សារលិខិតចូលរួមរំលែកទុក្ខ
ចេញ​ផ្សាយ ០៩ វិច្ឆិកា ២០២១
213

លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ សហការីមន្រ្តីរាជការទាំងអស់ មានអារម្មណ៍តក់ស្លុតបំផុតក្រោយពីបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតអំពីមរណភាពរបស់ ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលបានទទួលមរណភាពនៅយប់ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាល្ងាចម៉ោងប្រាំពីរនិងហាសិបនាទី ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម គុយ ម៉ារិនឌី គឺជាការបាត់បង់ស្វាមី និងជាបិតា ជាទីគោរព ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវឥស្សរជនមួយរូបដែលបានចំណាយពេលវេលា អស់មួយជីវិតរបស់ ឯកឧត្តម ពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញភារកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសបានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យកសិកម្ម និងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលយើងខ្ញុំទាំងអស់គ្នាចងចាំជាប់ជានិច្ចក្នុងក្រអៅបេះដូងនូវគុណូបការៈ ដ៏ថ្លៃថ្លានេះពុំអាចបំភ្លេចបានឡើយ។

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មានការសោកស្តាយ ប្រកបដោយសមានទុក្ខ និងក្តីសង្វេគរកទីបំផុតគ្មាន និងសូម ឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយពាំនាំដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម គុយ ម៉ារិនឌី ស្ថិតនៅតាមជួយថែរក្សាដល់ក្រុមគ្រួសារ និងបានទៅចាប់ បដិសន្ធិក្នុងសុគតិភពជារៀងរហូត។

សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារសពឯកឧត្តម គុយ ម៉ារិនឌី មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតអំពីយើងខ្ញុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter