣។
ក្នុងពិធីនេះ ឯកឧត្តម អភិបាលរងខេត្ត បានមានមតិសំណេះសំណាល ណែនាំដល់បងប្អូនប្រជាសហគមន៍អោយចូលរួមទប់ស្កាត់ជំងឺកូវី ១៩ (COVID-19) និងណែនាំដល់សហគមន៍អោយបន្តការសហការគ្នាក្នុងការការពារព្រៃសហគមន៍ អោយបានគង់វង្ស ដេីម្បីជាប្រយោជន៍សាធារណះ ក៏ដូចជាការរក្សាបាននូវបរិស្ថានបៃតង ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលរង ក៏បាននាំយកអំណោយរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដែលរួមមាន វិទ្យុទាក់ទងចំនួន ៩គ្រឿង អាវ ៦០ ស្លាក ហាមឈូកឆាយទន្រ្ទានដីព្រៃសហគមន៍ចំនួន ៣០០ស្លាក និងថវិកាចំនួន ១,២០០,០០០រៀល ដោយក្នុងមួយសហគមន៍ទទួលបានវិទ្យាទាក់ទងចំនួន ៣គ្រឿង អាវ ២០ ស្លាកសញ្ញាចំនួន ១០០ស្លាក ថវិកាចំនួន ៤០០,០០០រៀល និងបានឧបត្ថម្ភថវិកាដល់កងកម្លាំងប្រដាប់អាវុធទាំង៣ចំនួន ១ ២០០ ០០០រៀល ដោយក្នុងមួយអង្គភាពទទួលបានថវិកាចំនួន ៤០០ ០០០រៀល ព្រមទាំងបានចូលរួមដាំកូនឈេី ចុះពិនិត្យដេីមឈេីពូជ និងថតរូប អនុស្សាវរីយ៍ផងដែរ។