សៀមរាបថ្ងៃច័ន្ទ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្រោមអធិបតីលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,លោក លោកស្រីអនុប្រធានមន្ទីរ,លោក លោកស្រី ប្រធាន អនុការិយាល័យជំនាញ និងខណ្ឌទាំងពីរ បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារអនុវត្តការងារឆមាសទី២ ឆ្នាំ២០២១។
លោកទា គឹមសុទ្ធ ប្រធានអង្គប្រជុំ បានមានមតិសំខាន់លើកឡើងផងដែរក្នុងកិច្ចប្រជុំមានដូចជា៖
-សូមថ្នាក់ដឹកនាំការិយាល័យជំនាញ និងខណ្ឌទាំងពីរ ធ្វើការណែនាំមន្ត្រីក្រោមឪវាទ ក្នុងការចូលរួមការពារការរីករាលដាលនៃជំងឺកូវីត១៩ កុំឲ្យមានការរីករាលដាល។
-មន្ត្រីជំនាញ ត្រូវបន្តយកចិត្តទុកដាក់លើកការតាមដានសុខភាពសត្វរបស់ប្រជាពលរដ្ឋ ជំរុញការងារដាំដុះ ការចិញ្ចឹមសត្វគ្រប់ប្រភេទ និងការងារចុះចាក់វ៉ាក់សាំងសត្វ ។
-ត្រូវបន្តធ្វើការផ្សព្វផ្សាយទប់ស្កាត់បទល្មើសព្រៃឈើ សត្វព្រៃ និងជលផលកុំឲ្យមានការកើនឡើង និងអនុវត្តទៅតាមនីតិវិធីត្រឹមត្រូវ។
ជាលទ្ធផលក្នុងត្រីមាសទី១ ឆ្នាំ២០២១ មន្ទីរអនុវត្តបានមានដូចជា៖
១/ការងារវិស័យក្សេត្រសាស្ត្រ
-ដំណាំស្រូវប្រាំង បានច្រូតកាត់ប្រមូលផលបញ្ចប់លើផ្ទៃដីចំនួន២៣ ២៨៥ហ.ត ទទួលបានទិន្នផលជាមធ្យម៣,៦៤៦ត/ហ.ត ដោយទទួលបានបរិមាណផលសរុបចំនួន ៨៤ ៩០៨តោន ក្នុងនោះ ៖-ស្រូវបង្កើនរដូវ ២៤៥ហ.ត ទិន្នផលជាមធ្យម ២,២០០ត/ហ.ត បានបរិមាណផលសរុប ៥៣៩តោន-ស្រូវប្រដេញទឹក៧ ៧២០ហ.ត ទិន្នផលជាមធ្យម៣,០១៣ត/ហ.ត បាន បរិមាណ ផល សរុប២៣ ២៥៧តោន-ស្រូវប្រាំងរនាម ១៥ ៣២០ហ.ត ទិន្នផលជាមធ្យម៣,៩៨៩ត/ហ.ត បាន បរិមាណផលសរុប៦១ ១១២តោន។
-ដំណាំស្រូវវស្សា ធ្វើបានសរុបចំនួន ១១៩ ៦៦០ហ.ត ស្មើនឹង៦៣,០៧% នៃផែនការ១៨៩ ៧៣០ហ.ត ក្នុងនោះ ដាំស្រូវចំការ១ ០៤០ហ.ត ព្រោះស្រូវស្រាល ២៤ ១៦៥ហ.ត ព្រោះស្រូវ កណ្ដាល ៦៦ ២៤០ហ.ត ព្រោះស្រូវធ្ងន់ ២៥ ៣៩០ហ.ត និងស្រូវឡើងទឹក ២ ៨២៥ហ.ត។
-ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយៈពេលខ្លី ៖ ដាំដុះបានសរុបចំនួន ២៣ ៤០៨ហ.ត ស្មើនឹង ៧៨,២៩% នៃផែនការ ២៩ ៨៩៨ហ.ត ក្នុងនោះ ពោតស ៣៤៣ហ.ត ដំឡូងជ្វា ២៤០ហ.ត បន្លែគ្រប់មុខ ៨១៩ហ.ត ឪឡឹក ១៦៩ហ.ត ម្ទេស ២៦ហ.ត ដំឡូងមី ២០ ០៧៦ហ.ត សណ្តែកបាយ ១ ៤៨២ហ.ត ល្ង ៥០ហ.ត អំពៅ ១៨៣ ហ.ត និងឈូក ២០ហ.ត។
២/ការរងារវិស័យផលិតកម្ម និងបសុព្យាបាល
-កសិកដ្ឋានចិញ្ចឹមសត្វមានការកើនឡើង ក្នុងនោះកសិដ្ឋានចិញ្ចឹមគោ០,៤% កសិដ្ឋានចិញ្ចឹមជ្រូក១២,៨% និងកសិដ្ឋានចិញ្ចឹមាន់២១,៨%។ ចំពោះជំងឺសត្វគឺមានការឆ្លងរាលដាននូវជំងឺដុំពកស្បែកលើសត្វគោ នៅស្រុកមួយចំនួន និងបានសហការជាមួយអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះផ្សព្វផ្សាយ និងផ្តល់សម្ភារៈមួយចំនួនដល់ប្រជាពលរដ្ឋដែលចិញ្ចឹមគោក្របី ក្នុងការការពារ និងព្យាបាលពីជំងឺដុំពកស្បែកនេះ។
៣/ការងារខណ្ឌរដ្ឋបាលព្រៃឈើ
-បង្ក្រាបបទល្មើសព្រៃឈើបានចំនួន ២៩ករណី (បទល្មើសព្រៃឈើ ២៣ករណី, ដីព្រៃ ៤ករណី, សត្វព្រៃ ២ករណី) បណ្តុះកូនឈើបានចំនួន២៧ ៧៣៥ដើម និងធ្វើការចែកចាយ កូនឈើបានចំនួន២៤ ២៤២ដើម។
៤/ការងារខណ្ឌរដ្ឋបាលជលផល
-ផលនេសាទចាប់បានសរុបចំនួន ២៥ ៤៣០តោន រួមមាន៖ នេសាទគ្រួសារពីដែននេសាទ ចំនួន ១៩ ៨១០តោន និងនេសាទវាលស្រែចំនួន ៥ ៦២០តោន ។
-ការកែច្នៃផលនេសាទបានចំនួន ២ ៩០០តោន ក្នុងនោះ ត្រីងៀត ២០៥តោន ត្រីប្រឡាក់ ៣៤០តោន ត្រីឆ្អើ ១៩៥តោន ប្រហុកសាច់ ៨៩០តោន កំពិសក្រៀម ៦០តោន ប្រហុកឆ្អឹង១ ០៩៥តោន ផ្អក-មាំ ១១៥តោន និងទឹកត្រីចំនួន ១៣២ ០០០ លីត្រ ។
-ផលនេសាទនាំចេញ ទៅក្រុងភ្នំពេញ ប៉ោយប៉ែត និងស្រុកម៉ាឡៃ មានចំនួន ២ ០៣៥តោន ក្នុងនោះ ត្រីស្រស់ ៨៧០តោន ប្រហុកឆ្អឹង ៦៤៥តោន និងប្រហុកសាច់ ៥២០តោន។
-ផលនេសាទជាប្រភេទត្រីស្រស់ នាំចូលពីខេត្តកំពង់ចាម បាត់ដំបង បន្ទាយមានជ័យ មានចំនួន ៩១០តោន ។
-ធ្វើការទប់ស្កាត់និងលុបបំបាត់បទល្មើសជលផលចំនួន១២ប្រភេទដោយបំពេញសំណុំរឿងបានចំនួន ១៧៤ករណី។
អង្គប្រជុំបានលើកទិសដៅសម្រាប់អនុវត្តបន្តក្នុងឆមាសទី២៖
-តាមដានរាល់បញ្ហាជួបប្រទះផ្សេងៗក្នុងការងារផលិតកម្មដំណាំគ្រប់ប្រភេទ ដើម្បីស្វែងរក មធ្យោបាយដោះស្រាយឲ្យបានទាន់ពេលវេលា។
-លើកទឹកចិត្ត និងជំរុញផលិតកម្មសត្វ និងបង្កាត់ពូជសត្វជាលក្ខណៈគ្រួសារកសិដ្ឋាន និងសិប្បនិម្មិត។
-ជំរុញការតាមដាន ត្រួតពិនិត្យសុខភាព និងការចាក់ថ្នាំការពារជំងឺសត្វគ្រប់ប្រភេទ។
-ផ្សព្វផ្សាយ និងអនុវត្តវិធានជីវសុវត្ថិភាពនៅសត្តឃាតដ្ឋាន ការដឹកជញ្ជូនសត្វនិងផលិតផល សត្វ កសិដ្ឋានចិញ្ចឹមសត្វ និងកន្លែងលក់សាច់ ដើម្បីទប់ស្កាត់ជំងឺឆ្លង ។
-ចុះត្រួតពិនិត្យ បង្រ្កាបបទល្មើសក្នុងដែននេសាទ និងយាមកន្លែងអភិរក្សត្រីមេពូជ ដើម្បីធានា និរន្តរ ភាពធនធានជលផល ។
-ពង្រឹងការពារនាទីព្រៃលិចទឹកបឹងទន្លេសាប ដែលជាជម្រក កន្លែងពងកូន រកចំណីរបស់ត្រី និងវារី សត្វគ្រប់ប្រភេទ និង ជំរុញការដាំឈើព្រៃលិចទឹក។