ថ្ងៃសុក្រ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី បានចុះសួរសុខទុក្ខក្រុមការងារត្រួតពិនិត្យបឋមជំងឺកូវីដ-១៩ នៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ ។
នាឳកាសនេះផងដែរលោកប្រធានមន្ទីរ ក៏បាននាំយកសម្ភារៈមួយចំនួនរួមមាន៖ មីចំនួន៣០កេស ទឹកបរិសុទ្ធចំនួន៤០កេស សាច់មាន់ចំនួន៥០គីឡូក្រាម ម៉ាសចំនួន៥០ប្រអប់ អាកុលចំនួន៣០លីត្រ ទៅផ្តល់ជូនដល់ក្រុមការងារដែលប្រចាំការនៅទីនោះដើម្បីជួយសម្រួលដល់តម្រូវការប្រើប្រាស់ និងការហូបចុកប្រចាំថ្ងៃ។
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដឹកនាំដោយលោក ទា គឹមសុទ្ធ បានចូលរួមយ៉ាងសកម្ម តាមការណែនាំរបស់រដ្ឋបាលសាលាខេត្ត ក៏ដូចរាជរដ្ឋាភិបាល តាមរយៈការចុះអប់រំផ្សព្វផ្សាយ ផ្តល់ជាស្បៀង និងសម្ភារៈសង្គ្រោះបឋមជូនដល់ប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ឃុំជីក្រែង ស្រុកជីក្រែង និងក្រុមការងារដែលប្រចាំការត្រួតពិនិត្យបឋមជំងឹកូវីដ-១៩ នៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម