នៅល្ងាចថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក ទា គឹមសុទ្ ធប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានដឹកនាំនាយកខណ្ឌរដ្ឋបាលព្រៃឈើ ថ្នាក់ដឹកនាំការិយាល័យជំនាញមន្រ្តីរាជការ ជូនដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ និងឯកឧត្តមប្រតិភូអមដំណើរ បានចុះដល់ ភូមិថ្នល់ដាច់ ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយបាននាំយកកូនឫស្សីសាំងម៉ុនចំនួន ២ពាន់ដើម មកចែកជូនសហគមន៍ព្រៃឈើទឹកជប់ខ្នាពោធិ៍ និងសហគមន៍ព្រៃឈើគោកចាស់ ដោយសហគមន៍នីមួយៗទទួលបានកូនឫស្សីចំនួន ១ពាន់ដើម។ លោក គង់ ប៉ុនលួស (លេខទំនាក់ ទំនង ០១៧ ៨៥៨២២៩) អនុប្រធានគណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើទឹកជប់ខ្នាពោធិ៍ បានអានរបាយការណ៍ជូនអង្គពិធីជ្រាបថាសហគមន៍បានបង្កើតនៅឆ្នាំ១៩៩៩ មានផ្ទៃដី១០២២ ហ.ត និងមានសមាជិក ៤៩នាក់។ លោកបានបន្តរៀបរាប់អំពីស្ថានភាពជារួមនៃសហគមន៍ព្រៃ ឈើ សកម្មភាពជីវភាពរបស់សមាជិកសហគមន៍ តួនាទី និងភារកិច្ចក្នុងការការពារ និងថែរក្សាព្រៃឈើ សត្វព្រៃ ការប្រមូលផល និងអនុផលព្រៃឈើ ការធ្វើអេកូទេសចរណ៍ ការកសាងហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ បញ្ហាប្រឈម ទិសដៅ និងសំណើ។ល។
នាឪកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការសំណេះ សំណាលជាមួយបងប្អូនប្រជាសហគមន៍ ដោយបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលលោកទាំងពីរតែងតែ គិតគូពីសុខទុក្ខ និងបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូន ហើយសម្តេចសូមជូនពរឱ្យបងប្អូនទទួលបាននូវពុទ្ធពរទាំង ៤ប្រការ។ ចំពោះពិធីនារសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន រដ្ឋបាលព្រៃឈើ ដែលបានសហ ការគ្នារៀបចំបង្កើតសហគមន៍ព្រៃឈើ ជាពិសេសរៀបចំពិធីចែក និងដាំឫស្សី ដើម្បីជាប្រយោជន៍ក្នុងការបង្កើតគម្របព្រៃឈើឡើងវិញ ធ្វើការអភិវឌ្ឍ និងអភិរក្សព្រៃឈើ សត្វព្រៃ ជីវ:ចំរុះ ធានាបាននូវនិរន្តរភាពនៃការអាស្រ័យផល និងអនុផលព្រៃឈើ និងចូលរួមថែរក្សា ការពារធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) សម្រាប់កូនចៅជំនាន់ក្រោយ។ ដើម្បីរក្សាបាននូវនិរន្តរភាពនៃការ គ្រប់គ្រងសហគមន៍ព្រៃឈើ និរន្តរភាពនៃការផ្គត់ផ្គង់ស្បៀង ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ័ណ្ឌរដ្ឋបាលព្រៃឈើជួយកៀរគរគម្រោងថ្មីៗដោយជ្រើសរើសសហគមន៍នេះ និងសហគមន៍ព្រៃឈើទូទាំងប្រទេសធ្វើជាគោលដៅនៃចលនាជំរុញ និងបង្កើនផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមសត្វ (មាន់ស្រែ) ត្រី ដាំបន្លែ និងដំណាំរួមផ្សំ ដើម្បីបន្តការអភិវឌ្ឍសហគមន៍ឲ្យកាន់តែរីកចម្រើន ឈានទៅប្រែក្លាយជាសហគមន៍គំរូ និងសហគមន៍អេកូទេសចរណ៍ ដើម្បីទាញយកប្រយោជន៍បន្ថែមពីធនធានព្រៃឈើ បង្កើត និងបង្កើនប្រភពចំណូល កែលម្អជីវភាពតាមរយ:បង្កើតរបរបន្ថែម ដូចជាចិញ្ចឹមឃ្មុំ ដាំឬស្សី ចិញ្ចឹមសត្វ និងដាំដំណាំ រួម ទាំងរៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងសហគមន៍ឲ្យបានល្អដើម្បីពង្រីកវិស័យអេកូទេសចរណ៍ ធ្វើផ្លូវ ការពារភ្លើងឆេះព្រៃ ត្រូវបោះបង្គោលព្រំដីសហគមន៍ និងធ្វើប្លង់ដីកម្មសិទ្ធិចៀសវាងការទន្រ្ទានដីព្រៃឈើរដ្ឋធ្វើជាកម្មសិទ្ធិ។ តាមសំណើរបស់សហគមន៍ ឯកឧត្តមរដ្ឋមន្ត្រីថានឹងជួយជួសជុលទំនប់ទឹកប្រវែង ១៦០ម ទប់ទឹកទុកប្រើប្រាស់ជាប្រយោជន៍រួម។
យោងលើរបាយការណ៍របស់រដ្ឋបាលព្រៃឈើបានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានសហគមន៍ព្រៃឈើចំនួន ៦៣៦(៥១៨ ៥២៦ហ.ត) ក្នុងនោះបានសហគមន៍ចំនួន៤៩៦ (៤៣ ៥៨០ហ.ត) ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ចំនួន ៤៤០ (៣៦៥ ៣០៦ហ.ត)។ ដោយឡែកខេត្តសៀម រាបមានសហគមន៍ព្រៃឈើចំនួន ៦២ គ្របដណ្តប់លើផ្ទៃដីព្រៃ ៣៤ ៦៩០ហ.ត។ បច្ចុប្បន្ន សហគមន៍ភាគច្រើនបានពឹងអាស្រ័យលើការប្រមូលអនុផលព្រៃឈើដូចជាផ្សឹត ផ្លែឈើព្រៃ ឃ្មុំព្រៃ កែច្នែទាំងការកែច្នៃឬស្សីប្រើប្រាស់ និងលក់ ដែលអាចរកចំណូលបានជាមធ្យមពី ៨-១២លាន រៀល/ឆ្នាំ/សហគមន៍។ ដើម្បីកែប្រែកម្រិតជីវភាព និងរក្សាបាននូវនិរន្តរភាពស្បៀង រដ្ឋបាលព្រៃ ឈើបានអនុវត្តសាកល្បងនូវជម្រើសកសិ-រុក្ខកម្មនៅក្នុងព្រៃសហគមន៍ចំនួន ៥កន្លែងក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ ចំនួន ៨កន្លែង (២ហិកតា/សហគមន៍) ដោយដាំកូនឈើធ្នង់ ស្តៅ និងឫស្សី នៅចន្លោះកូនឈើសហគមន៍បានដាំដំណាំកសិកម្មដូចជា ក្រូចឆ្មា ស្វាយចន្ទី ពោត សណ្តែក និងឪឡឹក។ ដោយសារផលកសិ-រុក្ខកម្មនេះសហគមន៍អាចរកចំណូលបាន៤-៧ លានរៀល/ឆ្នាំ/សហគមន៍បន្ថែមទៀត។ ចំពោះឫស្សីដាំថ្ងៃនេះ គឺជាឫស្សីពូជសាំងម៉ុន (Dendrocalamus sp.) ដែលត្រូវបានគេហៅថាឫស្សីយក្ស ឬឫស្សីនាគ។ វាមានដើមធំ (អង្កត់ផ្ចឹតពី១០ទៅ៣០ ស.ម) និងមានកំពង់រហូតដល់ ២៥-៣៥ម៉ែត្រ ដែលគេដាំសម្រាប់យកដើមមកប្រើប្រាស់ជាគ្រឿងសង្ហារឹម នៅអាយុ ៥-៧ឆ្នាំ អាចប្រមូលផលបាន។ ចំពោះការចែក និងដាំកូនឫស្សីនារសៀលថ្ងៃនេះ គឺជាការដាំជានិមិត្តរូបនៃចលនាដាំកូនឫស្សីរបស់រដ្ឋបាលព្រៃឈើចំនួន ១១ ០០០កូន ជូន១១ សហគមន៍ព្រៃឈើក្នុងខេត្តគោលចំនួន ៧គឺខេត្តកំពង់ឆ្នាំ កំពង់ស្ពឺ កំពង់ធំ ពោធិសាត់ សៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ។