នៅរសៀលថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អ៊ុន សំអាត រដ្ឋលេខាធិការ ឯកឧត្តមអេង ជាសាន ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីបានអញ្ជើញចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្តោ ត្រីប្រា និងត្រីពោ ក្នុងកសិដ្ឋានចិញ្ចឹមត្រីលោក លី ហាំងសេង ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និងលោក តូ លៀងធឹង នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ពិនិត្យឃើញទិដ្ឋភាព និងសកម្មភាពប្រមូលផលត្រីទាំងពីរកន្លែងរួចមក ឯកឧត្ដមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងខេត្ត និងកាត់បន្ថយការនាំចូល ។ បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យពួកគាត់បន្តរក្សាមុខរបរនេះ រង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារ យើងមានបទពិសោធន៍ និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់ តស៊ូរង់ចាំឱកាសល្អវិញ។ ឆ្លៀតយកឱកាសនេះ លោកបានណែនាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយទំនាក់ទំនងរកឈ្មួញនៅទីក្រុងភ្នំពេញ និងទីផ្សារក្រៅពីខេត្តសៀមរាប ដើម្បីជួយរំដោះផលត្រីដែលមានក្នុងស្តុក។ នៅក្នុងស្ថានភាពល្អប្រសើរគួរជួយរៀបចំផែនការផលិតកម្ម និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ និងឈានទៅធ្វើការកែច្នៃសាច់ត្រីហ្វីឡេដើម្បីនាំចេញ។
សូមជម្រាបជូនថា នៅទូទាំងខេត្តសៀមរាប ក្នុងឆ្នាំ២០១៩ មានលទ្ធភាពផ្គត់ផ្គង់ត្រីឲ្យទីផ្សារក្នុងស្រុកទាំងផលត្រីចាប់ពីប្រភពទឹកធម្មជាតិ និងពីវារីវប្បកម្ម (ចិញ្ចឹមក្នុងស្រះ ១១៥០ បែ ៨១០ និងចិញ្ចឹមក្នុងតង់ប្លាស្ទីក ៦៣) មានបរិមាណសរុប ១៧ ១៤៤តោន។ ទីផ្សារក្នុងខេត្តត្រូវការផលត្រីស្រស់ ១៣ ១៨៥តោន សល់ពីនេះសម្រាប់ធ្វើការកែច្នៃជាប្រហុក ផ្អក មាំ ត្រីងៀត ចំណីសត្វ ទឹកត្រី និងនាំចេញទៅទីផ្សារក្រៅខេត្ត។ ដោយឡែក ៤ខែដើមឆ្នាំ២០២០ នេះ ផលចាប់សរុបបានចំនួន ៤ ៦៩៤តោន ក្នុងនោះចាប់ពីបែបាន ២ ៧១០តោន (ត្រីរ៉ស់ ត្រីឆ្តោ ត្រីប្រា ត្រីអណ្តែង) ចាប់ពីស្រះបាន ១ ៩៨៤តោន (ត្រីប្រា ត្រីអណ្តែង ត្រីក្រាញ់ កង្កែប ត្រីឆ្ពិន ទីឡាព្យា)។