កសិករដាំបន្លែសុវត្តិភាពនៅក្រុងសៀមរាប ខេត្តសៀមរាប បានទទួលវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អ
ចេញ​ផ្សាយ ០៧ ធ្នូ ២០២០
650

ថ្ងៃសុក្រ៤រោច ខែមិគសិរ ឆ្នាំជូតទោស័កព.ស ២៥៦៤ ត្រូវនិងថ្ងៃទី៤ ខែធ្នូ  ឆ្នាំ ២០២០ លោក  ហៃ  វាសនា  អនុប្រធានមន្ទីរ  កសិកម្មរុក្ខាប្រមាញ់  និង  នេសាទ  ខេត្តសៀមរាប  បាននាំយកវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់កសិករឈ្មោះ លន សាវុធ រស់នៅភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាប។លោកលន សាវុធ ជាអ្នកដាំបន្លែជាយូរឆ្នាំមកម៉្លេះ ហើយបានចាប់ផ្តើមការដាំបន្លែសុវត្តិភាពក្នុងផ្ទះសំណាញ់ចាប់ពីដើមឆ្នាំ២០១៩។ គាត់ជាកសិករក្នុងបណ្តុំអាជីវកម្មបន្លែសុវត្តិភាពភូមិគោកដូង នៃកម្មវិធីASPIRE និងបានទទួលផ្ទះសំណាញ់សម្រាប់ដាំបន្លែចំនួន០១ខ្នង ទំហំ១០ម៉ែត្រx៣៦ម៉ែត្រ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទសកសិកម្មថ្មីដែលធន់ទ្រាំនិងការប្រែប្រួលអាកាសធាតុ (ASPIRE) ឆ្នាំ២០១៩ និងបានសាងសងដោយថវិកាផ្ទាល់ខ្លួនចំនួន៣ខ្នងទៀត។ លើផ្ទះដីប្រមាណ៥ ០០០ម៉ែត្រការ៉េគាត់ដាំភាគច្រើនជាប្រភេទបន្លែស្លឹកមានដូចជា៖ ប្រភេទសាលាដ ស្ពៃចង្គឺះ ស្ពៃក្រញាញ់ ស្ពៃជើងទា ខាត់ណាដើម ខ្ទឹមស្លឹក...។ល។ សម្រាប់ផ្គត់ផ្គង់នៅផ្សារទំនើម ផ្សារបន្លែសុវត្តិភាពចុងសប្តាហ៍ នៅក្នុងក្រុងសៀមរាប។ 
បន្ទាប់ពីមើលឃើញកិច្ចខិតខំរបស់គាត់ក្នុងវិស័យកសិកម្ម ដើម្បីបង្កើនផលិតផលបន្លែសុវត្តិភាពលើទីផ្សារក្នុងខេត្តសៀមរាប មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានអញ្ជើញក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្មចុះមកពិនិត្យទីតាំង និងការងារដាំដុះរបស់កសិករលន សាវុធ រួចមក បានបញ្ជាក់ថាពិតជាបានបំពេញគ្រប់លក្ខខណ្ឌតម្រូវការនៃការចុះបញ្ជីកសិដ្ឋាន ឬចំការអនុវត្តកសិកម្មល្អកម្ពុជាស្របតាមប្រកាសលេខ០៩៩ប្រក.កសក ស្តីពីការដាក់ឲ្យប្រើប្រាស់វិធានការនៃការអនុវត្តកសិកម្មល្អក្នុងការងារផលោតកម្មផ្លែឈើ និងបន្លែស្រស់។ 
កសិករ លន សាវុធ ក្រោយពីទទួលបានវិញ្ញាបនប័ត្រនេះ គាត់មានចិត្តសប្បាយរីករាយ ដោយសារការមើលឃើញការខិតខំរបស់គាត់ពីមន្ទីរ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់បន្លែសុវត្ថិភាព ឲ្យឈានទៅរកការលុបបំបាត់ការប្រើប្រាស់ជី-ថ្នាំកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter