ថ្ងៃសុក្រ៥រោចខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២១ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជាប្រធានគ្រប់គ្រងអនុកម្មវិធីASPIREខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំប្រចាំឆ្នាំឆ្លុះបញ្ជាំងលទ្ធផលការងារការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ឆ្នាំ២០២១ ។
កិច្ចចាប់ផ្តើមនៃកម្មវិធី លោកប្រធានមន្ទីរ បានមានមតិសួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្នាក់ងារផ្សព្វផ្សាយឃុំទាំងអស់ដែលជាចលករយ៉ាងសំខាន់ក្នុងការអនុវត្តកម្មវិធីASPIRE កន្លងទៅនេះ និងកោតសសើរចំពោះការៀបចំអោយមានកម្មវិធីក្នុងថ្ងៃនេះឡើងដើម្បី ធ្វើការបង្ហាញ នូវលទ្ធផលការងារផ្សេងៗដែលបានអនុវត្តពេញមួយឆ្នាំនេះ។
បន្ទាប់មកលោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធីASPIRE ខេត្តសៀមរាប បានឡើងធ្វើបទបង្ហាញស្តីពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២១នេះ មានដូចតទៅ៖ ទី១ បានបង្កើតបណ្តុំអាជីវកម្មចំនួន២២ កសិករទទួលផល ១ ១០៧គ្រួសារ ស្រ្តី៤២៤ ក្នុងនោះ៖អនុវិស័យដំណាំ៖ មានបណ្តុំអាជីវកម្មចំនួន ៧បណ្តុំ (បណ្តុំអាជីវកម្មស្រូវចំនួន០២ បណ្តុំអាជីវកម្មបន្លែចំនួន០៥) អនុវិស័យផលិតកម្មសត្វ៖ មានបណ្តុំអាជីវកម្មចំនួន ៧បណ្តុំ (បណ្តុំអាជីវកម្មចិញ្ចឹមមាន់ចំនួន០៤ បណ្តុំអាជីវកម្មចិញ្ចឹមទាចំនួន០១ បណ្តុំអាជីវកម្មចិញ្ចឹមគោ ១ បណ្តុំអាជីវកម្មចិញ្ចឹមជ្រូកចំនួន០១ អនុវិស័យជលផល៖ មានបណ្តុំអាជីវកម្មត្រីចំនួន ៤បណ្តុំ និងអនុវិស័យព្រៃឈើ៖ មានបណ្តុំអាជីវកម្មចំនួន ៤បណ្តុំ (បណ្តុំអាជីវកម្មឫស្សីផ្អែមចំនួន០១ បណ្តុំអាជីវកម្មដំឡូងមីចំនួន០២ បណ្តុំអាជីវកម្មចិញ្ចឹមគោបំប៉នចំនួន០១។ បានបញ្ចូលទិន្នន័យកសិករក្នុងប្រព័ន្ធ MIS ចំនួន ១ ១០៧គ្រួសារ និងបានរៀបចំវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ចនិងភាពធន់នឹងអាកាសធាតុ ៣៥៤គ្រួសារ។
បន្តមក ថ្នាក់ដឹកនាំអនុវិស័យទាំង៤ បានឡើងធ្វើបទបង្ហាញពីលទ្ធផលសកម្មភាព និងបញ្ហាប្រឈមរស់ខ្លួន ដែលបានអនុវត្តពេញមួយឆ្នាំនេះ ជូនអង្គពីធីទាំងមូលផងដែល។
ចុងបញ្ចប់ លោកទា គឹមសុទ្ធ ប្រធានមន្ទីរ បានធ្វើមតិបិតកម្មវិធី និងមានមោទកភាព ចំពោះលទ្ធផលការងារក្នុងឆ្នាំ២០២១នេះ ហើយលោកប្រធានបានស្នើសុំឱ្យក្រុមការងារបន្តខិតខំជួយបណ្តុំអាជីវកម្មដែលបានបង្កើតមកនេះ មានដំណើរការទៅបានល្អ ដើម្បីជំរុញវិស័យកសិកម្មឲ្យកាន់តែរីកចំរើន។
ក្នុងពីធីនេះមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំអនុវិស័យទាំង៤ មន្ត្រីអនុវត្តកម្មវិធីASPIRE ទីប្រឹក្សាអនុវត្តកម្មវិធីASPIRE និងភ្នាក់ងារផ្សព្វផ្សាយឃុំ ទាំង១១ស្រុក/ក្រុង សរុបចំនួន៥២នាក់ ស្រី១០នាក់ កម្មវិធីនេះប្រព្រឹត្តទៅនៅស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល។