ដំណើរចុះមកពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី CaPFish-Capture និង CaPFish Aquaculture​របស់ឯឧត្តមរដ្ឋមន្ត្រី វេង សាខុន នៅខេត្តសៀមរាប
ចេញ​ផ្សាយ ១៣ តុលា ២០២០
532

នាថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូចំរុះរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហភាពអឺរ៉ុប និងតំណាងអង្គការ AFD FAO និង UNIDO អញ្ជើញមកកាន់ទឹកដីអង្គរ ក្នុងបំណងចុះមកពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី CaPFish-Capture និង CaPFish Aquaculture ដែលបានទទួលជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុបចំនួន ៨៧លានអឺរ៉ូ សម្រាប់រយៈពេល ០៦ឆ្នាំ។ កម្មវិធីនេះមានគោលបំណងចំបងគាំទ្រនូវឆន្ទ:សម្រេចឲ្យបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ននៃវិស័យវារីវប្បកម្មដើម្បីចូលរួមធានាសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របទៅតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យជលផល ទៅតាមចំណុចគោលដៅ។ កម្មវិធីជាបន្តបន្ទាប់ដូចខាងក្រោម៖

កម្មវិធីទី១៖អញ្ជើញចុះមកពិនិត្យសិប្បកម្មកែច្នៃផល និងផលិតផលជលផល របស់លោក សំណាង សុធា  (លេខទំនាក់ទំនង ០៩២ ៤២២ ៤០៤) ភូមិអារ៉ាញ់ ឃុំសៀមរាប ក្រុងសៀមរាប។ លោកសុធា បានឲ្យដឹងថាសិប្បកម្មនេះបានបង្កើតឡើងតាំងពីឆ្នាំ២០០៤ ជាលក្ខណគ្រួសារ ជាបណ្តើរៗដោយទទួលបានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផលទាំងបច្ចេកទេសកែច្នៃ គោលការណ៍ណែនាំស្តីអំពីការអនុវត្តអនាម័យល្អ(Good Hygiene Practices) ការអនុវត្តផលិតកម្មល្អ (Good Manufacturing Practices) និងគោលការណ៍ HACCP (Hazard Analysis Critical Control Point) និងជាពិសេសតម្រូវការទីផ្សារខ្ពស់។ បច្ចុប្បន្ន លោកសុធា មានផលិតត្រីងៀតត្រីរ៉ស់ ត្រីឆ្តោ និងត្រីអណ្តែង ផ្អកត្រីប្រា ប្រហុក ម៉ាំត្រីរ៉ស់ និងត្រី ផាត់ ដោយប្រើប្រាស់ផល និងផលិតផលជលផលក្នុងស្រុកទាំងស្រុង ជាមធ្យមពី ៩០- ១០០តោន/ឆ្នាំ (ត្រីចំរុះគ្រប់ប្រភេទ) ផលត្រីទាំងនោះភាគច្រើនទទួលទិញពីកសិដ្ឋានចិញ្ចឹម  និងប្រជានេសាទនៅមូលដ្ឋាននេះផ្ទាល់។ ផលិតផលកែច្នៃទាំងអស់យកទៅផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្តសៀមរាបទាំង មូលប្រមាណ ៥០% រាជធានីភ្នំពេញ ៣០% និងខេត្តឧត្តរមានជ័យ ២០%។ ចំណូលដែលបានមកពីសិប្បកម្មនេះជាមធ្យមជាង ៥០ ០០០ដុល្លារ ហើយលោកគ្រោងនឹងបង្កើនបរិមាណផលិត ១០% រៀងរាល់ឆ្នាំ។ 

ក្រោយពីបានអញ្ជើញពិនិត្យឃើញទិដ្ឋភាពជារួមរបស់សិប្បកម្មកែច្នៃ និងសកម្មភាពជាក់ស្តែង រួចមកឯកឧត្ដមរដ្ឋមន្រ្តី និងលោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែង ជំនះបាននូវរាល់ឧបសគ្គគ្រប់បែបយ៉ាងឈានមកសម្រេចបានជោគជ័យដូចអ្វីដែលយើងបានឃើញនាពេលនេះ។ ភាពជោគជ័យនេះ វាពិតជាបានចូលរួមចំណែកបំពេញឲ្យសេចក្តីត្រូវការទីផ្សារក្នុងខេត្ត កាត់បន្ថយការនាំចូល ជួយជំរុញផលិតកម្មវារីវប្បកម្មក្នុងស្រុក បង្កើនចំណូល បង្កើតការងារ ចូលរួមអភិវឌ្ឍវិស័យវារីវប្បកម្ម និងជាពិសេសបាននិងកំពុងចូលរួមអនុវត្តអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗកន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យលោកសុធា ត្រូវបន្តរក្សាមុខរបរនេះ និងគួរពង្រីកផលិតកម្មបន្ថែមដើម្បីបំពេញឲ្យតម្រូវការទីផ្សារក្នុងខេត្ត។ មួយវិញទៀត សិប្បកម្មកែច្នៃផល និងផលិតផលជល ផល នេះគឺជាសិប្បកម្មមានលក្ខណជាតំបន់ (ប្រហុកសៀមរាប) ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ហើយជាប្រភពចំណូលក្នុងគ្រួសារ និងសេដ្ឋកិច្ចជាតិយ៉ាងល្អប្រសើរ។ ឆ្លៀតយកឱកាសនេះ លោកបានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយធ្វើទីផ្សារដើម្បីរក្សានិរន្តរភាពផលិតកម្មកែច្នៃ ជាពិសេសផលិតកម្មចិញ្ចឹមដើម្បីធ្វើការផ្គត់ផ្គង់ឲ្យសិប្បកម្ម ហើយគួរជួយរៀបចំ QR Code ដើម្បីបង្ហាញពីខ្សែច្រវាក់ផលិតកម្ម អនាម័យ និងប្រភព ដែលផ្គល់ជំនឿទុកចិត្តសម្រាប់អ្នកបរិភោគ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការអំពាវនាវដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឲ្យគិតគូពីការកែច្នៃនៅនឹងកន្លែង ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ កាត់បន្ថយភាពជន់ជោនៃផលចាប់នៅរាល់រដូវប្រមូលផល។ នាឱកាសនេះ លោកជំទាវក៏មានចំណាប់អារម្មណ៍ដែលមានខ្លឹមសារថា កម្ពុជាជាប្រទេសសម្បូរធនធានទឹក មានទឹកត្រូវមានត្រី ប៉ុន្តែដោយសារការប្រែប្រួលអាការធាតុ ការកើនឡើងសេចក្តីត្រូវការផលត្រី ការរីកចម្រើនសេដ្ឋ កិច្ច ធ្វើឲ្យបរិមាណផលចាប់ពីធម្មជាតិមានការខ្វះខាត ឬធ្លាក់ចុះ ដូច្នេះមានតែវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ទេទើបអាចធានាការផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការទាំងពេលបច្ចុប្បន្ន និងអនាគត។ ព្រមជាមួយគ្នានោះ យើងក៏មិនគួរមើលរំលងលើការងារអភិវឌ្ឍ និងអភិរក្សមេពូជត្រី រក្សា ការពារ តំបន់អភិរក្សពូជត្រី រក្សា ការពាព្រៃលិចទឹក ទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ ហើយងាកមកជំរុញ និងលើកទឹកចិត្តការចិញ្ចឹមត្រីគ្រប់រូបភាពទាំងជាលក្ខណគ្រួសារ និងកសិដ្ឋានធំៗ រួមទាំងសិប្បកម្មកែច្នៃ។ 

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវបានចែកទូកម៉ាស៊ីនចំនួន ២០ ជូនដល់មន្រ្តីជលផលសម្រាប់យកទៅប្រើប្រាស់តាមការចាំបាច់ ហើយលោកបានណែនាំឲ្យមន្រ្តីជួយថែរក្សា ប្រើឲ្យចំគោលដៅ និងចូលរួមទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធភាព។

កម្មវិធីទី២៖ចេញពីសិប្បកម្មកែច្នៃផល និងផលិតផលជលផល គណ:ប្រតិភូបានអញ្ជើញបន្តដំណើរទូកទេស​ចរណ៍​មកពិនិត្យសហគមន៍នេសាទកំពង់ភ្លុក។ ប្រើរយ:ពេលធ្វើដំណើរ ០២ម៉ោង មកដល់សហគមន៍ ជាកិច្ចចាប់ផ្តើមធ្វើការសំណេះសំណាលលោក ស រឿម ប្រធានក្រុមប្រឹក្សាសហគមន៍បានសម្តែង​ការស្វាគមន៍ និងរាយការណ៍ជូនគណ:ប្រតិភូជ្រាបអំពីរចនាសម្ព័ន្ធរដ្ឋបាលរបស់សហគមន៍ គោលការណ៍របស់សហគមន៍គឺអភិវឌ្ឍ និងអភិរក្សសហគមន៍ បទពិសោធន៍ បញ្ហា ការការពារ និងប្រើប្រាស់ធនធានធម្មជាតិ ជីវចម្រុះប្រកបដោយនិរន្តរភាព ធ្វើអេកូទេសចរណ៍ បង្កើតតំបន់អភិរក្ស បោះបង្គោលព្រំប្រទល់ ដាំព្រៃលិចទឹក និងទប់ស្កាត់បទល្មើសនេសាទ ដើម្បីការពារផលប្រយោជន៍រួម។ បច្ចុប្បន្ន សហគមន៍មានទូកនេសាទខ្នាតតូច ៦០ គ្រឿង និងខ្នាតធំចំនួន ២០គ្រឿង។ បច្ចុប្បន្នសហគមន៍មានកាណូត ៨០០គ្រឿង និងទូកអំ ២០គ្រឿង ចំណូលអាស្រ័យលើចំនួនភ្ញៀវទេសចរណ៍ គិតជាមធ្យម ២៥០-៣០០ដុល្លារ/ខែ មិនរួមទាំងចំណូលពីផលនេសាទ។

ធ្វើការសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារដែលផ្ញើជីវិតនៅលើផ្ទៃទឹក និងជូនពរឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាត។ បានឃើញសហគមន៍ទទួលបានជោគជ័យក្នុងការការពារបាននូវធនធានធម្មជាតិ (មច្ឆជាតិ បក្សីទឹក និងព្រៃលិចទឹក) និងបរិស្ថាន រក្សានិរន្តរភាពនៃការនេសាទ សមត្ថភាពនៃការការពារ អភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ។ ផ្ទុយទៅវិញចំពោះប្រាក់ចំណូលរបស់សមាជិកសហគមន៍នៅមានកម្រិត ហេតុនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ជាគំនិតជូនសហគមន៍ ពិសេសរដ្ឋបាលជលផលឲ្យគិតគូអំពីកម្រិតជីវភាពរបស់ប្រជានេសាទតាមរយ:បង្កើតមុខរបរបន្ថែម ជំរុញវិស័យវារីវប្បកម្ម ដោយមិនត្រូវពឹងតែលើធនធានធម្មជាតិ បើមិនដូច្នេះទេយើងមិនអាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ និង២០៥០។ ត្រង់ចំណុចនេះ រដ្ឋបាលជលផលគួររៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍លើការងារបច្ចេកទេស ការងារគ្រប់គ្រង និងការអភិវឌ្ឍក្នុងរង្វង់សហគមន៍នេសាទដើម្បីស្វែងរកការរីកចម្រើន លើកកម្ពស់កម្រិតជីវភាព កាត់បន្ថយផលចាប់ពីប្រភពធម្មជាតិ ភ្ជង់ផ្តោតទៅលើវារីវប្បកម្មវិញ ដើម្បីបង្កើនផលចាប់ ទើបធ្វើឲ្យជីវភាព និងសន្តិសុខស្បៀងត្រូវបានធានា និងលើកកម្ពស់ជាជំហានៗ ប្រែក្លាយសហគមន៍នេសាទទៅជាសហគមន៍គំរូទាំងលើការអភិវឌ្ឍ និងអភិរក្ស។ ឯកឧត្ដមរដ្ឋមន្រ្តីបានបន្តទៀតថា តាមបំណងប្រាថ្នាដ៏ទទួចរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី គឺចង់បាន ចង់ឃើញសមាជិកសហគមន៍នេសាទនៅទូទាំងប្រទេស មានជីវភាពសម្បូរសប្បាយ ការពារបាននូវធនធានធម្មជាតិ រស់នៅជួបជុំគ្រួសារ ក្រោមម្លប់សុខសន្តិភាព។ ដូច្នេះ តាមរយ:ជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុបនេះ រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវខិតខំគ្រប់បែបយ៉ាងដើម្បីអភិវឌ្ឍសហគមន៍នេសាទកំពង់ភ្លុកឲ្យមានការរីកចម្រើនជាជំហានៗដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្ត មេត្តាជួយជំរុញការងារចុះបញ្ជីដីសហគមន៍ ដើម្បីការពារការទន្រ្ទានកាន់កាប់ជាកម្មសិទ្ធិឯកជន។

តាមផ្លូវទឹកទៅកាន់សហគមន៍ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក  ជាប្រធានរដ្ឋបាលជលផល បានរាយការណ៍ជូនគណ:ប្រតិភូបានជ្រាបជាយ៉ៗអំពីដែនសមត្ថកិច្ចរបស់រដ្ឋបាលជលផលក្នុងការគ្រប់គ្រងផ្ទៃដីព្រៃលិចទឹកក្នុងបឹងទន្លេសាបមានចំនួន ៦៤២ពាន់ហ.ត មានសហគមន៍នេសាទ ២៣ មានតំបន់អភិរក្ស ៤កន្លែង គ្របដណ្តប់លើផ្ទៃដី ៨៤៣៥ ហ.ត សកម្មភាពប្រចាំថ្ងៃរបស់សហគមន៍នេសាទ ផលចាប់ប្រចាំឆ្នាំ សកម្មភាពបង្គ្រាបបទ ល្មើស។ល។ ហើយជាក់ស្តែងតាមផ្លូវទឹកទៅកាន់សហគមន៍ គណ:ប្រតិភូបានឃើញសកម្មភាព បង្គ្រាបបទល្មើសនេសាទ ០២ករណីរបស់មន្រ្តីរដ្ឋបាលជលផលផងដែរ។ នាឱកាសនេះ សហគមន៍នេសាទចំនួន១៥០ ក្នុងនោះ ១០០ សហគមន៍ ជាសហគមន៍នេសាទ និង ៥០ ទៀតជាសហគមន៍ស្រះជម្រកត្រី ដោយសហគមន៍នីមួយៗទទួល បានប្រាក់ឧបត្ថម្ភ ៤លានរៀល។

កម្មវិធីទី៣៖នៅរសៀលថ្ងៃដដែល គណ:ប្រតិភូបានអញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ឋានបង្កាត់-ភ្ញាស់កង្កែបរបស់លោកគង់ គីមឆាវ នៅភូមិអង្គ្រង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។ លោក គង់  គីមឆាវ (លេខទំនាក់ទំនង ០៨៩ ៣២២ ៥៦៥) បានឲ្យដឹងថា ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មនៅឆ្នាំ២០១៦ គាត់បានត្រលប់ទៅស្រុកកំណើតវិញជាមួយ នឹងកង្កែបមេពូជចំនួន ៣០គូរ។ ដោយសារចំណង់ចំណូលចិត្ត និងឆន្ទ:តស៊ូមោះមុត បច្ចុប្បន្ន គាត់មានលទ្ធភាពបង្កើនមេពូជកង្កែបរហូតដល់ទៅ ៣០០០គូរ/ឆ្នាំ។ គាត់បានប្រើប្រាស់ប្រាក់ ចំណេញធ្វើការកែលម្អកន្លែងបង្កាត់ភ្ញាស់របស់គាត់ជាអាំងស៊ីម៉ង។ លោក  គីម  ឆាវ  ត្រូវបានគេទទួលស្គាល់ និងចាត់ទុកថាជាវារីវប្បករគំរូម្នាក់ក្នុងខេត្តសៀមរៀមរាប ដែលទទួលបានជោគជ័យអាជីវកម្មខ្នាតតូច និងមធ្យម។ យុវជនរូបនេះ បាននិយាយថាទីផ្សារកូនកង្កែបកំពុងមានការកើន ឡើងស្ទើរគ្រប់បណ្តាខេត្តមកបញ្ជាទិញតាម YouTube និង Facebook ដោយលក់ ១គូក្នុងតម្លៃ ៥-៦០ ០០០រៀល ប៉ុន្តែកសិដ្ឋានមិនទាន់បញ្ចេញលក់ច្រើន ដោយសារទុកពង្រីកបន្ថែម។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រ លើកទឹកចិត្ត និងជូនពរឲ្យអាជីវកម្មចិញ្ចឹមកង្កែបនេះទទួលបានជោគជ័យជាបន្តបន្ទាប់ និងស្នើសុំឲ្យលោក គីមឆាវ ជួយចែករំលែកបទពិសោធន៍ល្អៗដល់អ្នកទើបចាប់ផ្តើមចិញ្ចឹម និងលក់ចែកចាយពូជ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់និស្សិតដែលទើបបញ្ចប់ការសិក្សា គួរចាប់យក ឬបង្កើតមុខរបរទៅតាមជំនាញរបស់ខ្លួនមួយដើម្បីមានការងារធ្វើ និងមានប្រភពចំណូល ចៀសវាងធ្វើចំណាកស្រុក និងជាពិសេសគួរឆក់យកឱកាសមាសនេះ ដោយប្រើប្រាស់សក្តានុពលរបស់ខ្លួនដែលទទួលបានពីសាលា។ ដោយឡែក លោក ជំទាវឯកអគ្គរដ្ឋទូតក៏បានសម្តែងការគាំទ្រចំពោះសកម្មភាពចិញ្ចឹម និងបង្កាត់ពូជកង្កែបនេះ ព្រោះវាជាប្រភពនៃប្រាក់ចំណូលសម្រាប់កែលម្អកម្រិតជីវភាពយុវជនជំនាន់ថ្មីឲ្យកាន់តែល្អប្រសើរ។

តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឲ្យដឹងថា ការអនុវត្តគម្រោងវារីវប្បកម្មឆ្លើយតបទៅ នឹងវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ-១៩ កម្មវិធី CapFish Aquaculture គឺជាសកម្មភាពការងារគម្រោងអភិវឌ្ឍន៍មួយ ដែលត្រូវបានរៀបចំដំណើរការធ្វើឡើងនៅក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្នផ្នែកវារីវប្បកម្ម ដែលទទួលបានហិរញ្ញប្បទានពីសហ គមន៍អឺរ៉ុប។ សកម្មភាពការងារអភិវឌ្ឍន៍របស់គម្រោងមានគោលដៅផ្តោតជាសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍផលិតកម្មវារីវប្បកម្មឱ្យដំណើរការបានលឿនឆាប់រហ័ស ហើយអាចឆ្លើយតបបានទាន់ពេលវេលាទៅនឹងវិបត្តិសេដ្ឋកិច្ច និងបញ្ហាសន្តិសុខស្បៀងនៅក្នុងអំឡុងពេលនៃការផ្ទុះជំងឺ រាតត្បាតកូវីដ-១៩។ ការអនុវត្តកម្មវិធីនេះដោយរដ្ឋបាលជលផល ទទួលបានលទ្ធផលដូចខាង ក្រោម៖

១- គម្រោងអនុវត្តលើខេត្តគោលដៅចំនួន ១០ គឺខេត្តពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម បន្ទាយមានជ័យ កំពង់ឆ្នាំង កណ្តាល តាកែវ និងព្រៃវែង ដោយក្នុងខេត្តនីមួយៗមានអ្នកចិញ្ចឹមត្រីអណ្តែង ១០០គ្រួសារ និងអ្នកចិញ្ចឹមកង្កែប ១០០គ្រួសារ សរុប ២០០គ្រួសារក្នុង១ ខេត្ត និង ២ ០០០គ្រួសារនៅទូទាំង ១០ខេត្ត។ គម្រោងអភិវឌ្ឍកសិដ្ឋានខ្នាតតូច ឬជាលក្ខណៈគ្រួសារចិញ្ចឹមត្រីអណ្តែង និងចិញ្ចឹមកង្កែប ដោយគ្រួសារនីមួយៗទទួលបានការជួយឧបត្ថម្ភពីគម្រោងនូវឧបករណ៍ សម្ភារចាំបាច់មួយចំនួន ដូចជាអាងចិញ្ចឹម កូនពូជ និងចំណីសម្រាប់ដំណើរការចិញ្ចឹមវគ្គទី១ និងផ្តល់បច្ចេកទេស។

កម្មវិធីដំណើរការទៅបានយ៉ាងរលូន ប្រកដដោយក្តីសរចក្តីសោមន្សរីករាយ ហើយគណៈប្រតិភូធ្វើដំណើរត្រលប់ទៅវិញប្រកបដោយសុខសុវត្តិភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter