ខេត្តសៀមរាប៖
ថ្ងៃសុក្រ១១រោចខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២១ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកនាំមន្ត្រីជំនាញ ដោយបានសហការជាមួយភ្នាក់ងារពេទ្យសត្វភូមិ ចាប់ផ្តើមចុះធ្វើការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺ អុតក្តាម សារទឹក បុសខ្យល់ គោ ក្របី និងជំងឺដុំពកស្បែក ជូនប្រជាពលរដ្ឋនៅភូមិសន្ទៃយ៍ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ស្របពេលដែលរដូវវស្សាបានមកដល់ ជាពិសេសការពារហានិភ័យដល់សត្វពាហនៈ ក្រែងមានទឹកជំនន់ជាយថាហេតុកើតមាននៅក្នុងមូលដ្ឋានណាមួយ ដែលសត្វគោ-ក្របី ត្រូវបានជំលៀសទៅកាន់ទីទួលសុវត្ថិភាពដែលបង្កឱ្យកើតជំងឺផ្សេងៗ ហេតុនេះត្រូវតែចាក់បង្ការដើម្បីសុខភាពសត្វកុំឱ្យឈឺឬស្លាប់ដែលនាំឲ្យខាត់បង់ ចំណូលសេដ្ឋកិច្ចគ្រួសារ ។
លោក ព្រំ វិច បានមានប្រសាសន៍ថា៖ ជារៀងរាល់ឆ្នាំសត្វពាហនៈតែងតែកើតមានជំងឺសារទឹក បូសខ្យល់ ជាធម្មតាតែសម្រាប់ឆ្នាំនេះ ជំងឺគោ-ក្របី ដែលយើងគួរឱ្យព្រួយបារម្ភ ហើយទើបតែជួបប្រទះ គឺជំងឺដុំពកស្បែកដែលវាជាជំងឺថ្មីសម្រាប់យើង ខណៈដែលជំងឺនេះកើតមានតាំងពីឆ្នាំ១៩២៩នៅសហគមន៍អឺរ៉ុប និងតំបន់អាហ្វ្រិក។ ដោយឡែកកម្ពុជាយើងវត្តមាននៃជំងឺនេះកើតឡើងនៅចុងខែឧសភាឆ្នាំ២០២១ បណ្តាលឱ្យឆ្លងជាលក្ខណៈរប៉េះរប៉ោះទៅលើសត្វពាហនៈតាមបណ្តាភូមិមួយចំនួនក្នុងខេត្តសៀមរាប។ ជំងឺដុំពកលើស្បែកគោ-ក្របី នេះបើយើងឃើញវាពិតជាគួរឱ្យខ្លាចប៉ុន្តែតាមពិតជំងឺនេះងាយក្នុងការព្យាបាល អត្រាសត្វស្លាប់ទាប មានពីប្រមាណ១ទៅ៥% មិនមានឆ្លងទៅមនុស្សឬសត្វប្រភេទផ្សេងៗនោះឡើយ តែមកដល់ពេលនេះសម្រាប់ខេត្តសៀមរាប ជំងឺនេះបានស្ងប់ស្ងាត់ទៅវិញហើយ ។
លោក ព្រំ វិច បានអំពាវនាវទៅដល់ប្រជាកសិករដែលចិញ្ចឹមសត្វគោ-ក្របី ពេលដែលសត្វឆ្លងជំងឺដុំពកលើសត្វណាមួយហើយ ត្រូវបំបែកសត្វឈឺចេញពីសត្វជា កុំព្រលែងសត្វឈឺទៅក្រៅ ត្រូវផ្តល់ទឹកចំណី បាញ់ថ្នាំសម្លាប់មេរោគក្នុងក្រោល និងសំអាតអនាម័យទាំងជុំវិញនិងក្នុងក្រោល និងឧស្សាហ៍លាងទឹកឱ្យបានញឹកញាប់ដល់វា ករណីសត្វក្តៅខ្លួនខុសប្រក្រតី ត្រូវបញ្ច្រកថ្នាំប៉ារ៉ាសេតាម៉ុលឬដិកហ្សាដល់វា។ បន្ថែមពីនេះអ្វីដែលជាក្តីព្រួបារម្ភគឺសំណូមពរដល់បងប្អូនប្រជាកសិករប្រុងប្រយ័ត្នពីជំងឺសារទឹក អុតក្តាម បុសខ្យល់ ដែលជាជំងឺប្រចាំរដូវ ហេតុនេះសូមនាំគោក្របីមកចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា។