ថ្ងៃសៅរ៍១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE និងសហការី បានចុះពិនិត្យ ស្ថានភាពការងារបង្កបង្កើនផលស្រូវ និងដំណាំបន្លែ នៅឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ តាមការពិនិត្យឃើញជាក់ស្តែង ការងារបង្កបង្កើនផលស្រូវ បានលទ្ធផល ប្រមាណ ៤០% នៃផ្ទៃដីសរុប របស់ឃុំ និងស្រូវមានសភាពលូតលាស់ ល្អបង្គួរ ។ បន្ទាប់លោកប្រធានមន្ទីរ និងក្រុមការងារបានបន្តចុះពិនិត្យកសិដ្ឋាន កសិកម្មចម្រុះ របស់កសិករ ឈាវ ហុង ដែលជាកសិករគំរូក្នុងបណ្តុំផលិតកម្មបន្លែ របស់កម្មវិធីASPIRE ស្ថិតនៅភូមិ បត់ដង្កោ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ កសិករដ្ឋាននេះមានផ្ទៃដីប្រមាណ ១០ហិចតា ក្នុងនោះចែកជាផ្ទះសំណាញ់សម្រាប់ដាំដំណាំបន្លែចំនួន ៥រោង ដែលក្នុងនោះមានផ្ទះសំណាញ់មួយ ផ្តល់ដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ ( ASPIRE) ស្រះចិញ្ចឹមត្រីចំនួន៣ រោងចិញ្ចឹមមាន់ចំនួន២រោង មានមាន់សរុបប្រមាណ ២០០០០មាន់ រោងបណ្តុះផ្សិតចំបើងចំនួន២រោង និងដំណាំឈើហូបផ្លែមួយចំនួនទៀត ។ ថ្លែងក្នុងមតិសំណេះសំណាល លោកប្រធានមន្ទីរ បានបញ្ជាក់ជូនថា កម្មវិធី ASPIRE ជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាអ្នកអនុវត្ត និងខេត្តសៀមរាបបាន អនុវត្តកម្មវិធី ASPIRE នៅឆ្នាំ២០១៩ ។ កម្មវិធី ASPIRE បានផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាធាតុ រួមមានការដាំដំណាំស្រូវ បន្លែ ចិញ្ចឹមសត្វ និងការចិញ្ចឹមត្រី និងចងក្រងកសិករជាបណ្តុំអាជីវកម្មសម្រាប់ ការផលិតសម្រាប់នាំទៅកាន់ទីផ្សារ ។ លោកប្រធានមន្ទីរបានផ្តល់អនុសាសន៍ល្អៗ ពាក់ព័ន្ធបច្ចេកទេសដូចជាធ្វើបច្ចេកទេសរៀបចំដី ការជ្រើសរើសមុខដំណាំ ការដាំដំណាំបន្លែសុវត្ថិភាព និងការធ្វើផែនការដាំដុះតាមតម្រូវទីផ្សារជាដើម ។