មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កំពុងជំរុញការប្រើប្រាស់ឡជីវឧស្ម័ន
ចេញ​ផ្សាយ ២៣ មីនា ២០២១
478

ថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័កព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១

លោក ប៉ែន ប៊ុនធឿនអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធានកម្មវិធីឡជីវឧស្ម័នប្រចាំ​ខេត្តសៀមរាប និងលោកសឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងជាមន្រ្តីសម្របសម្រួលឡជីវឧស្ម័ន បានចុះពិនិត្យដំណើរការសង់ឡជីវឧស្ម័នពីឥដ្ឋ របស់កសិករមុំ មុត ដែលមានទីលំនៅ​នៅភូមិត្រាវកុដ្ឋ ឃុំបល័ង្ក ស្រុកប្រាសាទបាគង ដែលជាកសិករគំរូ របស់កម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។

លោកប្រធានកម្មវិធីឡជីវឧស្ម័ន បានណែនាំភ្នាក់ងារសង់ឡនិងជាងឲ្យយកចិត្តទុកដាក់​និងអនុវត្តតាមនិយាមបច្ចេកទេសរបស់កម្មវិធីជាតិ ​ដើម្បីធនាការប្រើប្រាស់បានយូរអង្វែងនៅ​ក្នុងជីវភាពប្រចាំថ្ងៃរបស់កសិករជាម្ចាស់ឡ។ ទន្ទឹងនឹងពេលនោះដែរ លោកប្រធានបានណែនាំ ឲ្យកសិករ មុំ មុត ដែលបច្ចុប្បន្នកំពុងចិញ្ចឹមសត្វគោ សរុបប្រមាណ ៣០ក្បាល យកចិត្តទុកដាក់ប្រមូល និងសន្សំលាមកគោ ស្រស់សម្រាប់ដាក់បញ្ចូលក្នុងឡ ក្នុងពេលខាងមុខនេះ ការប្រើប្រាស់ ការថែទាំ និងការប្រើប្រាស់កាកសំណល់ពីឡជីវឧស្ម័នយកទៅដាំដំណាំកសិកម្មផងដែរ។

លោកមុំ មុត ម្ចាស់ឡជីវឧស្ម័ន បានថ្លែងអំណរគុណដល់លោកប្រធានកម្មវិធីឡជីវឧស្ម័ន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសាទខេត្តសៀមរាប បានចុះមកសាងសង់ឡជីវឧស្ម័នសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលជួយដល់គាត់ក្នុងការកាត់បន្ថយការចំណាយក្នុងគ្រួសារបានមួយកំរិតផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter