សៀមរាប៖ ថ្ងៃសៅរ៍១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ខែសីហា ឆ្នាំ២០២១ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះតាមដានស្ថានភាពជំងឺសត្វពិសេសជំងឺដុំពកស្បែកកើតលើសត្វគោ-ក្របី ក្នុងស្រុកមួយចំនួនក្នុងខេត្តសៀមរាប ជំងឺនេះបង្កឡើងដោយវីរុស (Poxviridae) ប៉ុន្តែងាយស្រួលព្យាបាល បើម្ចាស់សត្វធ្វើការងូតទឹកឱ្យសត្វគោក្របីញឹកញាប់ និងដាក់ចំណីឱ្យវាគ្រប់គ្រាន់យ៉ាងយូរ ២ ទៅ ៣ ថ្ងៃ នឹងជាសះស្បើយ។ គិតចាប់ពីខែឧសភា ដល់ថ្ងៃទី២១ ខែសីហា សភាពជំងឺដុំពកស្បែកគោនៅក្នុងខេត្តសៀមរាប ដែលកើតឡើងរប៉េះរប៉ោះ នៅតាមតំបន់មួយចំនួនក្នុងខេត្តសៀមរាប មានសត្វឈឺសរុប ៧២០ ក្បាល ព្យាបាលជា ចំនួន ៦៦៧ក្បាល កំពុងព្យាបាលចំនួន ៤៧ក្បាល និងងាប់ចំនួន៦ក្បាល។
បើតាមលោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៅខេត្តសៀមរាប ជំងឺនេះមានសភាពស្រដៀងទៅនឹងជំងឺអុដស្វាយដែលកើតលើមនុស្សដែលនាំឱ្យមានកន្ទួល ឡើងដំបៅពេញខ្លួន ទាមទារការថែទាំអនាម័យងូតទឹកញឹកញាប់។ សត្វល្អិតបឺតជញ្ជក់ឈាម មូស របោម រុយ ស្រួយ ដង្កែ ជាភ្នាក់ងារចម្លងជំងឺ ចំណែកការចល័តសត្វឈឺពីតំបន់មួយទៅតំបន់មួយ និងការស៊ីចំណីជុំគ្នា ជាមូលហេតុធ្វើឱ្យមានការឆ្លងរាលដាល។ យ៉ាងណាក៏ដោយ ជំងឺនេះមិនឆ្លងពីសត្វគោក្របីមកមនុស្ស ឬ សត្វប្រភេទផ្សេងទៀតនោះទេ។ ជំងឺដុំពកស្បែកគោក្របី បង្កឡើងដោយវីរុស ប៉ុន្តែងាយស្រួលព្យាបាលឱ្យជាសះស្បើយបាន១០០%។
-ការព្យាបាលវាគឺពេលសត្វក្តៅខ្លួនយើងត្រូវឧស្សហ៍ងូតទឹកឱ្យវា ផ្តល់ទឹក ផ្តល់ចំណីឱ្យគ្រប់គ្រាន់។ កុំលែងវា ត្រូវដាក់ក្នុងក្រោលឱ្យត្រឹមត្រូវ ថែទាំវាទៅ សម្អាតក្រោល បាញ់ថ្នាំសម្លាប់មេរោគតាមជុំវិញក្រោល។ ពេលសត្វក្តៅខ្លួនត្រូវប្រើប្រភេទ Pracetamole បើវាឡើងស្បែកអាឡែកស៊ីយើងអាចប្រើពពួក Dexametasone ហើយបើសិនជាសត្វមានដំបៅ យើងអាចប្រើពួកថ្នាំ Methylen blu ដែលយើងហៅថាថ្នាំខៀវ សម្រាប់លាប ដែលអាចរកបាននៅកន្លែងពេទ្យសត្វ ចែកជូនដោយមិនគិតថ្លៃ» ។
លោក ព្រំ វិច បញ្ជាក់ថា គេអាចធ្វើការព្យាបាលជំងឺនេះដោយការពារទប់ស្កាត់ជំងឺឱកាសនិយម និងដំបៅរលួយផ្សេងៗ និងមានប្រភេទថ្នាំមួយចំនួនសម្រាប់ព្យាបាលដូចជា Pracetamole Dexametasone Amoxiciline Chlorazone Bactrim និង Methylen blu ផងដែរ។
-ចាប់តាំងពីមានការផ្ទុះជំងឺដុំពកស្បែកសត្វគោ-ក្របី ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការផ្សព្វផ្សាយពីវិធានការការពារ អនាម័យទប់ស្កាត់ការឆ្លងរាលដាលជំងឺដល់កសិករម្ចាស់សត្វចំនួន ១ ២០០ គ្រួសារ និងបានចុះបាញ់ថ្នាំសម្លាប់មេរោគតាមក្រោលចិញ្ចឹមសត្វបានជាច្រើនកន្លែង និងផ្តល់បសុឱសថ សម្ភារ បរិក្ខារ បសុពេទ្យដល់ភ្នាក់ងារសុខភាពសត្វភូមិតាមបណ្តាស្រុកសម្រាប់ជួយដល់ប្រជាពលរដ្ឋផងដែរ៕