លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះពិនិត្យការងារប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០២០-២០២១ របស់កសិករនៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប
ចេញ​ផ្សាយ ០៤ មីនា ២០២១
258

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះពិនិត្យការងារប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០២០-២០២១ របស់កសិករនៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប

 ថ្ងៃអង្គារ៤រោចខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ខែមីនា ឆ្នាំ២០២១ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី បានចុះពិនិត្យការងារប្រមូលផលស្រូវរដូវប្រាំង ឆ្នាំ២០២០-២០២១ នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ដោយមានការសហការជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទាំងពីរ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។ គោលបំណង គឺដើម្បីពិនិត្យលើបញ្ហប្រឈមនានា​ ដែលកសិករជួបប្រទះដូចជា៖ ការប្រើប្រាស់ទឹក កត្តាចង្រៃផ្សេងៗដែលបានជួបប្រទះក្នុងដាំដុះ ការងារក្នុងប្រមូលផលស្រូវ ទិន្នផលស្រូវ និងតម្លៃលក់ស្រូវ។

លោកគឹម ឈូក ជាកសិករនៅភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង បានមានប្រសាសន៍ថា ឆ្នាំនេះទិន្នស្រូវប្រសើរជាឆ្នាំមុន ហើយមិនមានជួបបញ្ហាទឹក និងសត្វចង្រៃផ្សេងៗលើដំណាំស្រូវធ្ងន់ធ្ងរទេ គាត់ប្រើប្រាស់ពូជ៥០៤ និងពូជ៥៤៥១ ចំពោះការប្រមូលផលគឺប្រើប្រាស់ដោយម៉ាស៊ីនច្រូតស្រូវ ទទួលបានទិន្នផលជាមធ្យម៦-៧,៥តោន/ហិកតា និងលោកអ៊ុត ឃន់ ជាកសិករនៅភូមិថ្នល់ដាច់កើត ឃុំគៀនសង្កែ ស្រុកសូទ្រនិគម ក៏បានមានប្រសាសន៍ថា ឆ្នាំនេះទិន្នផលល្អជាងឆ្នាំមុន គាត់ប្រើប្រាស់ពូជ៥៤៥១ ទទួលបានទិន្នផលជាមធ្យម៥-៦តោន/ហិកតា។

បើសរុបទូទាំងខេត្តសៀមរាប ការងារប្រមូលផលស្រូវប្រាំងឆ្នាំ២០២០-២០២១ បានសរុប៧ ៤៩៥ហិកតា ស្មើនឹង ៣២,១៩% នៃផ្ទៃដីប្រមូលផល ២៣ ២៨៥ហិកតា ទិន្នផលប៉ាន់ស្មានជាមធ្យម ៣,១០តោន/ហិកតា ក្នុងនោះរួមមាន៖ ស្រូវបង្កើនរដូវចំនួន ២៤៥ហិកតា , ស្រូវប្រដេញទឹកចំនួន ៥ ១០៥ហិកតា , ស្រូវប្រាំងរនាមចំនួន ២ ១៤៥ហិកតា។

ចំពោះតម្លៃស្រូវសែនក្រអូប(សើម)តម្លៃ១ ១០០-១ ១៥០រៀល/គីឡូក្រាម ស្រូវចំរុះ(សើម) តម្លៃ៩៥០-១ ០០០រៀល/គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter