ថ្ងៃច័ន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២០ នេះគឺជាថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសហការីមក កាន់ខេត្តជាប់បឹងទន្លេសាប (កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តសៀមរាប) និងខេត្តជាប់ព្រំដែនថៃ (ប៉ៃលិន និងបន្ទាយមានជ័យ)។
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក កម្មករ លោកឧកញ៉ា សៀក ពិសិទ្ធ នាយកក្រុមហ៊ុនបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថាក្រុមមហ៊ុនបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលនៅឆ្នាំ២០០៦ ដើម្បីធ្វើការវិនិយោគលើដី សម្បទានសេដ្ឋកិច្ចចំនួនជាង ៤ពាន់ហិកតា ដែលបានចុះបញ្ជីដីរដ្ឋរួចហើយ ស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ បានចុះកិច្ចសន្យាអនុវត្តគម្រោងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០១៧ លើផ្ទៃដី ១ ២៣២ហិកតា សម្រាប់ធ្វើការវិនិយោគដាំដំណាំស្វាយចន្ទី។ បច្ចុប្បន្នក្រុមហ៊ុនសម្រេចដាំបាន ១ ០៣០ហិកតា និងកសាងផ្លូវបាន ៤៨គីឡូម៉ែត្រ (ប្រើកំលាំងពលកម្ម ៤៦នាក់ អចិន្រ្តៃយ៍ និងជាង ១ពាន់នាក់ទៀតជាកម្មករក្រៅម៉ោង)។ ជាមធ្យមទិន្នផលទទួលបានជាង ៥០០គីឡូក្រាម/ហិកតា ហើយក្នុង ឆ្នាំកន្លងមកទទួលផលបានជាង ២៥០តោន។ ចំពោះបញ្ហាប្រឈមគឺទី១- ខ្វះអ្នកជំនាញដំណាំស្វាយចន្ទី ទី២- ជាប្រភេទដំណាំមានជំងឺឆ្លង ផ្សិតចង្រៃ និងសត្វល្អិតបំផ្លាញច្រើន និងទី៣- ងាយទទួលរងនូវផលប៉ះពាល់ (សត្វល្អិតកើតច្រើន និងទិន្នផលធ្លាក់ចុះ) ពីការប្រែប្រួលអាកាសធាតុ។ ទាក់ទងនឹងបញ្ហានេះ លោកឧកញ៉ាបានលើកសំណើជូនឯកឧត្តមរដ្ឋមន្ត្រីថា គួរបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដំណាំស្វាយចន្ទីនាពេលអនាគត ដើម្បីធ្វើការស្រាវជ្រាវទាក់ទងជំងឺ ផលិតកម្ម គុណភាពដី សត្វល្អិត ជី និងថ្នាំ ក្នុងទិសដៅដើម្បីជួយឱ្យផលិតកម្មដំណាំនេះទទួលបានផលល្អប្រកបដោយនិរន្តរភាព ហើយក្រុមហ៊ុននឹងរង់ចាំជួយសហការលើការងារស្រាវជ្រាវនេះ។
បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានខិតខំ យកចិត្តទុកដាក់ និងធ្វើការលះបង់គ្រប់បែបយ៉ាងធ្វើការវិនិយោគលើដំណាំស្វាយចន្ទី។ សម្រាប់អនាគត ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់យោបល់ឱ្យក្រុមហ៊ុន គួរពង្រីកផ្ទៃដីដាំដុះតាមផែនការដែលបានគ្រោងទុក និងជាពិសេសគួរបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី អាចទទួលបានតម្លៃបន្ថែមខ្ពស់ ប្រសើរជាងលក់វត្ថុធាតុដើមដែលតម្លៃមានការប្រែប្រួលទៅតាមទីផ្សារ។ ប្រសិនបើក្រុមហ៊ុនអនុវត្តបានវានឹងចូលរួមអភិវឌ្ឍតំបន់នេះឱ្យក្លាយជាតំបន់ ឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីនាពេលអនាគត ចូលរួមបង្កើតការងារ និងស្រូបយកពលកម្មនៅមូលដ្ឋាននេះឱ្យអស់លទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសារ របស់កម្មករដែលបម្រើការឱ្យក្រុមហ៊ុនទាំងអ្នកធ្វើ ការពេញម៉ោង និងក្រៅម៉ោង ដើម្បីរក្សាភាពឈ្នះ-ឈ្នះ រវាងនិយោជក និងនិយោជិតក្នុងកាល: ទេស:ដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។ ចំពោះបុគ្គលិក កម្មករក៏ត្រូវ ខិតខំយក ចិត្តទុកដាក់ ឧស្សាហ៍ព្យាយាមបម្រើការងារឱ្យក្រ្មហ៊ុនបានល្អ ប្រយោជន៍ដើម្បីរក្សានិរន្តរភាពការងារ និងប្រាក់ចំណូល ហើយក៏គួរសិក្សារៀនសូត្របន្ថែមអំពីបច្ចេកទេសដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារ។ ក្រុមហ៊ុនត្រូវសហការឱ្យបានពេញលេញជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តច្បាប់ គោលការណ៍ណែនាំ ផែនការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាប្រើប្រាស់ធនធានដីនេះឱ្យអស់សក្តានុពល មានប្រសិទ្ធភាពទាំងសង្គម និងសេដ្ឋកិច្ច។ ចំពោះសំណើរបស់លោកឧកញ៉ា ឯកឧត្តមរដ្ឋមន្ត្រីថានឹងយកទៅពិនិត្យពិចារណាឱ្យបានល្អិតល្អន់ និងស្របពេលដែលក្រសួងក៏មានបំណងចង់បង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនេះផងដែរ។