ដំណើរក្រុមបេសកកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋានកម្មវិធី ASPIRE មកកាន់ខេត្តសៀមរាប
ចេញ​ផ្សាយ ១១ ធ្នូ ២០២១
205

ថ្ងៃសុក្រ៦រោច ខែមគិសិរ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១  លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប និងសហការី បានសម្របសម្រួលជូនដំណើរក្រុមបេសកកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋានកម្មវិធី ASPIRE ដឹកនាំដោយ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE ព្រមទាំងសហការី ចូលរួមសរុបចំនួន ៥៨ នាក់ ចុះទស្សនកិច្ចលើបណ្តុំអាជីវកម្មចិញ្ចឹមទាកែវពណ៍មានជ័យ នៅភូមិគោកពោធិ៍ ឃុំកែវពណ៍ ស្រុកពួក និងបណ្តុំអាជីវកម្មបន្លែ នៅភូមិគោកដូង សង្កាត់ក្របី ខេត្តសៀមរាប។

          មន្ត្រីអនុវត្តកម្មវិធី ASPIRE  បានរាយការណ៍ជូនដល់ក្រុមបេសកកម្មពីដំណើរការរបស់បណ្តុំអាជីវកម្ម និងអត្ថប្រយោជន៍ដែលកម្មវិធីបានផ្តល់ជូនកសិករមានដូចជា ការចែកធាតុចូល ការផ្តល់បច្ចេកទេស វគ្គបណ្តុះបណ្តាល  គាំទ្រនិងតាមដានការផលិតរបស់កសិករ និងជម្រាបពីបញ្ហាប្រឈមនានាក្នុងរដូវកាលផ្ទុះជំងឺកូវីដ១៩នេះ ។

          ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ បានជួបសំណេះសំណាល និងស្តាប់នូវមតិយោបល់ដែលបានលើកឡើងរបស់សមាជិកបណ្តុំអាជីវកម្ម ពីដំណើរការដាំដុះ ការចិញ្ចឹម បច្ចេកទេសប្រមូលផល ការលក់-ទិញ និងបញ្ហាទីផ្សារ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរកសិកម្ម ខេត្តសៀមរាប ដែលបានខិតខំយកចិត្តទុកដាក់ផ្តល់បច្ចេកទេស និងគាំទ្រ ដល់កសិករក្នុងបណ្តុំអាជីវកម្មនៃកម្មវិធី ASPIRE និងបានសំដែងនូវមនោសញ្ចេតនាសប្បាយរីករាយដែលបាន ឃើញកសិករខិតខំប្រកបរបរកសិកម្មតាមបច្ចេកទេសថ្មីដែលធន់និង ការប្រែប្រួលអាកាសធាតុ ។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានសំណូមពរដល់កសិករឲ្យធ្វើការដាំដុះនិងចិញ្ចឹមសត្វ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវជៀសវាងការប្រើប្រាស់ជីនិងថ្នាំគីមីកសិកម្មហួសកំរិត ដែលធ្វើឲ្យប៉ះពាល់ដល់ សុខភាពអតិថិជនក៏ដូចជាសម្លាប់ទីផ្សារកសិផលដោយខ្លួនឯង ។ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងសមាជិកក្រុម និងសមាជិកក្រុម ដោយការលើកទឹកចិត្តសមាជិកក្រុមផលិត និងលើកកម្ពស់ការច្នៃប្រឌិត។

ជាកិច្ចបញ្ចប់នៃកម្មវិធី លោក សួន សីលា ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីASPIREថ្នាក់ខេត្ត បានថ្លែងអំណរគុណដល់ក្រុមបេសកម្ម និងមន្ត្រីលេខាធិការដ្ឋានកម្មវិធីASPIRE បងៗកសិករ ដែលបានចំណាយពេលវេលាដ៍មានតម្លៃមកចូលរួមនៅថ្ងៃនេះ និងគោរពជូនពរអោយជួបតែសេចក្តីសុខ សេចក្តីចម្រើន ។

គណៈប្រតិភូបានបន្តចុះទៅពិនិត្យមើលការដាំបន្លែក្នុងផ្ទះសំណាញ់របស់លោក លន សាវុធ និងកសិករឈាត់ ប្រែក នៅភូមិគោកដូង សង្កាត់ក្របីរៀល  និងកសិករចិញ្ចឹមទា ឈ្មោះ ឡូត សីលា នៅភូមិគោកពោធិ ឃុំកែវព័ណ៌ ស្រុកពួក ។

ចំនួនអ្នកចូលទស្សនា
Flag Counter