ថ្ងៃអង្គារ១១កើតខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជូនដំណើរឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះមកពិនិត្យស្ថានភាពដំណាំបន្លែក្រោយពេលទឹកស្រក មានល្ពៅ ពោត ហើយច្រើនជាងគេគឺត្រសក់ ទ្រើងសរុបជាង ១០ហិកតា ដែលត្រូវបានទឹកជំនន់មកបំផ្លាញខូចខាតស្ទើរគ្មានសល់ របស់ប្រជាកសិករនៅភូមិភ្លោះ ឃុំលាងដៃ ស្រុកអង្គរធំ។ បងស្រី ហ៊ុន ពី ដំណាងឲ្យកសិកររងគ្រោះ បានរៀបរាប់ជូនឯកឧត្តមរដ្ឋមន្រ្តីថានេះជាការដាំលើកទី២ បន្ទាប់ពីប្រមូលផលលើកទី១លក់បានជាង ៦លានរៀល មានត្រសក់ស្រូវ ត្រសក់ទ្រើង និងពោត។ បច្ចុប្បន្នផ្ទៃដីខូចខាង ២,៥ ហិកតា លើផ្ទៃដីសរុបជាង៤ហិកតា ដែលបងស្រីដាំបន្លែ អាស្រ័យផលលើដីដែលគ្រប់គ្រងដោយអាជ្ញាធរអប្សារា សម្រាប់ទ្រទ្រង់ជីវភាព។ បងស្រីបានស្នើសុំឯកឧត្តមរដ្ឋមន្រ្តីមេត្តាជួយផ្តល់ពូជបន្លែ ជី និងទុយោទឹក ដើម្បីចាប់ផ្តើមផលិតកម្មបន្លែនេះឡើងវិញក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមបានទទួលយកសំណើរដោយក្តីរីករាយ រួមជាមួយអារម្មណ៍សោកស្តាយ អាណិតអាសូរចំពោះក្រុមគ្រួសារដែលរងផលប៉ះពាល់ តាមរយ:មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានដោះស្រាយពូជបន្លែ និងជី ជូនដោយឡែកទុយោទឹកឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់បានជួយឧបត្ថម្ភ ៤ ០០០ម៉ែត្រ/គ្រួសារ។ ចំពោះករណីការពន្យាបង់កាប្រាក់ធនាគារ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យលោកប្រធានមន្ទីរជួយអន្តរាគមន៍ទៅធនាគារផ្ទាល់ដោយយោងលើហេតុផលជាក់ស្តែង និងពួកគាត់សុទ្ធតែជាអតិថិជនល្អរបស់ធនាគារ និងជាពិសេសយោងលើប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថាយើងជួយគ្នាក្នុងគ្រាក្រ មិត្តល្អជួយគ្នានៅពេលមានទុក្ខលំបាក។ ចំពោះអំណោយដ៏ថ្លៃថ្លានេះ កសិករដែលទទួលរងគ្រោះដោយទឹកជំនន់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី និងជាពិសេសសម្តេចតេជោ ដែលបានជួយឧបត្ថម្ភ និងដោះស្រាយបញ្ហាជូនប្រជាជនគ្រប់បែបយ៉ាងទោះនៅទីជិតឆ្ងាយ។
មុនអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកពូជស្រូវ និងពូជបន្លែដល់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រីបានឆ្លៀតពេលចូលពិនិត្យដំណាំបន្លែសរីរាង្គដាំក្នុងផ្ទះសំណាញ់ របស់លោកលន់ សាវុធ (លេខទំនាក់ទំនង ០៩៦ ៦២៨ ៣៨១៨) នៅភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាប។ លោកលន់ សាវុធបានឲ្យដឹងថា ក្នុង០១ឆ្នាំ គាត់អាចដាំបន្លែស្លឹកបាន ៦លើក ហើយក្នុង០១លើក គាត់អាចទទួលបានចំណូល ៦លានរៀល។ ទីផ្សារកំពុងពេញនិយម មានតម្រូវការខ្ពស់ និងលក់បានថ្លៃ ដោយក្នុង០១គីឡូក្រាម គាត់ទទួលបាន ១០ ០០០រៀល។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលកសិករគំរូម្នាក់នេះទទួលបាននាពេលនេះ ហើយពិតណាស់ស្របទៅនឹងឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ មានចំណូលក្នុងគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រីលើកទឹកចិត្តឲ្យលោកលន់ សាវុធ បន្តខិតខំបន្ថែមទៀតដើម្បីចូលរួមផលិតបន្លែក្នុងស្រុក បង្កើនបរិមាណផ្គត់ផ្គង់ដល់ទីផ្សារ និងនិរន្តរភាពនៃប្រាក់ចំណូលគ្រួសារ។
ចប់កម្មវិធីចែកពូជស្រូវ និងពូជបន្លែ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្ត និងសហការីបានអញ្ជើញធ្វើដំណើរដោយទូកម៉ាស៊ីនចុះមកពិនិត្យស្ថានភាពដំណាំស្រូវដែលកំពុងចាប់ផ្តើមលូតលាស់ឡើងវិញ និងទទួលរងការខូចខាត ក្រោយពេលទឹកស្រក នៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក។ ដោយយោងតាមរបាយការណ៍របស់មន្ទីរបានឲ្យដឹងថា ទឹកជំនន់ធ្វើឲ្យប៉ះពាល់ដំណាំស្រូវចំនួន ១២ ៨៨៣ហិកតា ក្នុងស្រុកចំនួន៧ ឃុំ ២៥ ៤សង្កាត់ និងភូមិចំនួន ១៤៦ គ្រួសារចំនួន១១ ១៣១ រងផលប៉ះពាល់និងផ្ទៃដីខូចខាតចំនួន២០៣ហិកតា មាន ៤១៤គ្រួសារ ក្នុងនោះស្រុកពួកប៉ះ ពាល់ដំណាំស្រូវចំនួន ១ឃុំ ៧ភូមិ ២៥០គ្រួសារ ផ្ទៃដី ៥៣៥ហិកតា និងក្រុងសៀមរាបប៉ះពាល់ ១០៥ហិកតា ៤សង្កាត់ ១៧ ភូមិ ១១៥គ្រួសារ និងនៅសង្កាត់ក្របីរៀលប៉ះពាល់ ៣០ហិកតា ៧ភូមិ និង ២៥គ្រួសារ។