ខេត្តសៀមរាប៖ ថ្ងៃពុធ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ២០២០ លោកស្រីយុន ស៊ីណាង ប្រធានអនុវត្តកម្មវិធីASPIREប្រចាំក្រុងសៀមរាប និងសហការី បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសបណ្ដុះផ្សិត ដល់កសិករ ក្នុងបណ្តុំអាជីវកម្មផ្សិត ដែលមានសមាជិកចំនួន២៥នាក់ នៅភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប ក្រោមអធិបតី លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជាអនុប្រធានកម្មវិធីASPIRE ខេត្តសៀមរាប។ ក្នុងការបណ្តុះបណ្តាលនេះកសិករបានយល់ដឹងពីរបៀបលាយល្បាយបណ្ដុះផ្សិត, របៀបចំហុយ និងការថែទាំផ្សិត ព្រមទាំងបានចុះមើលផ្ទាល់នៅកសិដ្ឋានបណ្ដុះផ្សិតរបស់សមាជិកបណ្ដុំផ្សិតឈ្មោះលោក អ៊ុក គន្ធា នៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប។ នៅពេលរសៀលថ្ងៃដដែលក៏មានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសស្ដីពីការដាំដុះបន្លែដល់កសិករក្នុងបណ្តុំអាជីវកម្មបន្លែសុវត្តិភាពភូមិគោកដូង ដែលមានសមាជិកចំនួន២៥នាក់ ស្តីពីរបៀបផលិតជីកំប៉ុស្ត៍,ការធ្វើថ្នាំពុលបណ្ដេញសត្វល្អិតផ្សំពីរុក្ខជាតិនិងការប្រើប្រាស់ជីឲ្យបានសមស្របតាមលក្ខណៈបច្ចេកទេស។ ក្រោយពីវគ្គបណ្តុំបណ្តាលរួច លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ បានចែកពូជបន្លែដល់កសិករក្នុងបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ចំនួន២៥គ្រួសារ និងសម្ភារៈផ្សេងៗ ដោយកសិករនីមួយៗទទួលបានពូជបន្លែ ១ថង់មាន ស្ពៃតឿ ១កញ្ចប់ ត្រសក់១កញ្ចប់ សណ្ដែកគួរ១កំប៉ុង និងថាសបណ្ដុះកូនចំនួន៣។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម