ថ្ងៃច័ន្ទ៨រោចខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលសៀមរាប បានរៀបចំអបអរសាទរពិធីដាំកូនឈើប្រភេទព្រៃលិចទឹកក្នុងតំបន់៣ ដែននេសាទសហគមន៍នេសាទសសរស្តម្ភ នៅឃុំសសរស្តម្ភស្រុកពួកខេត្តសៀមរាប ដែលរៀបចំដាំកូនឈើលើផ្ទៃដីចំនួន ២ហិកតា មានកូនឈើប្រភេទព្រៃលិចទឹកចំនួន២០០០ដើមក្នុងនោះមាន៖ កូនរាំងចំនួន១ ៦០០ដើម ច្រកែង២០០ដើម និងដើមផ្ទោលចំនួន២០០ដើម។ ក្នុងពិធីនេះអញ្ជើញចូលរួមក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លាង មុន្នីរិទ្ធិ រដ្ឋលេខធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យ និងស្រាវជ្រាវការទន្រ្ទានដីព្រៃលិចទឹក ក្រុមទី៤ប្រចាំខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាជលផល ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យ និងស្រាវជ្រាវការទន្រ្ទានដីព្រៃលិចទឹក ក្រុមទី៥ទទួលបន្ទុកស្រុកពួក ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
ឯកឧត្តម ង៉ាន់ ភិរុណ មានប្រសាសន៍ក្នុងពិធីនេះថា៖ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ជាបន្ទាន់ អោយចុះត្រួតពិនិត្យនិងចាត់វិធានការការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបទាំង៦ខេត្ត ធ្វើការដកហូតមកវិញទាំងអស់និងស្រាវជ្រាវអ្នកពាក់ព័ន្ធ អោយទទួលទោសតាមផ្លូវច្បាប់ដោយមិនលើកលែងជាដាច់ខាត។ រាជរដ្ឋាភិបាលក៏បានរៀបចំជាក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធាន ហើយថ្នាក់ក្រោមជាតិ មានអភិបាលនៃគណៈអភិបាលខេត្តជាប្រធានក្រុមការងារ ចុះត្រួតពិនិត្យ និងទប់ស្កាត់ការទន្រ្ទានដីព្រៃលិចទឹកតំបន់៣តាមរដ្ឋបាលខេត្តរៀងៗខ្លួន។ ហើយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្តម ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិបានចុះត្រួតពិនិត្យនិងប្រជុំជាមួយក្រសួង និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត ដើម្បីកំណត់ដីព្រៃលិចទឹកតំបន់៣ដែលបានកាប់ទន្រ្ទាននិងកាន់កាប់តាមបណ្តាក្រុង ស្រុកជាប់បឹងទន្លេសាបធ្វើការដកហូតជាបន្ទាន់ជូនរដ្ឋវិញ ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនសម្រាប់ខេត្តសៀមរាបយកមកអនុវត្ត។ នៅខេត្តសៀមរាប គិតពីឆ្នាំ២០១៤រហូតដល់ឆ្នាំ២០២១នេះ ដីព្រៃលិចទឹកតំបន់៣នៅតាមក្រុង ស្រុក ត្រូវបានជនល្មើសលួចកាប់រានឈូសឆាយទន្រ្ទានអស់ចំនួន១ ៩៧០ហិកតា លើកដីជាទំនប់ប្រវែង ៤ ០៦៣ម៉ែត្រ នៅក្នុងឃុំ និងសង្កាត់ចំនួន៣០ ក្នុងស្រុកក្រឡាញ់ ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកជីក្រែង។ ជាមួយគ្នានេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុក ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃលិចទឹកបានរហូតដល់ ២០៤ករណី បានចាប់ជនល្មើសបញ្ជូនមកតុលាការបានចំនួន៣៥នាក់ ស្រាវជ្រាវសាវតាអ្នកពាក់ព័ន្ធបានចំនួន ៣៧៥នាក់ និងដកហូតវត្ថុតាងបទល្មើសបានមួយចំនួន។
ឯកឧត្តមបានជម្រាបជូននិងផ្សព្វផ្សាយដល់កម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋជ្រាបថា៖ លទ្ធផលនៃអង្គប្រជុំដែលបានដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិ បានចេញនូវវិធានការចាំបាច់ចំនួន១០ចំណុច អោយរដ្ឋបាលខេត្តសៀមរាបអនុវត្តន៍រួមមាន៖១-រដ្ឋបាលខេត្ត ត្រូវដកហូតដីដែលអ្នកមានអំណាច និងប្រជាជនចូលទន្រ្ទាននិងកាន់កាប់ទាំងអស់នៅតំបន់៣មកវិញជាបន្ទាន់ និងត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុកឃុំបញ្ឈប់ការពិនិត្យបញ្ជាក់លើលិខិតសុំ
កាន់កាប់ដីនិងលិខិតផ្ទេរសិទ្ធកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធន៍ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
២-ជូនអាជ្ញាធរទន្លេសាប ធ្វើការបោះបង្គោលព្រំមេនិងរងក្នុងតំបន់៣នៅលើទីតាំងណាមិនទាន់បានបោះឬបង្គោលដែលបានបាត់។ទន្ទឹមនឹងនេះរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវបោះបង្គោលព្រំធំក្នុងតំបន់ការពារព្រៃលិចទឹក តាមអនុក្រឹត្យលេខ ១៩៧អនក្រ. បក។
៣-ជូនអាជ្ញាធរទន្លេសាប តម្លើងប៉ាណូបង្ហាញពីតំបន់ការពារនៅតាមចំណុចសំខាន់ៗនៅទីតាំងបង្គោលដែលបានបោះ។
៤-ជូនរដ្ឋបាលខេត្ត ត្រូវទប់ស្កាត់ប្រជាជនមិនអោយចូលធ្វើការដាំដុះនៅក្នុងតំបន់៣ឡើយ ចាប់ពីពេលនេះតទៅ។
៥-ជូនរដ្ឋបាលខេត្ត ត្រូវបន្តស្រាវជ្រាវមុខសញ្ញាដែលចូលទន្រ្ទាននិងកាន់កាប់ដីតំបន់៣ ខុសច្បាប់។
៦-ផ្តល់ឪកាសជូនប្រជាពលរដ្ឋអោយធ្វើការប្រមូលផលស្រូវសិន ក្នុងករណីដែលស្រូវជិតប្រមូលផល។
៧-ជូនព្រះរាជអាជ្ញា យកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹងដែលមន្រ្តីនគរបាលយុត្តិធម៌បានកសាងនិងដាក់សំណុំរឿងរួចរាល់។
៨-ប្រគល់ជូនអាជ្ញាធរទន្លេសាប ដែលមានក្រសួងធនធានទឹក និងឧត្តុនិយមត្រូវលើកសំណើចុះបញ្ជីដីរដ្ឋក្នុងតំបន់៣ជាបន្ទាន់។
៩-ជូនអាជ្ញាធរមូលដ្ឋានសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងក្រសួងបរិស្ថាន ចាត់ចែងធ្វើការដាំដុះព្រៃលិចទឹកជាបន្ទាន់ ជាពិសេសដើមឬស្សី។
១០-រដ្ឋបាលខេត្ត ត្រូវធ្វើការប្រជុំបូកសរុបវាយតម្លៃពីសកម្មភាពការការពារនិងទប់ស្កាត់បទល្មើសការទន្រ្ទានកាន់កាប់ព្រៃលិចទឹកក្នុងតំបន់៣ជាប្រចាំខែ ជារៀងរាល់៣ខែម្តង និងប្រចាំឆ្នាំ។
ក្រោយការដាក់ចេញនូវវិធានការ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលជួយតាមក្រុង ស្រុក បានផ្សព្វផ្សាយនិងដកហូតដីព្រៃលិចទឹកតំបន់៣ គិតពីថ្ងៃទី០៨រហូតដល់ថ្ងៃទី២៤ខែធ្នូនេះ មានចំនួន ប្រជាពលរដ្ឋចំនួន ១ ២០២គ្រួសារ នៅក្នុង១៥ឃុំ និង៣សង្កាត់ បានប្រគល់ដីទំហំ ២ ៨៣៦ហត។ ដីដែលបានប្រគល់ជូនរដ្ឋវិញ នឹងធ្វើការដាំដុះព្រៃលិចទឹកឡើងវិញទាំងអស់ ដោយប្រើវិធីសាស្រ្តដាំគ្រាប់ ដាំកូនឈើ និងការពារអោយមានដំណុះធម្មជាតិឡើងវិញ។
ក្នុងនាមរដ្ឋបាលខេត្តសៀមរាប ឯកឧត្តមមានជំនឿយ៉ាងមុតមាំថាពិធីដាំព្រៃលិចទឹកក្នុងដែនព្រៃលិចទឹកតំបន់៣ទំហំ២ហិកតា ដែលមានកូនឈើចំនួន២ ០០០ដើមមានដូចជារាំងទឹក ច្រកែង និងផ្ទោល ជាការយុទ្ធនាការចាប់ផ្តើមដាំកូនឈើប្រភេទព្រៃលិចទឹកមុនគេ បន្ទាប់មកក្រុង ស្រុក សង្កាត់ ឃុំ ដែលមានដែននេសាទ ត្រូវចលនាអោយមានការចូលរួមពីសហគមន៍មូលដ្ឋាន អង្គការជាតិ អន្តរជាតិ ធ្វើការរៀបចំសកម្មភាពព្រមៗគ្នា លើដីដែលបានដកហូតនិងដីប្រគល់ជូនពីប្រជាពលរដ្ឋនិងអ្នកមានអំណាច ដើម្បីជាស្នារដៃក្នុងការថែរក្សាដីព្រៃលិចទឹក និងនិរន្តរភាពបរិស្ថាននៅតំបន់បឹងទន្លេសាបរបស់យើង។
ជាចុងក្រោយ ឯកឧត្តមសូមដាក់ជាបទបញ្ជាមួយចំនួនដូចខាងក្រោម៖
១-រដ្ឋបាលក្រុង ស្រុក ត្រូវផ្សព្វផ្សាយអោយប្រជាជននិងអ្នកមានអំណាច ដែលបានឈូសឆាយទន្រ្ទានដីព្រៃលិចទឹក ត្រូវប្រគល់ដីទាំងនោះជាបន្ទាន់ បញ្ឈប់ការពិនិត្យបញ្ជាក់លើលិខិតសុំកាន់កាប់ដីនិងលិខិតផ្ទេរសិទ្ធកាន់កាប់ដីក្នុងដែនព្រៃលិចទឹក និងចេញលិខិតបដិសេធន៍លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
២-រដ្ឋបាលក្រុង ស្រុក ត្រូវទប់ស្កាត់ប្រជាជនមិនអោយចូលធ្វើការដាំដុះនៅក្នុងតំបន់៣ឡើយ ចាប់ពីពេលនេះតទៅ។
៣-អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តស្រាវជ្រាវមុខសញ្ញានិងអត្តសញ្ញាណទាំងមន្រ្តីរាជការនិងប្រជាពលរដ្ឋដែលចូលទន្រ្ទាន និងកាន់កាប់ដីតំបន់៣ខុសច្បាប់ ហើយមិនព្រមប្រគល់ជូនរដ្ឋវិញ។
៤-រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការប្រជុំបូកសរុបវាយតម្លៃពីសកម្មភាពការការពារនិងទប់ស្កាត់បទល្មើសការទន្រ្ទានកាន់កាប់ព្រៃលិចទឹកក្នុងតំបន់៣ជាប្រចាំខែ ជារៀងរាល់៣ខែម្តង និងប្រចាំឆ្នាំ។
ជាទីបញ្ចប់ ក្នុងនាមរដ្ឋបាលខេត្ត សូមកោតសសើរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរពាក់ព័ន្ធដែលបានយកចិត្តទុកដាក់លើការងារនេះដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់កន្លងមក និងសូមប្រសិទ្ធពរជ័យ សិរីមង្គល បវរប្រសើរ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាអង្គពិធីទាំងមូលសូមជួបប្រទះនូវពុទ្ឋពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើកយុទ្ធនាការដាំព្រៃលិចទឹក តាមបណ្តាក្រុង ស្រុក ចាប់ពីពេលនេះតទៅ ៕
សមាសភាពអញ្ជើញចូលរួមមាន៖ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត លោក ប្រធាន អនុប្រធានមន្ទីរ មន្ទីរអង្គភាពនានាជុំវិញខេត្ត លោក លោកស្រី ក្រុមប្រឹក្សាស្រុកលោក លោកស្រី អភិបាលរងស្រុក នាយកទីចាត់ការ និងមន្រ្តីសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការក្រោមឱវាទសាលាស្រុក ក្រុមសហភាពសហពន្ធ័យុវជនស្រុក(សសយក) ក្រុមប្រឹក្សាឃុំសសរស្តម្ភ មុខប៉ែន និងឃុំពោធិ៍ទ្រាយ គណកម្មការសហគមន៍នេសាទ សសរស្តម្ភ មុខប៉ែននិងពោធិ៍ទ្រាយ ព្រមទាំងប្រជាពលរដ្ឋមកពីឃុំសសរស្តម្ភ មុខប៉ែននិងពោធិ៍ទ្រាយ មានអ្នកចូលរួមសរុបចំនួន៣០០នាក់ក្នុងនោះមានស្រ្តីចំនួន១៧០នាក់។