ថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ ព្រមទាំងសហការី បានឆ្លៀតឱកាសអញ្ជើញចូលទស្សនា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករកំពុងលក់កសិផលដែលផលិតបានយកមកលក់នៅផ្សារលក់បន្លែសុវត្ថិភាព ចុងសប្តាហ៍ នៅផ្សារណាត់ជាប់ដងស្ទឹងសៀមរាប ទីរួមខេត្តសៀមរាប។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្តីរីករាយ និងសាទរចំពោះកសិករ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ការងារដាំដុះរបស់ខ្លួន ពីការដាំដុះតាមបែបពឹងផ្អែកទៅតាមអាកាសធាតុ មកជាការដាំដុះក្នុងរោងសំណាញ់ ឬផ្លាស្ទិក និងបានផលិតជាបន្លែសុវត្ថិភាព ដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពិនិត្យឃើញថា កសិករបានអភិវឌ្ឍន៍ខ្លួនពីការដាំដុះផ្អែកលើផលិតកម្ម ទៅជាការដាំដុះទៅតាមតម្រូវការទីផ្សារ ដោយអនុវត្តតាមយន្តការផលិតកម្មតាមកិច្ចសន្យា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់កសិករឱ្យខិតខំពង្រីកការដាំដុះបន្លែសុវត្ថិភាពឱ្យបានកាន់តែច្រើន ទៅតាមតម្រូវការទីផ្សារ ។
សូមបញ្ជាក់ថា៖ ផ្សារលក់បន្លែសុវត្ថិភាព ចុងសប្តាហ៍ គឺបើកលក់រយៈពេល២ថ្ងៃ(សៅរ៍ និងអាទិត្យ) រៀបចំឡើងដោយគម្រោងជំរុញទីផ្សារខ្នាតតូច (AIM) នៃមន្ទីរពាណិជ្ជកម្ម សហការណ៍ជាមួយកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងគម្រោងលាភ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម