ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញមកពិនិត្យវឌ្ឍនភាពកម្មវិធីASPIRE និងសកម្មភាពផលិតកម្មបន្លែរបស់សហគមន៍កសិកម្មសំរោងមានជ័យ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប
ចេញ​ផ្សាយ ៣០ សីហា ២០២០
236

ថ្ងៃអាទិត្យ១២កើតខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ខែសីហា ឆ្នាំ២០២០ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោកជំទាវ ព្រមទាំងសហការី  បានអញ្ជើញមកពិនិត្យវឌ្ឍនភាពកម្មវិធីASPIRE និងសកម្មភាពផលិតកម្មបន្លែរបស់សហគមន៍ កសិកម្មសំរោងមានជ័យ ដែលពិធីនេះបាន រៀបចំធ្វើនៅក្នុងកសិដ្ឋានបន្លែរបស់លោក ឈាវ ហុង នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម។ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអានរបាយការណ៍ស្តីពីសហគមន៍កសិកម្មដែលបានធ្វើការចុះបញ្ជីនៅមន្ទីរកសិកម្មខេត្តសៀមរាប និងបណ្តុំអាជីវកម្មកសិកម្ម ដែលគាំទ្រដោយកម្មវិធី ASPIRE នៅខេត្តសៀមរាប ។ បន្ទាបពីសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរ ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាត ជូន លោកឈាវ ហុង ម្ចាស់កសិកដ្ឋាន និងជាសមាជិកក្នុងសហគមន៍ កសិកម្មសំរោង មានជ័យ នៅឃុំសំរោង ស្រុកសូទ្រនិគម រៀបរាប់ពីប្រវត្តិនៃការប្រកាន់ យកអាជីពដាំបន្លែ ជីគ្រប់មុខ ផលិតស្រូវ​ពូជ ចិញ្ចឹមមាន់ បណ្តុះផ្សិតនិងចិញ្ចឹមត្រីជាបន្តបន្ទាប់។

ចុងបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារនៅក្នុងខេត្តសៀមរាបឲ្យជួបតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លាងឃ្លាត។ សូមថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលបានរៀបចំកម្មវិធីនេះ និងសូមធ្វើការកោតសសើរដល់កិច្ច ខិតខំប្រឹងប្រែងរបស់ លោកឈាវ ហុង ដែលជាម្ចាស់កសិដ្ឋានទទួលបានជោគជ័យទាំងបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី និងការចែករំលែកបទពិសោធន៍។ល។ កត្តាវិជ្ជមានទាំងអស់នេះ ឯកឧត្ដមរដ្ឋមន្រ្តី បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែល លោក ឈាវ ហុង ទទួលបាន នាពេលនេះ ហើយពិតណាស់ស្របទៅនឹងឆន្ទ: និងបំណងប្រាថ្នា របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ចង់បានចង់ឃើញប្រជា ពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត មានសុភមង្គល ក្រោមម្លប់សុខសន្តិភាព ហើយរួមគ្នាខិតខំបន្តទៀត ដើម្បីដើរឆ្ពោះទៅ រកគោលដៅនាឆ្នាំ២០៣០និង២០៥០។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនសមាជិកសហគមន៍ថា សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយ:ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវរបស់លោកពូ ឈាវ ហុង ហើយពិតណាស់គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពនស្ថិរភាព សង្គមសេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្កលក្ខណ:ងាយស្រួល ឲ្យបងប្អូនប្រជាពល រដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។

ស្ថិតក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ-១៩ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យប្រជាពល រដ្ឋខិតខំ ប្រឹងប្រែងបន្ថែមទៀតលើការងារបង្កបង្កើនផល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានា គុណភាព លើកកំពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាម សេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់ បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយការនាំចូល។ ការដាំដំណាំ ការធ្វើវារីវប្បកម្ម និងការចិញ្ចឹមសត្វបានផលហើយ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរជួយ ធ្វើការបណ្តុះ បណ្តាលបច្ចេកទេសបន្ថែមលើការអនុវត្តតាមការធ្វើកសិកម្មល្អ (GAP) ការអនុវត្តផលិត កម្មកសិកម្មតាមកិច្ចសន្យា ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយ:គុណ ភាព សុវត្ថិភាពនៃផលិតផល និងបង្កើនតម្លៃបន្ថែម ហើយក៏គួរពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ចៀសវាងការបន្លំគុណភាព។

សម្រាប់ព្រឹកនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានចែកកូនកង្កែបពូជបន្លែ ចំណី និងថវិកាមួយ ចំនួនជូនដល់សមាជិកសហគមន៍ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter