លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ បានចុះចែកពូជត្រី និងពិនិត្យស្ថានភាពដំណាំស្រូវ នៅស្រុកពួក។
ចេញ​ផ្សាយ ៣០ មិថុនា ២០២០
236

ថ្ងៃច័ន្ទ ៩កើតខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តសៀមរាប និងលោក ធិននី សុទ្ធី នាយរងខណ្ឌរដ្ឋបាលជលផល ព្រមទាំងសហការី បានចុះធ្វើការចែកកូនត្រីអណ្ដែងដល់កសិកររបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE ) នៅឃុំសំរោងយា និងឃុំកែវពណ៍ ស្រុកពួក  ចំនួន១១០គ្រួសារ  ក្នុងនោះកសិករចិញ្ចឹមត្រីក្នុងស្រះទទួលបានកូនត្រី០៥គីឡូក្រាមក្នុង១គ្រួសារ និងកសិករចិញ្ចឹមត្រីតង់ទទួលបានកូនត្រី២,៥គីឡូក្រាម ក្នុង១គ្រួសារ។ ប្រធានមន្ទីរ បន្តចុះពិនិត្យមើលសភាពលូតលាស់ស្រូវដើមរដូវនៅឃុំសំរោងយា និងឃុំកែវពណ៌ ដែលត្រូវប្រមូលផលមុនទឹកទន្លេសាបឡើងមកដល់ លោកម៉ាន់​ ចែម ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានប្រចាំស្រុកពួក មានប្រសាសន៍ថា៖ ឆ្នាំនេះដំណាំស្រូវមានការដុះលូតលាស់បានល្អបង្គួរ ទិន្នផលស្រូវអាចទទួលបានល្អប្រសើរជាងឆ្នាំមុន ទោះបីមានកន្លែងខ្លះរងផលប៉ះពាល់ដោយសត្វចង្រៃផ្សេងៗក៏ដោយ ។ 

បន្ទាប់ពីចែកពូជត្រីដល់កសិករ និងពិនិត្យមើលការបង្កបង្កើនផលរួចហើយ លោកប្រធានមន្ទីរ បានទៅមើលកសិដ្ឋានចិញ្ចឹមក្រពើ ដែលមានពូជក្រពើមានកូនពណ៌ស ជាពូជកម្រ របស់លោក តៃ សេង នៅភូមិពួកថ្មី ឃុំពួក ស្រុកពួក ដែលមានកូនក្រពើស ដែលទើបញាស់បាន ចំនួន២២ក្បាល ។ លោកប្រធានមន្ទីរ បានលើកទឹកចិត្ត និងជំរុញម្ចាស់កសិដ្ឋានឲ្យខិតខំក្នុងការថែទាំ និងពង្រីកពូជក្រពើនេះឲ្យបានកាន់តែច្រើន ដើម្បីបំពេញតាមតម្រូវការទីផ្សារ ក្នុងស្រុក និងនាំចេញទៅបរទេសផងដែរ៕


 

ចំនួនអ្នកចូលទស្សនា
Flag Counter