រុក្ខទិវា ៩ កក្កដា ២០២០ ក្រោមប្រធានបទ «ស្ដារគម្របបៃតងឡើងវិញ»
បុណ្យ«រុក្ខទិវា»ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិត ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស៕
នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំពិធីដាំកូនឈើក្រោមប្រធានបទ «ស្ដារគម្របបៃតងឡើងវិញ» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម កែវ អូម៉ាលីស ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ គណៈប្រតិភូ អមដំណើរ អស់លោក លោកស្រីមកពីក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធបងប្អូន សមាជិក សមាជិកា សសយកប្រចាំខេត្តសៀមរាម ក្រុមកាយឫទ្ធិកម្ពុជា និងប្រជពលរដ្ឋឃុំឃុនរាម ប្រមាណ៥០០នាក់។ ការដាំកូនឈើក្នុងស្រុកបន្ទាយស្តីនេះមានចំនួន ១៥ ៦២៥ដើម ក្នុងនោះមាន កូនឈើទាល បេង គគីរ ផ្តៀក ក្រញូង ធ្នង់ កកោះ ដាំលើផ្ទៃដីចំនួន ២៥ហិកតា នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី។
ការប្រារព្ធទិវានេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់យើងទាំងអស់គ្នា ក្នុងការស្តារគម្របព្រៃឈើឡើងវិញឲ្យមានពណ៌បៃតង និងដើម្បីរក្សាបាននូវការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈម និងជាកង្វល់រួមដ៏ធំមួយរបស់ពិភពលោក ដោយសារតែបណ្ដាប្រទេសជឿនលឿនជាច្រើន បានបញ្ចេញឧស្ម័នពុល ឧស្ម័ន ផ្ទះកញ្ចក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះកម្ពុជា និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត បាននិងកំពុងរងគ្រោះយ៉ាងខ្លាំង និងបានធ្វើឲ្យកំដៅនៅលើផែនដីកើនឡើង។ ម្យ៉ាងទៀត ការដាំដើមឈើ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។
បន្ទាប់ពីបញ្ចប់ពិធីដាំកូនឈើជាស្ថាពរ គណៈប្រតិភូ បានបន្តដំណើរចុះទៅទស្សនាចំការពូជឈើក្រញូង និងថតរូបអនុស្សាវរីយផងដែរ។