លោកទា គឹមសុទ្ធ ប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងអនុកម្មវិធីASPIRE បានចុះចែកពូជស្រូវ ដល់កសិកររបស់កម្មវិធីASPIRE និងចុះមើលស្ថានភាពស្រូវ នៅភូមិរការ ស្រុកជីក្រែង
ចេញ​ផ្សាយ ២៦ មិថុនា ២០២០
253

ថ្ងៃព្រហស្បតិ៍០៥កើតខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជាប្រធានគ្រប់គ្រងអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE ) បានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកស្រូវពូជ និងឧបករណ៍អូសដាំស្រូវ (Drum Seeder) ដល់សមាជិកបណ្តុំអាជីវកម្មស្រូវឆ្នាំ២០២០ នៅឃុំស្ពានត្នោត និងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីរួមមានលោក ពៅ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកជីក្រែង លោកអនុប្រធានមន្ទីរ  ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម  ប្រធាន និងមន្រ្តីនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជីក្រែង ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ នៃកម្មវិធី ASPIRE តំណាងក្រុមប្រឹក្សាឃុំ និងសមាជិកបណ្តុំអាជីវកម្មស្រូវ សរុបអ្នកចូលរួមប្រមាណ១១០នាក់។ ស្រូវពូជដែលប្រគល់ជូន បណ្តុំអាជីវកម្មស្រូវនាពេលនេះ មានចំនួន ៤ ០០០គីឡូក្រាម និងឧបករណ៍អូសដាំស្រូវ (Drum Seeder) ចំនួន៤គ្រឿង ដោយកសិករម្នាក់ៗទទួលបានពូជស្រូវ ៤០គីឡូក្រាម និងបណ្តុំអាជីវកម្មស្រូវនិមួយៗទទួលឧបករណ៍អូសដាំ ២គ្រឿង ទុកសម្រាប់ប្រើប្រាស់រួម ។ ក្នុងមតិសំណេះសំណាល លោកពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានរៀបចំឲ្យមានកម្មវិធីផ្តល់ពូជ និងការគាំទ្របច្ចេកទេសដល់កសិករក្នុងស្រុកជីក្រែង ។ បន្ទាប់មកប្រធានមន្ទីរ ផ្តល់អនុសាន៍ល្អៗស្តីពីបច្ចេកទេសដាំដុះស្រូវ ជាពិសេសបច្ចេកទេសប្រើប្រាស់ឧបករណ៍អូសដាំស្រូវ ដែលបានចែកជូនពេលនេះ ដែលជាបច្ចេកទេសមួយជួយបង្កើនទិន្នផលស្រូវ និងកាត់បន្ថយចំណាយលើគ្រាប់ពូជ និងកម្លាំងពលកម្ម ។
ជាកិច្ចបន្ទាប់ លោកប្រធានមន្ទីរ និងសហការី បានបន្តដំណើរ ចុះពិនិត្យស្ថានភាពស្រូវខ្វះទឹករបស់កសិករនៅភូមិរការ ឃុំកំពង់ក្តី ខេត្តសៀមរាប  ដែលអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បាន ចូលផ្តល់យោបល់ ក្នុងFacebook របស់ ឯកឧត្តមរដ្ឋមន្រ្តី កាលពីម្សិលមិញ ។ ក្នុងពេលចុះពិនិត្យជាក់ស្តែង និងតាមរយៈការសំណេះសំណាលជាមួយលោកអ៊ុ ម៉រឿន មេភូមិរការ ឃុំកំពង់ក្តី ស្រុកជីក្រែង បានឲ្យដឹងថា ភូមិរការមានផ្ទៃដីស្រែប្រមាណ ៨៨ហិកតា បានកំពុងបញ្ហាខ្វះទឹក ដោយសារភ្លៀងមិនបានធ្លាក់ ៨ថ្ងៃមកហើយ។ តែតាមការពិនិត្យជាក់ស្តែង ដីស្រែនៅមានសំណើម និងសភាពលូតលាស់របស់ស្រូវមិនទាន់មានការប៉ះពាល់នៅឡើយទេ ។ លោកប្រធានមន្ទីរបានស្នើសុំទៅមន្ទីរធនធានទឹក និងឧតុនិយមខេត្ត  ឃើញថា អាចមានលទ្ធភាពបើកទឹកពីទំនប់ម្កាក់ដើម្បីជួយសង្គ្រោះសូ្រវរបស់កសិករ នៅភូមិរការ  និងភូមិមួយចំនួនទៀតក្នុងឃុំកំពង់ក្តី ស្រុកជីក្រែងបាន ៕

ចំនួនអ្នកចូលទស្សនា
Flag Counter