ឆ្នាំ២០២០នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានទទួលរៀបចំ «ទិវាស្បៀងអាហារពិភពលោក» ដែលជាខួបលើកទី៤០ ក្រោមប្រធានបទ “រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី” បានរៀបចំប្រារព្វនៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្ត និងក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ ទីប្រឹក្សា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក Alexandre HUYNH តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ លោកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង កញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បងប្អូនតំណាងកសិករយ៉ាងច្រើនកុះករ។
ឯកឧត្តម ទៀ សីហា បានអានមតិស្វាយគមន៍ និងជម្រាបជូនអង្គពិធីអំពីស្ថានភាពនៃដំណើរការអភិវឌ្ឍលើគ្រប់វិស័យ និងដោយឡែកវិស័យកសិកម្មដែលមានសក្តានុពលសម្រាប់ការបង្កើនផលិតភាពផលិតកម្មស្បៀង ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់នៅទូទាំងខេត្ត ស្របតាមកំណើនទេសចរណ៍ក្នុងរយ:ពេលកន្លងមក។
លោកស្រីClaire Conan បានរាយការណ៍ជូនអង្គ ពិធីជ្រាបថានេះគឺជាលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោក ហើយការប្រារព្ធទិវានាពេលនេះគឺជាព្រឹត្តិការណ៍សាកលរបស់អង្គការសហប្រជាជាតិ ដែលពិភពលោកបានប្រារព្ធឡើងក្នុងន័យបំផុសស្មារតីយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្ម ក្នុងការផលិតស្បៀង ធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងនិរន្តរភាពភពផែនដី ដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្មក្នុងស្មារតីទទួលខុសត្រូវ សំដៅធានាឲ្យបានសន្តិសុខស្បៀងក្នុងកាល:ទេស:ដែលពិភពលោកបាននិងកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ- ១៩។
លោក Alexandre HUYNH បានថ្លែងថាការជំរុញផលិតកម្មស្បៀងគឺជាឆន្ទ:រួមគ្នាពីគ្រប់តួរអង្គពាក់ព័ន្ធរួមមានអ្នកផលិត អ្នកបរិភោគ រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ ធ្វើយ៉ាងណាឲ្យខ្លឹមសារនៃប្រធានបទនាថ្ងៃនេះទទួលបានជោគ ជ័យ ហើយអង្គការ FAO នឹងបន្តគាំទ្ររាល់សកម្មភាពដើម្បីឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់យើងនាពេលអនាគត។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំទិវាប្រកបដោយអត្ថន័យ និងទទួលបានផ្លែផ្កាគួរជាទីមោទន:។ ឆ្លៀតយកឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ឯកឧត្តមរដ្ឋ មន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយសម្តេចបានជូនពរបងប្អូនជនរួមជាតិ និងប្រជាពលរដ្ឋខេត្ត សៀមរាបឲ្យទទួលបាននូវពុទ្ធពរទាំង៤ប្រការ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់ផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់កន្លងមក ដោយឲ្យប្រជាពលរដ្ឋនិងជាពិសេសក្រសួងឲ្យខិតខំជំរុញសកម្មភាពផលិតកម្មស្បៀងគ្រប់រូបភាព(ចិញ្ចឹមមាន់ ត្រី កង្កែប ដាំបន្លែ និងឈើហូបផ្លែ) ក្នុងឆន្ទ:ចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើនប្រាក់ ចំណូល ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ស្របពេលដែលវិស័យមួយចំនួនកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ និងឈានជាជំហានៗឆ្ពោះទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍដោយចីរភាព និរន្តរភាពផលិតកម្មស្បៀង និងភពផែនដីដែលកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ដីហួសពីសមត្ថភាព ហើយជាក់ស្តែងដូចអ្វីដែលកម្ពុជាកំពុងប្រឈមនាពេលនេះគឺគ្រោះទឹកជំនន់ ដែលបង្កគ្រោះមហន្តរាយដល់ដំណាំស្រូវ ដំណាំផ្សេងៗទៀត និងសត្វ។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាល បានខិតខំតស៊ូយ៉ាងប្តូរផ្តាច់ យកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានដើម្បីការពារសុខភាព សុខុមាលភាព ធានាសន្តិសុខស្បៀង រក្សាកំណើនសេដ្ឋកិច្ចដោយអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ស៊ីជម្រៅ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញល្បឿនអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ រក្សាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភជូនប្រជាជន និងការកាត់បន្ថយភាពក្រីក្រក្នុងខណ:យើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩៕
ក្នុងពិធីនេះដែលគណៈប្រតិភូបានចុះទស្សនកិច្ចកសិដ្ឋានបន្លែសុវត្តិភាពក្រកូលហុង ពិពណ៍ផលិតផលកសិកម្ម និងបានដាំកូនឈើទុកជាអនុស្សវរីយ៍ក្នុងវិទ្យាល័យសំរោងផងដែរ។