កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ០៩ខែ ឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប
ចេញ​ផ្សាយ ២៩ កញ្ញា ២០២០
199

ថ្ងៃអង្គារ១២កើតខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៩ខែ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល ការិយាល័យជំនាញ មន្ត្រីរាជការទាំងអស់ក្រោមឪវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក លោកស្រីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងសៀមរាប សរុបប្រមាណ១៦០នាក់។

លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឡើងរាយការណ៍ស្តីពីលទ្ធផលការងារអនុវត្តបានរយៈពេល៩ខែឆ្នាំ២០២០ រួចមកក៏មានមតិសំណេះសំណាលរបស់គណៈអធិបតីស្វាគមន៍អង្គប្រជុំ  ដោយឯកឧត្តម ង៉ាន់  ភិរុណ អភិបាលរងខេត្តសៀមរាប បានសម្ដែងនូវការកោតសសើរ និងវាយតំលៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្នុងការអនុវត្តបេសកកម្ម របស់ខ្លួនក្នុងរយៈពេល០៩ខែ កន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការកំណត់បាននូវបញ្ហាប្រឈម ដំណោះស្រាយ និង ការលើកទិសដៅសម្រាប់អនុវត្តការងារបន្ត រួមទាំងកំណត់បាននូវមុខសញ្ញាជនល្មើសពាក់ព័ន្ធក្នុងវិស័យរដ្ឋបាលព្រៃឈើ និងជលផល ការចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានកិច្ចសហការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងអាជ្ញាធរដែនដី ក្នុងការទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសព្រៃឈើ និងជលផល ទាំងក្នុងតំបន់អភិរក្ស តំបន់ព្រៃលិចទឹក ក៏ដូចជាតំបន់ ដែលមានសក្តានុពលធនធានធម្មជាតិផ្សេងៗទៀត ។ 

 ​ក្នុងឱកាសនោះដែរ ឯកឧត្តម ណៅ  ធួក  រដ្ឋលេខាធិការ ក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ឲ្យកាន់តែទទួលបានជោគជ័យ  សូមឲ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់លើចំណុចមួយចំនួន រួមមាន ៖ ១. ត្រូវផ្សព្វផ្សាយ ណែនាំដល់កសិករក្នុងការរៀបចំដីស្រែឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដាំដុះ ការគ្រប់គ្រងទឹក និងដីឲ្យបានល្អប្រសើរ ការគ្រប់គ្រងជី និងការកម្ចាត់សមាសភាពចង្រៃ ធ្វើឱ្យដំណាំស្រូវលូតលាស់ល្អ និងផ្តល់ទិន្នផលខ្ពស់  , ២. ជំរុញការផ្លាស់ប្តូរទម្លាប់របស់កសិករពីការប្រើប្រាស់ពូជប្រពៃណី មកជ្រើសរើសប្រភេទពូជស្រូវទំនើប ដែលផ្តល់ទិន្នផលខ្ពស់ មានរយៈពេលខ្លី ដែលសមស្របនឹងក្សេត្របរិស្ថាន ធន់នឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបនឹងតម្រូវការទីផ្សារ , ៣. ពន្លឿនចុះអន្តរាគមន៍ ទប់ស្កាត់ ដោយសហការជាមួយអ្នកពាក់ព័ន្ធក្នុងពេលកសិករជួបគ្រោះរាំងស្ងួត ទឹកជំនន់ សមាសភាពចង្រៃ និងជំងឺឆ្លងសត្វ ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការប្រើប្រាស់ថ្នាំកសិកម្ម ពោលគឺត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍សុវត្ថិភាពឱ្យបានម៉ឹងម៉ាត់ , ៤.ពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ បង្រ្កាបបទល្មើស ចរាចរសត្វ ព្រៃឈើ និងជលផលគ្រប់ប្រភេទ និងជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ , ៥.ពង្រឹងសមត្ថភាពស្រាវជ្រាវ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីជាបទពិសោធន៍ និងស្វែងរករបកគំហើញថ្មីៗ ដើម្បីអនុវត្តការងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យទទួលបានលទ្ឋផលល្អប្រសើរ , ៦. គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមសហការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានផ្តល់ថវិកាចំនួន២ពាន់លានរៀល ដល់វិស័យកសិកម្ម ដោយផ្តោតទៅលើវារីវប្បកម្ម ដល់ប្រជាកសិករដែលងាយរងគ្រោះ និង៧. ក្នុងបរិបទឆ្លើយតបទៅនឹងកូវីដ១៩ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើនផលិតភាពកសិកម្ម ការចិញ្ចឹមសត្វ ការគ្រប់គ្រងវិស័យ ព្រែឈើ  និងជលផល ៕

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅស្ថានីយ៍ពិសោធន៍ និងស្រាវជ្រាវកសិកម្មទឹកវិល។

ចំនួនអ្នកចូលទស្សនា
Flag Counter