ថ្ងៃព្រហស្បតិ៍១០រោចខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងសហការី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានការអនុញ្ញាតពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចុះពិនិត្យមើលស្ថានភាពការចិញ្ចឹមសត្វ មាន់ ទា របស់ប្រជាកសិករដែលប្រកបរបរចិញ្ចឹមមាន់ ទា ក្នុងភូមជីក្រែង ឃុំជីក្រែង ដោយបានចុះទៅពិនិត្យនៅកសិដ្ឋានរបស់កសិករ បេង យ៉ាន មានចិញ្ចឹមទាកាប យកពងចំនួន១ ៥០០ក្បាល ហើយក្នុង១ថ្ងៃទទួលបានពងចាប់ពី១ ២០០គ្រាប់ ទៅ១ ៣០០គ្រាប់ តម្លៃពងទាលក់បាន៤២០រៀល/គ្រាប់។ ចំពោះស្ថានភាពសត្វ ក្នុងកសិដ្ឋាន និងក្នុងឃុំជីក្រែងទាំងមូល គឺសត្វមានសុខភាពល្អធម្មតា។ លោកប្រធានបានពន្យល់ណែនាំពីវិធីការពារការរីករាលដាលនៃជំងឺសត្វ និងបានចែកថ្នាំបាញ់សំលាប់មេរោគក្នុងទ្រុងផងដែរ។ បន្ទាប់មកទៀត ក្រុមការងារបានចុះទៅពិនិត្យការចិញ្ចឹមក្របី របស់កសិករឈ្មោះម៉ម សុភា និងនួន រ៉ាវុធ នៅភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែង និងចាក់ថ្នាំការពារជំងឺសារទឹកសត្វក្របី បានចំនួន១៥០ក្បាល និងចាក់ថ្នាំការពារជំងឺសារទឹកគោក្របីនៅឃុំខ្ចាស់ ស្រុកសូទ្រនិគម បានចំនួន៦៧៤ក្បាល ព្រមទាំងបានចែកថ្នាំខៀវដល់កសិករទុកប្រើប្រាស់ផងដែរ។
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងសហការី ក៏បានធ្វើការណែនាំដល់ប្រជាកសិករ ភ្នាក់ងារសុខភាពសត្វភូមិ និងមន្ត្រីអនុវត្តនៅស្រុកផ្ទាល់ ត្រូវធ្វើការតាមដាន និងរាយការណ៍ជាបន្ទាន់មកលោកផ្ទាល់ ឬមន្ត្រីជំនាញ ពេលសត្វមានជំងឺ ដើម្បីលោកចាត់មន្ត្រីជំនាញចុះជួយព្យាបាល និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម