សៀមរាប៖ ថ្ងៃពុធ៩រោចខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២១
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប, លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ, ថ្នាក់ដឹកនាំខណ្ឌទាំង២, លោកស្រី លោកប្រធានការិយាល័យជំនាញ, លោក យន់ ស៊ីភន ប្រធានក្រុមប្រឹក្សាស្រុក, មន្រ្តីការិយាល័យកសិកម្មស្រុក លោកស្រី ឮ ចិន្តា មេឃុំជីក្រែង បានចូលរួមក្នុងពិធីសំណេះសំណាល និងចែកសម្ភារៈកសិកម្ម ដើម្បីចូលរួមរំលែកការលំបាករបស់ប្រជាកសិករដែលរងគ្រោះដោយគ្រោះរាំងស្ងួតរួមមាន៖ ជីគីមីចំនួន១០០ការ៉ុង ថ្នាំសម្លាប់កណ្តុរចំនួន១០០គ.ក្រ ថ្នាំកំចាត់សត្វល្អិតចំនួន ២០០ដប ស្រូវពូជចំនួន ៥ ០០០គ.ក្រ និងសំបកការ៉ុងចំនួន ៥ ០០០សំបក ជូនដល់កសិករចំនួន៤០នាក់ ដែលជាតំណាងកសិករសរុប២០០នាក់ ដែលរងគ្រោះដោយគ្រោះរាំងស្ងួតកាលខែសីហាកន្លងទៅ ដើម្បីយកទៅធ្វើស្តារឡើងវិញ។
ក្នុងឳកាសនោះដែរ លោកទា គឺមសុទ្ធ ប្រធានមន្ទីរ បានស្នើសុំឲ្យប្រជាកសិករដែលបានទទួលសម្ភារៈទាំងអស់នេះហើយ សូមយកទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់មន្ត្រីបច្ចេកទេសកសិកម្ម ក្នុងការធ្វើស្តារឡើងវិញ។ និងជំរុញឲ្យកសិករក្រៅពីការងារធ្វើស្រែ សូមខិតខំធ្វើការងារដាំដុះ និងចិញ្ចឹមសត្វផងដែរ ដើម្បីបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារបានមួយកំរិតទៀត។ ករណីត្រូវការបច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ សូមធ្វើការសួរព័ត៍មានជាមួយមន្ត្រីដែលធ្វើការនៅការិយាល័យកសិកម្មស្រុក ឬមន្ត្រីជំនាញរបស់មន្ទីរផ្ទាល់ ដើម្បីសុំការណែនាំ។ ម្យ៉ាងទៀត ចំពោះករណីមានសត្វឈឺ ឬងាប់ដោយសារជំងឺ សូមធ្វើការរាយការណ៍មកភ្នាក់ងារសុខភាពសត្វភូមិ ឬការិយាល័យកសិកម្មស្រុក ដើម្បីសហការជាមួយមន្ទីរកសិកម្មខេត្តសៀមរាប ចុះធ្វើការការពារ និងព្យាបាលជូនបានទាន់ពេលវេលា។
ចុងបញ្ចប់លោកប្រធានមន្ទីរ កោតសសើរ ដល់អាជ្ញាធរឃុំជីក្រែង ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជីក្រែង និងភ្នាក់ងារសុខភាពសត្វភូមិ ដែលតែងតែសហការគ្នាបានយ៉ាងល្អជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្នុងការផ្តល់ព័ត៌មានទាក់ទងនិងការងារកសិកម្មកន្លងមក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម